ព័ត៌មានជាតិ

អា​ម៉ុក​​ម្ហូ​ប​ខ្មែ​រ​ជា​ប់​សែ​ស្រ​លា​យ​ថៃ​?​

អាម៉ុក គឺជាមុខម្ហូប មួយប្រភេទ ដែលខ្មែរយើងចូលចិត្ត យកទៅអួតអាង ប្រាប់បរទេសថាជាម្ហូបប្រចាំជាតិ។ តាមការសង្កេតឃើញជាក់ស្តែង អាម៉ុកត្រូវបានលើកតម្កើង ឲ្យក្លាយជាម្ហូបមួយ ដែលមានលក្ខណៈថ្លៃថ្នូរ ជាងម្ហូបណាៗ ទាំងអស់ ក្នុងសង្គមខ្មែរ ព្រោះគេមិនឃើញមានលក់ នៅតាមទីផ្សារសាធារណៈ ឬតូបលក់បាយតូចតាច នោះទេ គឺភាគច្រើនមានតែ ក្នុងអាហាដ្ឋាន ឬភោជនីយដ្ឋានធំៗ ដែលមានលក្ខណៈជាតិ និងអន្តរជាតិ សម្រាប់ទាក់ទាញ ភ្ញៀវទេសចរ ពិសេសទេសចរបរទេស។
និយាយពីប្រភពកំណើត របស់អាម៉ុក ក៏ដូចជាម្ហូបខ្មែរផ្សេងៗទៀត គឺពុំទាន់មានឯកសារ ស្រាវជ្រាវណាមួយ បញ្ជាក់ច្បាស់ ពីប្រវត្តិជាប់ទាក់ទង នឹងមុខម្ហូបទាំងនេះឡើយ។ ឯកសារបរទេសជាច្រើន បានវាយតម្លៃយ៉ាងទាប មកលើម្ហូបខ្មែរថា ខ្មែរគ្មានម្ហូបជារបស់ខ្លួនឯងទេ គឺភាគច្រើនទទួលឥទ្ធិពលពីប្រទេសជិតខាងដូចជា ថៃ លាវ និងវៀតណាម។ ក្នុងនោះ តាមរយៈជនជាតិចិនក្នុងស្រុក, ខ្មែរក៏ទទួលឥទ្ធិពល ពីប្រទេសនេះមិនតិចដែរ។ មិនតែប៉ុណ្ណោះ ឥទ្ធិពលរបស់ប្រទេសបារាំង ក៏បានចាប់ផ្តើម លាបពណ៌មកលើម្ហូបខ្មែរ តាំងពីសម័យ អាណានិគមមកម្ល៉េះ។
បើក្រឡេកមើលទៅ ប្រទេសជិតខាងយើង សម្រាប់មុខម្ហូប អាម៉ុក ពិតជាមិនមែន មានតែនៅខ្មែរនោះទេ ប្រទេសថៃ និងប្រទេសលាវក៏មានដូចគ្នា។ ក្នុងនោះប្រទេសថៃហៅ អាម៉ុកថា «ហហ្មុក» ឯប្រទេសលាវ ហៅថា «ហ្មុក»។ ទាក់ទងនឹង ការហៅឈ្មោះនេះ វចនា- នុក្រមជួនណាត ទំព័រ ១៥១២ បោះពុម្ពឆ្នាំ ១៩៦៧ បានបញ្ជាក់ យ៉ាងច្បាស់ថា គួរកុំច្រឡំហៅអាម៉ុក ព្រោះជា សម្តីពុំគួរសោះឡើយ(អាសគ្រាម)។ ក្នុងវចនានុក្រមដដែលនេះ បានសំណូមពរ ឲ្យហៅអាហារនេះ ដូចថៃហៅដែរ គឺ «ហហ្មុក» ដោយបានបញ្ជាក់ ពីប្រភពកំណើតរបស់ពាក្យនេះថា ជាពាក្យរបស់សៀម គឺ «ហ» មានន័យថា ខ្ចប់ ឯ «ហ្មុក» ប្រែថា កប់។ ទន្ទឹមនឹងនេះ វចនានុក្រមជួនណាត បានពន្យល់យ៉ាងលម្អិត លើអត្ថន័យរបស់ពាក្យនេះថា ជាឈ្មោះម្ហូបមួយប្រភេទ ធ្វើដោយត្រីស្រស់ផ្សំគ្រឿង មានកាពិបុកនិងខ្ទិះដូងជាដើម ដោយគេយកវាទៅខ្ចប់ចំហុយ ដូចជា ហហ្មុកត្រីរ៉ស់, ហហ្មុកត្រីអណ្តែងដាក់ស្លឹកញ។
