ភ្នំពេញៈ នាព្រឹកថ្ងៃទី២៩ ខែសីហា នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ ដើម្បីពិនិត្យនិងផ្តល់ការយល់ព្រមលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិសមាហរណកម្មតំបន់ឆ្នេរ ផែនការរៀបចំដែនដីខេត្តព្រះសីហនុ និងផែនការរៀបចំដែនដីខេត្តបាត់ដំបង។
ចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ និងតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលដែលជាអនុប្រធាន អនុប្រធានអចិន្រ្តៃយ៍ និងសមាជិក នៃគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មខេត្តបាត់ដំបង តំណាងអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ សរុបសមាជិកអង្គប្រជុំប្រមាណជាង ៨០ រូប។
ទេសរដ្ឋមន្រ្តី ជា សុផារ៉ា ប្រធានអង្គប្រជុំបានមានមតិស្វាគមន៍ និងកោតសរសើរចំពោះគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មខេត្តព្រះសីហនុ និងខេត្តបាត់ដំបង និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានសហការគ្នាយ៉ាងយកចិត្តទុកដាក់ក្នុងការសិក្សាសេចក្តីព្រាងយុទ្ធសាស្រ្តជាតិសមាហរណកម្មតំបន់ឆ្នេរ ផែនការរៀបចំដែនដីខេត្តព្រះសីហនុ និងផែនការរៀបចំដែនដីខេត្តបាត់ដំបង និងបានរៀបចំកិច្ចប្រជុំពិនិត្យនិងផ្តល់ការយល់ព្រមនាពេលនេះ ស្របតាមអនុក្រឹត្យលេខ ៧៧ អនក្រ.បក ស្តីពីការបង្កើត គណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។
១. សេចក្តីព្រាងយុទ្ធសាស្រ្តជាតិសមាហរណកម្មតំបន់ឆ្នេរ និងផែនការរៀបចំដែនដីខេត្តព្រះសីហនុត្រូវបានរៀបចំ ឡើងដោយគណៈកម្មការអន្តរក្រសួង ដែលដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ( JICA )ដែលមានក្រុមអ្នកជំនាញជប៉ុនចំនួន១៩រូប។ យុទ្ធសាស្ត្រជាតិសមាហរណកម្មតំបន់ឆ្នេរមានចក្ខុវិស័យចំនួន០៤រហូតដល់ឆ្នាំ២០៣០គឺៈ ១).ពង្រឹងច្រកចេញចូលជាតិសម្រាប់ពាណិជ្ជកម្មអន្តរជាតិដ៏ទំនើប ដើម្បីការអភិវឌ្ឍជាតិនិងតំបន់ ២).សម្របសម្រួលសេដ្ឋកិច្ចនិងឧស្សាហកម្មក្នុងតំបន់ទាំងមូល ដែលមានលក្ខណៈ ភូមិសាស្រ្តពិសេសនៃតំបន់ឆ្នេរ ៣).ការអភិរក្សបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាពនិងផាសុកភាព និង ៤).ការគ្រប់គ្រងល្អនូវសោភណភាពនិងកេរ្តិដំណែលនៃធនធានតំបន់ឆ្នេរសម្រាប់មនុស្សជំនាន់ក្រោយ។ លំអិតបន្តពីនេះ ផែនការរៀបចំដែនដីខេត្តព្រះសីហនុមានចក្ខុវិស័យចំនួន០៥ រហូតដល់ឆ្នាំ២០៣០គឺៈ ១).ជាច្រកចេញចូលជាតិសម្រាប់ ពាណិជ្ជកម្មអន្តរជាតិ មុខងារសេដ្ឋកិច្ចនិងបច្ចេកវិទ្យា ២).ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដើម្បីកំណើនជាតិតាមរយៈសកម្មភាពសេដ្ឋកិច្ចនិងសេវាកម្មក្រុងចម្រុះ ៣).ជាមជ្ឈមណ្ឌលភ័ស្តុភារជាតិដែលផ្សារភា្ជប់ទៅនឹងទីផ្សារពិភពលោក ៤).ជាមជ្ឈមណ្ឌលឧស្សាហកម្មដែលមានសហគ្រាសនិងកសិឧស្សាកម្មទំនើបៗ និង ៥).ជារមណីយដា្ឋនសមុទ្រដ៏ល្បីល្បាញកម្រិតអន្តរជាតិដែលមានលក្ខណៈសុខដុមរមនាជាមួយបរិសា្ថនរស់រវីក។ បន្ទាប់ពីនេះ មានយុទ្ធសាស្រ្តអភិវឌ្ឍនិងអភិរក្ស គម្រោង អភិវឌ្ឍ គម្រោងអាទិភាព អនុសាសន៍និងផែនការសកម្មភាព សម្រាប់អនុវត្តរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ ការសិក្សានេះ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមគោលការណ៍នៃគោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
