គេថាស្នេហាជារឿងមួយ ដែលធ្វើឲ្យមនុស្សសប្បាយចិត្ត ទុក្ខភ័យ ហើយក៏មានក្តីសោមនស្សដោយសារតែពាក្យនេះដែរ។ គេថាជីវិតពេញដោយសុភមង្គល់លុះត្រាណាក្តីស្នេហានោះដើរដោយរលូន ពោលគឺស្នេហា ដើរទន្ទឹមនិងការងារ តើវាជារឿងពិតដែរឬទេ?
ខ្ញុំបាទ គ្រី ភក្តី ជាបុគ្គលិកបំរើការងារនៅស្ថាប័នឯកជនមួយ ក្នុងមុខតំណែងផ្នែកទីផ្សារ បច្ចុប្បន្នរស់នៅក្នុងក្រុងភ្នំពេញ ។ រំឭកពីភាព ផ្តើមស្នេហាដំបូងរបស់ខ្ញុំ គឺស្គាល់មិត្តស្រីដែលខ្លួនស្រលាញ់តាមរយៈមិត្តភក្តិ របស់ខ្លួន ដោយគេបានណែនាំឲ្យស្គាល់ ខ្ញុំ ខណៈពេលនោះហើយ ជាពេលវេលាដែលខ្ញុំកំពុងស្វែងរកដៃគូរស្នេហា ផងដែរនោះ ក៏ចាប់ចិត្តប្រតិព័ន្ធលើរូបនាង (នាងជាបុគ្គលិកបម្រើការងារក្នុងស្ថាប័ន ហិរញ្ញិកវត្ថុមួយ ក្នុងទីក្រុងភ្នំពេញ) ដោយយើងទាំងពីរតែងតែធ្វើការទំនាក់ទំនងគ្នាតាមរយៈប្រព័ន្ធ ទូរស័ព្ទ ស្មាតម៉ូបាយ៍ ជារៀងរាល់យប់ បន្ទាប់ពីបំពេញការងាររៀងខ្លួន ហើយក៏ធ្វើដំណើរទៅណាមកណាជាមួយនឹងគ្នាទៀតផង ដោយខ្ញុំបាទ តែងតែណាត់នាងញុំអី នៅក្រៅស្របពេលដែលនាងទំនេរ។ ជីវិតស្នេហារបស់ខ្ញុំបាទគឺចាប់ផ្តើមពីចំណុចសូន្យ ដល់ លេខ មួយរយ ដោយសាងភាពផ្អែមល្អែមចំពោះគ្នាទៅវិញទៅមក ។ស្នេហារវាងខ្ញុំនិងនាង គឺផ្តើមនៅឆ្នាំ២០១០ ទល់នឹងពេលនេះគឺមានរយៈពេល ២ ឆ្នាំ ឈានចូល ៣ ឆ្នាំទៅហើយ ហើយក៏មិននឹកស្មានថា ជីវិតដៃសង្សារត្រូវរលាយតែមួយប៉ព្រិចភ្នែក ហើយក៏ជាពេលវេលាដែលធ្វើឲ្យឈឺចាប់ទាំងកណ្តាលផ្លូវ ស្ទើរតែរកវិធីស្រាយមិនចេញ។ ថ្ងៃមួយនោះនាងបានខលមកខ្ញុំថា”យើងបែកគ្នាទៅ” ដំណឹងនេះធ្វើឲ្យខ្ញុំទន់ដៃទន់ជើង រសាប់រសល់រកធ្វើអ្វីមិនត្រូវសោះឡើយ ហើយខ្ញុំក៏បានសួរពីមូលហេតុនេះដែរ តែនាងមិនព្រមប្រាប់ខ្ញុំឡើយ។ ២សប្តាហ៍ក្រោយ ទើបខ្ញុំសុំជួបនាង ដោយធ្វើដំណើរទៅកាន់ផ្ទះរបស់នាងនៅឯជាយក្រុងភ្នំពេញ ដើម្បីសុំការស្រាយបំភ្លឺថាមកពីមូលហេតុអ្វីនោះ ? ខ្ញុំក៏បានជួបនាងដូចក្តីបំណងតែលទ្ធផលគឺនៅតែអវិជ្ជមានដដែល នាងបានប្រាប់ថាម្តាយរបស់នាង បានលើកនាង ឲ្យទៅគេហើយ តែបើសិនជា ចង់រស់នៅជាមួយនឹងបងឯង ទោះបីចង់ការយ៉ាងណា យ៉ាងណី ក៏គាត់មិនព្រមទទួលស្គាល់ឡើយ ។នាងប្រាប់ទៀតថា ម្តាយរបស់នាងគឺពេញចិត្ត និងដាច់ខាត់ត្រូវតែឲ្យកូនស្រីរបស់ខ្លួនរៀបការជាមួយនឹង មន្ត្រីផ្នែកទីផ្សាររបស់ ស្ថាប័ន ហិរិញ្ជិកវត្ថុ ដែលរួមដំបូលការងារជាមួយនឹងនាង ។ ភាពសោះកក្រោះបានធ្លាក់មកលើខ្លួនខ្ញុំហើយ ខ្ញុំស្ទើរតែគាំងបេះដូងនៅមុខនាងទៅហើយ ។វិលត្រលប់មកផ្ទះស្នាក់នៅក្នុងក្រុងភ្នំពេញ កង់ម៉ូតូដែលកកិតនឹងថ្នល់ បាននាំខ្ញុំមក ដល់ផ្ទះ តែអារម្មណ៍របស់ខ្ញុំ មិនបានស្ថិតនៅ ដើម្បីបញ្ជាចង្កូតម៉ូតូឡើយ ។ ព្រះអើយ! តើខ្ញុំខុសអ្វី? ដំណឹងមួយនេះ ក៏បានធ្លាយដល់អ្នកផ្ទះខ្ញុំដែរ ម្តាយរបស់ខ្ញុំទ្រហោយំ ខណៈដែល ឮដំណឹងថា ខ្ញុំបានបែកពីនាង ព្រោះថា នាងធ្លាប់បានទៅលេងផ្ទះរបស់ខ្ញុំ ហើយបងប្អូន ម្តាយឳពុករបស់ខ្ញុំក៏ពេញចិត្ត និងនាងផងដែរ ហើយក៏គ្រោងឈានដំណើរទៅកាន់រោងការដែរ តែក្តីស្រម៉ៃមួយនេះគឹត្រឹមតែពាក់កណ្តាលផ្លូវតែប៉ុណ្ណោះ ដោយគាំងទ្រឹង មិនអាចទៅមុខរួចឡើយ ។
អ្វីគ្រប់យ៉ាងគឺគ្រាន់តែជាក្តីស្រម៉ៃតែប៉ុណ្ណោះ តែសំខាន់ពេលនេះតើខ្ញុំគួរធ្វើយ៉ាងណា? ៕
មតិយោបល់