ផ្ទុយនឹងទស្សនៈ របស់សម្តេចព្រះសង្ឃរាជ ជួនណាត អ្នកស្រី កែវ ចន្ទបូរណ៍ អ្នកនិពន្ធខ្មែរនៅសហរដ្ឋអាមេរិក បានឲ្យទស្សនៈថា៖ «ខ្ញុំនៅមិនទទួលដដែលថា ពាក្យនេះជាពាក្យសៀម ព្រោះថា ស្រុកយើងបានហៅ ឈ្មោះនេះពេញស្រុកខ្មែរ ជុំវិញទន្លេសាប ឬ សូម្បីតែនៅក្នុងតំបន់ ដែលមិនធ្លាប់មានសៀមកាន់កាប់។ ខ្មែរយើងខ្លះ ចូលចិត្តឲ្យតម្លៃខ្ពស់ ទៅប្រទេសគេ ភាសាគេ វប្បធម៌ ដោយការបង្អាប់ ឬបំបាត់ ចំណេះចេះដឹង ដែលជាមូលដ្ឋាន ឫសគល់ របស់ជាតិយើង។
ទាក់ទិននឹងប្រភពពាក្យនេះ គួរឲ្យនឹកឆ្ងល់ថា បើ «ហហ្មុក» ជាពាក្យខ្មែរ តើ «ហ» មួយម៉ាត់ មានន័យដូចម្តេច? ចុះ «ហ្មុក» វិញ? បើយោងតាមការប្រើប្រាស់ជាក់ស្តែងក្នុងភាសាថៃ ពាក្យថា «ហហ្មុក» នេះ គឺពិតជាពាក្យថៃ ដូចវចនានុក្រមជួនណាត សរសេរនោះហើយ ព្រោះថៃគេសរសេរថា «ห่อหมก» ហើយដែលខ្មែរយើង យកពាក្យគេមកប្រើ ដោយនៅរក្សាតាមទម្រង់ដើមទាំងស្រុង។ ដូចពាក្យ «ห่อ» ទៅជា «ហ» និងពាក្យ «หมก» ទៅជា «ហ្មុក» ដែលសំខាន់គឺពាក្យ «ហ្មុក» ចុងក្រោយនេះ ដែលមិនសរសេរជា «ម៉ុក» ព្រោះថៃគេសរសេរ មាន «ហ» នាំមុខ។ សម្រាប់ពាក្យថៃទាំង «ហ» ទាំង «ហ្មុក» សុទ្ធតែមានន័យទាំងអស់គឺ «ហ» មានន័យថា «វេចឬខ្ចប់» ឯ «ហ្មុក» មានន័យថា «កប់, ដុត ឬចំហុយ» បើហហ្មុកត្រី គឺខ្ចប់ត្រីនេះឯង ដែលត្រូវនឹងន័យ របស់ម្ហូបខ្មែរដូចគ្នា គឺខ្ចប់ត្រីនៅក្នុង កន្ទោងស្លឹកចេក ឬ ស្លឹកញ ហើយដាក់ចំហុយ។
ដើម្បីនឹងឆ្លើយតបចម្ងល់នេះ អ្នកស្រី កែវ ច័ន្ទបូរណ៍ បានផ្តល់ការពន្យល់ថា៖ «ការពិត ហហ្មុក ជាពាក្យកួយ ដែលមានសំនៀងដើមហៅថា លម៉ុ ឬ ឡាម៉ុ) ជាពាក្យខ្មែរដើមម្ចាស់ស្រុកមួយក្រុម ដែលរស់នៅ នៅម្តុំខាងជើង និងម្តុំពាយព្យ នៃទន្លេសាបប្រទេសខ្មែរ ដែលជាតំបន់បរិបូណ៌ ដោយភោគផលត្រី យកសាច់ត្រី ធ្វើជាប្រហុក ធ្វើគ្រឿងផ្សំអាហារ ឆ្ងាញ់ៗ បានច្រើនបែបច្រើនយ៉ាង មានទឹកគ្រឿង នំបញ្ចុកសំឡខ្មែរ និងលម៉ុ នេះ ជាដើម។ សៀមបានចូលមក លុកលុយប្រទេសយើង សម្លាប់អ្នកប្រាជ្ញយើង ហើយបានប្រមូល ក្បួនសាស្រ្តារបស់យើង ជាច្រើនទៅប្រទេសគេ រួចសល់ខានប៉ុន្មាន ដែលស្ពាយមិនរួច ក៏ដុតចោល ដើម្បីបំបាត់វប្បធម៌ដើមរ បស់យើង។ លុះចំណេរក្រោយមក យើងឃើញតែ សៀវភៅ ដែល ចេញផ្សាយពី ប្រទេសសៀមមកវិញ តែពុំមានចេញពីសៀវភៅ ដែលតម្កល់ នៅក្នុងប្រទេសយើង ដើម្បីរក្សាគ្រឹះមូលដ្ឋានជាតិ ម៉្លោះហើយ យើងក៏ប្រែក្លាយទៅជនកម្ចី លួចខ្ចីពាក្យគេមកប្រើវិញ ដោយស្វ័យប្រវត្តិ។ ហើយនៅបច្ចុប្បន្ននេះទៀត តើយើងមានសិក្សាទេថា តើជាតិខ្មែរកន្លងមក បានត្រូវឆ្លងកាត់សង្គ្រាម ដោយសារជាតិជិតខាង ឈ្លានពានច្រើនប៉ុណ្ណា? ហើយសង្គ្រាមនីមួយៗ បានធ្វើឲ្យអ្នកប្រាជ្ញខ្មែរ ស្លាប់អស់ប៉ុណ្ណា? ហើយ បណ្ណាល័យ អក្សរសាស្រ្ត វប្បធម៌ជាតិខ្មែរ ត្រូវគេរំលត់រំលាយចោល អស់ប៉ុណ្ណា ដោយស្នាដៃបរទេសរំលត់ ឬស្នាដៃបុគ្គលក្បត់ជាតិខ្លួន បំផ្លិចបំផ្លាញ ព្រោះតែគេត្រេកថ្កើង ទទួលស្គាល់តែរបស់អ្វីៗ មកពីបរទេសទាំងភាសា វប្បធម៌ និង សម្ភារៈ។»
ដូចគ្នានេះដែរ តាមរយៈសៀវភៅ Southeast Asian Food របស់ Rosemary Brissenden ដែលបោះពុម្ព ក្នុងឆ្នាំ ២០០៣ បានសរសេរក្នុងទំព័រ ៤៧០ លើមុខម្ហូបអាម៉ុកថា «This dish appears in much the same form in Cambodia, Laos and Thailand but had its own origin, I suspect, as a classic Khmer dish. Called “Ho Mok” in Thailand and “Mawk” in Laos, it is often made there with egg to produce a savory custard. The egg version appear in Khmer cuisine too,…» (ម្ហូបនេះគេឃើញ មានដូចគ្នានៅកម្ពុជា, លាវ និងថៃ ប៉ុន្តែមាន លក្ខណៈប្រចាំជាតិ របស់គេរៀងៗខ្លួន។ ចំពោះខ្ញុំ ខ្ញុំជឿជាក់ថា វាជាម្ហូបដើមរបស់ខ្មែរ។ ម្ហូបនេះនៅស្រុកថៃគេហៅថា «ហហ្មុក» ឯនៅលាវគេហៅថា «ហ្មុក» ដែលជាទូទៅគេចម្អិនជាមួយស៊ុត ដើម្បីឲ្យបានរសជាតិស្អិតល្មួត។ ចំពោះអាម៉ុកធ្វើដោយស៊ុត នៅស្រុកខ្មែរក៏គេឃើញមានដែរ…)។
ស្របគ្នានឹងមតិអ្នកស្រី កែវ ចន្ទបូរណ៌ សៀវភៅដដែលបានបញ្ជាក់ក្នុងទំព័រ ៤៥៨ទៀតថា «Given Cambodia’s history and its geographical position, it is not surprising to find that many of its dishes are similar to those from other parts of Southeast Asia. Indeed the impressive reach of the Khmer Empire, based at Angkor during the 9th to 15th centuries, over large sections of modern Thailand, Laos and present day Vietnam, raises the possibility that several of these dishes maybe Cambodian in origin.» (តាមរយៈប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ របស់ប្រទេសកម្ពុជា គ្មានអ្វីប្លែកទេដែលគេឃើញថា ម្ហូបជាច្រើនរបស់ខ្មែរ មានលក្ខណៈប្រហាក់ប្រហែលគ្នា នឹងប្រទេសជិតខាង ក្នុងតំបន់អាស៊ីអាគ្នេហ៍។ ជាការពិត ស្លាកស្នាមប្រវត្តិសាស្ត្រ នៃអាណាចក្រខ្មែរ ដែលមានទីតាំងក្នុងតំបន់អង្គរ ពីសតវត្សទី ៩ ដល់ ១៥ បានវាតទីគ្របដណ្តប់ លើតំបន់ជាច្រើន ក្នុងប្រទេសថៃ លាវ និងវៀតណាមបច្ចុបន្ន ដែលភស្តុតាងនេះអាចឲ្យគេអះអាងបានថា ម្ហូបទាំងនោះ មានប្រភពដើម នៅប្រទេសកម្ពុជា។)
បើសង្កេតលើលក្ខណៈរូបរាង វិធីធ្វើ និង គ្រឿងផ្សំ អាម៉ុករបស់ប្រទេសទាំងបីនេះ ក៏ពុំមានលក្ខណៈអ្វី ខុសគ្នាច្រើនដែរ គឺគ្រាន់តែខុសលើផ្នែករសជាតិ និងរូបរាងខ្លះៗទៅតាមតំបន់ និងការនិយមរបស់ជនជាតិ ក្នុងប្រទេសនីមួយៗ ប៉ុណ្ណោះ។ ដោយឡែក ក្នុងប្រទេសលាវ គេឃើញមានអាម៉ុកច្រើនប្រភេទដូចជា ហ្មុកប៉ា(អាម៉ុកត្រី) ហ្មុកខៃ(អាម៉ុកស៊ុត) ហ្មុកប៉ាឌែក(អាម៉ុកប្រហុក) ហ្មុកណម៉ៃ(អាម៉ុកទំពាំង)… ខណៈដែលប្រទេសថៃ និង កម្ពុជា ពុំសូវនិយមលើ អាម៉ុកបីប្រភេទ ចុងក្រោយនេះប៉ុន្មានទេ។
ទាក់ទិននឹងវិធីធ្វើនេះ អ្នកស្រីកែវ ច័ន្ទ បូរណ៍ បានប្រាប់ពី ប្រវត្តិនៃការចម្អិន អាម៉ុកខ្មែរ ដ៏គួរឲ្យចាប់អារម្មណ៍ ថា៖ «កាលជំនាន់មុន គេច្រើនចំហុយអាហារនេះ ដោយសាច់ត្រីដំរី ប្រហុក ខ្ទិះដូង និងគ្រឿងសម្លខ្ទិះ តែដោយ ត្រីដំរីជាត្រីកម្រ អ្នកប្រាជ្ញជំនាន់ដើមបាន សរសេរប្រឌិត រឿង «មរណមាតា» ឡើង ដើម្បីខារខាំងចិត្តមនុស្ស កុំឲ្យសម្លាប់ត្រីដំរី ព្រោះខ្លាចបាត់បង់ពូជត្រីជំពូកនេះ។ ដោយមូលហេតុនេះហើយ ទើបយើងឃើញ ចុងភៅសម័យក្រោយៗ យកសាច់ត្រីរ៉ស់ ត្រីឆ្តោរ ធ្វើជំនួសវិញ។ លុះត្រីរ៉ស់ ត្រីឆ្តោរ កាន់តែពាយទៅ ចុងភៅក៏ចេះតែ ច្នៃប្រឌិតថែមទៀត ដោយដាក់សាច់មាន់ សាច់ត្រីឌៀប ត្រីផ្លានីន ជាដើម។»
សរុបមក មានការយល់ឃើញ ជាច្រើនទាក់ទងនឹង ប្រភពកំណើតរបស់ម្ហូបឈ្មោះ អាម៉ុក ឬ ហហ្មុកនេះ។ យោងតាមប្រវត្តិសាស្ត្រ មិនតិចនាក់ទេបានឲ្យតម្លៃមកលើខ្មែរ ថាជាប្រទេសដើមកំណើត នៃមុខម្ហូបឈ្មោះអាម៉ុក និងម្ហូបដទៃៗទៀត។ ក្នុងស្មារតីជាតិនិយម ទស្សនៈរបស់អ្នកស្រី កែវ ច័ន្ទបូរណ៍ ជាទស្សនៈមួយ ដែលគួរឲ្យចាប់អារម្មណ៍ជាងគេ។ តែបើយោងតាមភស្តុតាង លើផ្នែកភាសា ដែលមានប្រើជាក់ស្តែង ក្នុងពេលបច្ចុប្បន្ននេះ ប្រភពកំណើតរបស់អាម៉ុក ឬហហ្មុក ក្នុងវចនានុក្រមជួនណាត គួរតែអាចយកជាការបាន។ ដូច្នេះ អាម៉ុក ជាម្ហូបខ្មែរដែលជាប់ខ្សែស្រលាយថៃ ឬយ៉ាងណានោះ សូមប្រិយមិត្តពិចារណា ដោយវិចារណញ្ញាណ តាមការគួរផងចុះ៕

អត្ថបទដោយ៖ សួង ម៉ាក់

ប្រភព៖chanbokeo

មតិយោបល់