ស​ម្លៀ​ក​​បំ​ពា​ក់​​ខ្មែ​រ​​នា​​ស​ម័​យ​​បុ​រេ​​ប្រ​វ​ត្តិ​សា​ស្ត្រ​

ឆ្លងកាត់ រយៈកាល​ជិត​មួយ​សតវត្ស​ទៅហើយ មតិ​មហាជន​បារាំង និង​ខ្មែរ​មួយចំនួន​ធំ​នៅ​តែ​ជឿថា គឺ​ជនជាតិ​ឥណ្ឌា​ទេ ដែល​បាន​បង្ហាត់បង្រៀន​ខ្មែរ​ឱ្យ​ចេះ​ស្លៀកពាក់​ចាប់តាំងពី​ដើម​ស​.​វ​.​ទី ១ នៃ​គ​.​ស​មក ព្រោះ​ថា​មុន​នេះ ខ្មែរ​ដើរ​ស្រាត​លែងខ្លួន​ទទេ ។ តាមពិត ទៅ ការអះអាង​នេះ គឺ​បណ្តាលមកពី​ការ​សំអាង​ទៅ​លើ​កំណត់ហេតុ​ចិន​ស្តីពី​ឥណ្ឌា​រូបនីយកម្ម​នៃ ប្រទេស​កម្ពុជា​បុរាណ គឺ​នគរ​គោកធ្លក ដែល​ចិន​បាន​ឱ្យឈ្មោះ​ថា ហ្វូណន ឬ នគរ​ភ្នំ នោះ ។ ជា​ភស្តុតាង​នៃ​ការអះអាង គេ​ក៏​បាន​លើកឡើង​ដោយ​យោង​លើ​កំណត់ហេតុ​ចិន ខាងលើ​នេះ​ថា គឺ​ព្រះបាទ ហ៊ុន ទៀន ទេ ដែល​បាន​យក​សំពត់​មក​ស្លៀក​ឱ្យ​ប្រពន្ធ​របស់​ទ្រង់​ជា​លើក​ដំបូង​បង្អស់ គឺ​ព្រះ​នាង លីវ យី រាជបុត្រី​ម្ចាស់​ស្រុក ។​

​ទស្សនៈ​បែបនេះ​ត្រូវបាន​ប្រវត្តិវិទូ​ចាត់ទុកថា ជា​ការភ័ន្តច្រឡំ​មួយ ពីព្រោះ​វា​គ្រាន់តែ​ជា​ជ្រុង​មួយ​នៃ​ការពិត​តែប៉ុណ្ណោះ ពោល​គឺ​មិនមែន​ជា​ការពិត​ទាំងស្រុង​នោះ​ទេ ។​

​តាមពិតទៅ មុន​ការទទួល​វប្បធម៌​ក្លិង្គ ពោល​គឺ​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​ម្ល៉េះ​ដូច​បងប្អូន​ខ្មែរលើ សព្វថ្ងៃនេះ ជនជាតិ​ខ្មែរ​យើង​បាន​ចេះ​និយម​សម្លៀក​បំពាក់​រួចជាស្រេច​ទៅហើយ ដូច​ជា​ការប្រើប្រាស់​ប៉ឹង​វែង​ឬ​ខ្លី និង​សំពត់ ដើម្បី​បិទបាំង​កេរ្តិ៍ខ្មាស់ និង​លំអ​រូបរាងកាយ ឬ​ក៏​គ្រាន់តែ​ដើម្បី​ការពារ​អាកាសធាតុ​តែប៉ុណ្ណោះ ។​