២. សេចក្តីព្រាងផែនការរៀបចំដែនដីខេត្តបាត់ដំបងត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មខេត្តបាត់ដំបង ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបាត់ដំបងជាអង្គភាពស្នូលបច្ចេកទេសនិងមានការចូលរួមពីស្ថាប័ន មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ជាមួយការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការ KAS និង អង្គការ GIZ (កាលពីមុនគឺ DED)។ សេចក្តីព្រាងផែនការរៀបចំដែនដីខេត្តបាត់ដំបង មានចក្ខុវិស័យចំនួន០៥ រហូតដល់ឆ្នាំ២០៣០ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រមាណ ២.០០០.០០០ (ពីរលាន) នាក់ គឺ៖ ១).លើកស្ទួយវិស័យកសិកម្ម បង្កើនទិន្នផល និងគុណភាព ២).មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ៣).ជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ ៤).អភិបាលកិច្ចល្អ និងអភិវឌ្ឍន៍ធនធានមនុស្ស និង ៥)ការការពារវប្បធម៌ និងធនធានធម្មជាតិ ព្រមទាំងមានយុទ្ធសាស្រ្តអភិវឌ្ឍតាមវិស័យចំនួន០៦ គឺ៖ ១).ការគ្រប់គ្រងទីជម្រាលប្រកបដោយនិរន្តរភាព ២).ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ៣).ការអភិវឌ្ឍប្រព័ន្ធគមនាគមន៍ប្រកបដោយប្រសិទ្ធភាព ៤).ការផ្គត់ផ្គង់ថាមពល និងការអភិវឌ្ឍឧស្សាហកម្ម ៥).ការគ្រប់គ្រង នគរូបនីយកម្ម និងមុខងាររបស់ទីប្រជុំជន និង ៦).ការអភិវឌ្ឍទេសចរណ៍។
៣. ការជម្រុញការអនុវត្តផែនការប្រើប្រាស់ដីនៅក្នុងសង្កាត់ ឃុំចំនួន ៦២ ដែលបានអនុម័តរួច និងជម្រុញការរៀបចំបញ្ចប់សេចក្តីព្រាងផែនការប្រើប្រាស់ដីក្នុងសង្កាត់ ឃុំចំនួន ៥៧ ដែលនៅសល់។
ជារួមសេចក្តីព្រាងយុទ្ធសាស្រ្តជាតិសមាហរណកម្មតំបន់ឆ្នេរ ផែនការរៀបចំដែនដីខេត្តព្រះសីហនុ និងផែនការរៀបចំដែនដីខេត្តបាត់ដំបង និងផែនការប្រើប្រាស់ដីនៅក្នុងសង្កាត់ ឃុំទាំង៦២ នឹងត្រូវបានប្រើប្រាស់ជាឯកសារគោលដែលបានកំណត់ច្បាស់អំពីចក្ខុវិស័យ យុទ្ធសាស្រ្ត និងផែនការសកម្មភាពអនុវត្ត សម្រាប់ធានាការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាព និងប្រសិទ្ធភាពនៅតាមតំបន់ ខេត្ត និងសង្កាត់ ឃុំគោលដៅ។ ឯកសារទាំងនេះមិនត្រឹមតែជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការតម្រង់ទិសដល់ការអភិវឌ្ឍនិងការវិនិយោគពីផ្នែករដ្ឋនិងឯកជនទេ ថែមទាំងជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញការវិនិយោគធំៗក្នុងការរួមចំណែកអភិវឌ្ឍក្នុងតំបន់ ក្នុងខេត្ត និងសង្កាត់ ឃុំ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងបង្កើនការងារ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។
ជាលទ្ធផល អង្គប្រជុំបានសម្រេចឯកភាពគាំទ្រនិងផ្តល់ការយល់ព្រមលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិសមាហរណកម្មតំបន់ឆ្នេរ ផែនការរៀបចំដែនដីខេត្តព្រះសីហនុ និងផែនការរៀបចំដែនដីខេត្តបាត់ដំបង។ ចំពោះផែនការប្រើប្រាស់ដីនៅក្នុងសង្កាត់ ឃុំទាំង៦២ ដែលបានអនុម័ត និងដាក់ឲ្យប្រើប្រាស់រួច អគ្គលេខាធិការដា្ឋនត្រូវរៀបចំចុះ បណ្តុះបណ្តាលអំពីការប្រើប្រាស់ និងអនុវត្តផែនការដល់មន្ត្រីមូលដ្ឋានផ្ទាល់។ ជាមួយគ្នានោះដែរ ទេសរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សម្រាប់ការងារអនុវត្តជាក់ស្តែងនាពេលខាងមុខ ព្រមទាំងកោតសរសើរចំពោះលទ្ធផលសម្រេចបានកន្លងមក និងជំរុញប្រសិទ្ធភាពការអនុវត្តការងាររបស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មគ្រប់កម្រិត ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា៕
មតិយោបល់