​ម្យ៉ាងវិញទៀត​គួរ​គូសបញ្ជាក់​ផងដែរ​ថា នៅ​ដើម​ស​.​វ​ទី ១ នៃ​គ​.​ស​ទើប​មាន​ការនិយម​ក្បិន​តាមរបៀប​ពួក​ព្រាហ្មណ៍​ឥណ្ឌា ដែល​មាន​ប្រភព​ចេញពី​ឥណ្ឌា​ខាងត្បូង ហើយ​វា​ក៏​ជា​ប្រពៃណី​មួយ​នៅ​រស់​រវើក​រហូតមក​ដល់​សព្វថ្ងៃ​នេះ​ដែរ​នៅ​ប្រទេស ឥណ្ឌា​ខាងត្បូង ក៏​ដូច​នៅ​ប្រទេស​កម្ពុជា ។ ដូច្នេះ ការ​ដែល​និយាយថា ជនជាតិ​ខ្មែរ​យើង​មិនចេះ​ស្លៀកពាក់​មុន​ឥទ្ធិពល​ឥណ្ឌា​នោះ ពំនោល​នេះ​គឺជា​រឿង​មិន​ពិត​ទាល់តែ សោះ ។ ការដែល​ជនជាតិ​ខ្មែរ​កាន់​ទំនៀមទម្លាប់​តាមបែប​ឥណ្ឌា ពុំមែន​មានន័យថា ខ្មែរ​គ្មាន​សម្លៀកបំពាក់​ប្រចាំ​ជាតិ​របស់​ខ្លួន​នោះ​ទេ ។ ក្រោម​មេឃ​លើ​ដី​នេះ គ្មាន​ជនជាតិ​ណា​ដែល​ដើរ​ស្រាត​ទេ ឬ​ក៏​បាន​បង្កើតឡើង​នូវ​វប្បធម៌​របស់​ខ្លួន​ដោយ​គ្មាន​ការទទួល​ឥទ្ធិពល មក​ពី​ខាងក្រៅ​នោះទេ ។​

​នៅពេល​ដែល​សួរថា តើ​មាន​ភ័ស្តុតាង​អ្វី​ដើម្បី​បញ្ជាក់​បញ្ហា​នេះ​ទេ ? យើង​សូម​ធ្វើការ​លាតត្រដាង​នូវ​ទិន្នន័យ​ថ្មី​មួយចំនួន​ដែល​ជា​លទ្ធផល​នៃ ការវិភាគ​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ​ដែល​គេ​បាន​រកឃើញ​នៅ​ក្នុង​ស្ថានីយ មួយចំនួន​ដែល​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា ថៃ និង​យួន​ខាងត្បូង​បច្ចុប្បន្ននេះ ដែល​ដើមឡើយ​ជា​ទីតាំង​ដែល​បុព្វបុរស​ខ្មែរ​បាន​រស់នៅ ។​

​ជាទូទៅ ការប្រើប្រាស់​នូវ​សម្លៀក​បំពាក់​ត្រូវគេ​ពិនិត្យ​ឃើញ​តាមរយៈ​វត្ថុតាង​នា សម័យ​មុន​ប្រវត្តិសាស្ត្រ ដូចជា​សំណល់​នៃ​សរសៃអំបោះ​ដែល​ជាប់​នៅ​លើ​របស់​ប្រើប្រាស់ ឬក៏​ផ្លែ​ត្រល់​សម្រាប់​រវៃអំបោះ​ជាដើម ។ អ្វី​ដែល​យើង​អាច​ដឹង​នា​សម័យ​នោះ គឺ​មនុស្ស​ទាំង​ពីរ​ភេទ​បាន​និយម​ប៉ឹង និង​សំពត់​យ៉ាង​ប្រាកដ​ហើយ​សូម​ជម្រាប​ថា​រហូត​ដល់​ដើម​ស​.​វ​ទី ២០ មុននេះ ប្រពៃណី​ស្លៀកពាក់​សំពត់ និង​ប៉ឹង​នេះ ដែល​ជា​ទម្លាប់​របស់​ជ​ន​សាមញ្ញ​នៅតាម​ជនបទ មិន​បាន​ប្រែប្រួល​ប៉ុន្មាន​ទេ ពោល​គឺ​ត្រូវបាន​ថែរក្សា​នៅតែ​ដដែល ទោះ​ជា​បាន​ឆ្លងកាត់​ដំណាក់កាល​ឥណ្ឌា​រូបនីយកម្ម​ក៏ដោយ ។​

​ចម្លាក់​នៃ​ប្រាសាទ​បុរាណ​ខ្មែរ​ដូចជា​ចម្លាក់​នៅលើ​ប្រាសាទ​បាយ័ន បន្ទាយឆ្មារ និង​អង្គរវត្ត អាច​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ​បុរាណ​រវាង​ស​.​វ​ទី ១២-១៣ នៃ​គ​.​ស ដែល​ក្នុងនោះ​មាន​ការប្រើ​ប៉ឹង និង​សំពត់​ជាដើម ក៏​ជា​សក្ខីកម្ម​មួយ​គួរឱ្យ​កត់ សម្គាល់​ដែរ ។​

​និយាយឱ្យចំ​ទៅ កំណត់ហេតុ​ចិន​មាន​ភាព​លំអៀង​ទៅខាង​វប្បធម៌​ហាន​ដែល​ជា​វប្បធម៌​ចិន ពីព្រោះ​តាម​ទស្សនៈ​ចិន​បុរាណ អ្វី​ដែល​មិនមែន​ជា​ចិន សុទ្ធសឹងតែ​ជា​របស់​មនុស្ស​ព្រៃ​ទាំងអស់ ។​

​សង្ខេប​សេចក្តី​មក ជា​ទម្លាប់​ប្រជាប្រិយ​ខ្មែរ​យើង​ទាំង​ពីរ​ភេទ​តាំង​ពី​ស​.​វ​ទី ១ រហូតមកដល់​បច្ចុប្បន្ន​ភាព នៅតែ​ពេញនិយម​សំពត់​ចងក្បិន​ដែល​ជា​កម្ចី​តាមបែប​ពួក​ព្រាហ្មណ៍​ជាពិសេស​ពួក តាមិ​ល​នៅ​ឥណ្ឌា​ភាគខាងត្បូង ប្រហែល​ជា​ប្រការ​នេះ​ហើយ​មើលទៅ បានជា​កំណត់ហេតុ​ចិន​ចង់​និយាយ​ដល់​ទេ​ដឹង ? ឆ្លង​តាម​ការវិភាគ​ខាងលើ​នេះ​បាន​ឱ្យដឹងថា ជនជាតិ​ខ្មែរ​យើង​ចេះ​ស្លៀកពាក់​យ៉ាងហោចណាស់​ក៏​ចាប់​ពី​សម័យ​វប្បធម៌​លោហធាតុ មក​ដែរ ។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​យើង​បាន​ប្រមូល​ឯកសារ​ស្តីពី​ការ​ស្លៀកពាក់​របស់ ខ្មែរ​នា​សម័យ​មុន​ប្រវត្តិសាស្ត្រ និង​ដើម​សម័យ​ប្រវត្តិសាស្ត្រ​មក​វិភាគ​សិក្សា ដើម្បី​បង្ហាញ​នូវ​និរន្តរភាព​នៃ​សម្លៀក​បំពាក់​ខ្មែរ​តាម​បែប​ប្រពៃណី​ប្រចាំ ជាតិ​របស់​ខ្លួន (​ម​.​ត្រា​ណេ​)៕​

ស​ម្លៀ​ក​​បំ​ពា​ក់​​ខ្មែ​រ​​នា​​ស​ម័​យ​​បុ​រេ​​ប្រ​វ​ត្តិ​សា​ស្ត្រ​
ស​ម្លៀ​ក​​បំ​ពា​ក់​​ខ្មែ​រ​​នា​​ស​ម័​យ​​បុ​រេ​​ប្រ​វ​ត្តិ​សា​ស្ត្រ​

2001-01-01_015226

ស​ម្លៀ​ក​​បំ​ពា​ក់​​ខ្មែ​រ​​នា​​ស​ម័​យ​​បុ​រេ​​ប្រ​វ​ត្តិ​សា​ស្ត្រ​
ស​ម្លៀ​ក​​បំ​ពា​ក់​​ខ្មែ​រ​​នា​​ស​ម័​យ​​បុ​រេ​​ប្រ​វ​ត្តិ​សា​ស្ត្រ​

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *