ព័ត៌មានជាតិ

អាហារ​ការពារ​សក់​ជ្រុះ

hair

អត្ថប្រយោជន៍

តាម​ធម្មតា​ មនុស្ស​យើង​ជ្រុះ​សក់​ជា​មធ្យម​មួយ​ថ្ងៃ​ ៥០​-១០០​ សរសៃ​ដើម្បី​ផ្លាស់​សរសៃ​សក់​ថ្មី​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ​ថា​ ជា​​អាការ​នៃ​​រោគ​ជ្រុះ​សក់។ ការ​ពិត​ទៅ​អាការ​​ជ្រុះ​សក់​គឺ​វា​ជ្រុះ​ច្រើន​ខុស​ពី​ធម្មតា​ ហើយ​មាន​បច្ច័យ​ជា​ច្រើន​ដែល​នាំ​​ឲ្យ​កើត​អាការ​ជ្រុះ​សក់​ដូច​ជា​តំណ​ពូជ​ដែល​មាន​សក់​​​ស្ដើង​តិច​ ការ​ឆ្លង​​មេរោគ​លើ​ស្បែក​ក្បាល​ កើត​ជំងឺ​ប្រតិកម្ម​ថ្នាំ​ប្រតិកម្ម​សារជាតិ​គីមី​ជា​ដើម។

របប​អាហារ​ និង​ការ​ព្យាបាល​តាម​បែប​ធម្មជាតិ​

+ត្រូវ​ទទួល​ទាន​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​កាក​សរសៃ​បន្លែ​ ផ្លែ​ឈើ​ដែល​មាន​វិតាមីន​ និង​រ៉ែ​ធាតុ​ រួម​ទាំង​ធញ្ញជាតិ​ផ្សេងៗ​ផង​ដែរ។

+ទទួល​ទាន​អាស៊ីដ​ខ្លាញ់​ល្អ​ដែល​មាន​នៅ​ក្នុង​ប្រេង​អូលីវ​ ប្រេង​គ្រាប់​ផ្កា​ឈូករ័ត្ន​ អាស៊ីដ​ខ្លាញ់​ដែល​បាន​ពី​ត្រី​ ជា​ដើម។

+ទទួល​បាន​ផ្ដោត​លើ​អាហារ​ទាំងឡាយ​ណា​ដែល​មាន​ប្រូតេអ៊ីន​ អាស៊ីដ​អាមីណូ​ឲ្យ​បាន​គ្រប់គ្រាន់​ដែល​គេ​ឃើញ​មាន​ច្រើន​នៅ​ក្នុង​បន្លែ​ ត្រី​ និង​សាច់​សត្វ​ដើម្បី​ជួយ​ឲ្យ​ស្បែក​ក្បាល​ផលិត​សរសៃ​សក់​ថ្មី។

+សារធាតុ​ប៊ីយោទីន​ (Biotin) ជួយ​ការពារ​ក្បាល​​តម្ពែក​ និង​ជួយ​បង្អង់​ការ​ជ្រុះ​សក់។ ប្រភព​​អាហារ​ដែល​សំខាន់​រួម​មាន​ ប្រ៊ីវើយីសត៍​ សណ្ដែក​ ថ្លើម​ គ្រឿង​ក្នុង​ អង្ករ​សម្រូប។

+ស្ពៃក្ដោប​ ត្រសក់​ខេនតាលូប​ ទំពាំង​បាយ​ជូរ​ក្រៀម​ ថ្លើម​សត្វ​ ខួរ​គោ​ ក្រូច​ថ្លុង​ មាន​សារធាតុ​អ៊ីណូស៊ីតុល​ (Inositol) ដែល​ជា​សារធាតុ​​ម្យ៉ាង​ស្រដៀង​នឹង​ស្ករ​ និង​ជា​សមាសធាតុ​​នៃ​វិតាមីន​ B រួម​ការពារ​សក់​ជ្រុះ​ និង​ជួយ​ពង្រឹង​ឫស​សក់​ឲ្យ​រឹងប៉ឹង​ទៀត​ផង។

+ហាត់​ប្រាណ​ឲ្យ​បាន​ជា​ប្រចាំ​ ដើម្បី​រក្សា​តុល្យភាព​នៃ​អ័រម៉ូន។

+ត្រូវ​ប្រើ​ក្រាស​សិត​សក់​ណា​ដែល​មាន​ធ្មេញ​រង្វើលៗ​​ ដើម្បី​កាត់​បន្ថយ​ការ​បំផ្លាញ​​សរសៃ​សក់។

វីតាមីន​បន្ថែម​

+គួរ​ទទួល​ទាន​វីតាមីន​ C​ ១០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​បង្កើត​​សរសៃ​ទឹក​ប្រូតេអ៊ីន​ដែល​មាន​ប្រយោជន៍​ចំពោះ​សក់។

+ធាតុ​ដែក​ គួរ​ទទួល​បាន​ ៥០​មិល្លីក្រាម​​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ឲ្យ​ឈាម​នាំ​យក​អុកស៊ីហ្សែន​ និង​សារជាតិ​អាហារ​ទៅ​បំប៉ន​សរសៃ​សក់​បាន​ល្អ។

+ស័ង្កសី​ គួរ​ទទួល​ទាន​ ១២​-១៥​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ស័ង្កសី​មាន​សមាស​ធាតុ​ផ្សំ​នៃ​អង់ហ្ស៊ីម​ជា​ច្រើន​​ប្រភេទ​ វា​ជួយ​បង្កើត​សរសៃ​ទឹក​ប្រតេអ៊ីន​ ប៉ះប៉ូវ​ជាលិកា​ និង​ធ្វើ​​ឲ្យ​សរសៃ​សក់​ជាប់​ណែន​ទៅ​នឹង​​ឫស។

+ប៊ីយោទីន​ គួរ​ទទួល​ទាន​ ១.០០០​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ។ សារធាតុ​ប៊ីយោទីន​ជួយ​បង្អង់​ការ​ជ្រុះ​សក់​ ធ្វើ​ឲ្យ​ឫស​សក់​រឹងមាំ។

អាហារ​ដែល​គួរ​ចៀសវាង​

+ត្រូវ​ចៀសវាង​ការ​ផឹក​ “តែ”​ ដែល​មាន​សមាសធាតុ​ផ្សំ​នៃ​​សារធាតុ​ថេននីន។

+ត្រូវ​កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​​ប្រៃ​ខ្លាំង។

+ត្រូវ​ចៀសវាង​ការ​ទទួល​ទាន​អាហារ​​ទាំងឡាយ​ណា​ដែល​មាន​ខ្លាញ់​ឆ្អែត​ និង​ខ្លាញ់​ខ្ពស់​ដែល​បាន​ពី​សត្វ។

+ត្រូវ​ចៀស​វាង​ការ​ទទួល​ទាន​អាហារ​​ដែល​ដាក់​ប៊ីចេង​ សារធាតុ​ការពារ​ផ្អូម​ និង​អាហារ​ដាក់​ពណ៌។

ដំបូន្មាន​

+ហាម​បង្អត់​អាហារ​ ជា​ពិសេស​អាហារ​​ពេល​ព្រឹក​ ដើម្បី​ឲ្យ​​ការ​ធ្វើ​ការ​នៃ​កោសិកា​សរសៃ​សក់​ធ្វើ​ការ​យ៉ាង​មាន​ប្រសិទ្ធិភាព។

+ភាព​តានតឹង​ ស្មុគស្មាញ​ក្នុង​អារម្មណ៍​ជា​បច្ច័យ​ធ្វើ​​ឲ្យ​សក់​​ជ្រុះ​បាន​ ដូច្នេះ​គួរ​រំសាយ​ភាព​តានតឹង​​ដោយ​ការ​ហាត់​ប្រាណ​ និង​ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។

+ប្រសិន​បើ​សក់​​ជ្រុះ​ទាំង​ដុំៗ​ នោះ​គេ​​អាច​ធ្វើ​ការ​សន្និដ្ឋាន​​បាន​​ថា​ វា​អាច​បណ្ដាល​មក​ពី​មេរោគ​លើ​ស្បែក​ក្បាល​ គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​សើ​ស្បែក​ជា​បន្ទាន់។

+ការ​ប្រើ​ថ្នាំ​លាប​សក់​ អ៊ុតសក់​ អាច​ធ្វើ​ឲ្យ​សក់​មាន​ប្រតិកម្ម​ជាមួយ​នឹង​​ជាតិ​គីមី​នោះ​ ដែល​ជា​ហេតុ​បង្ក​ឲ្យ​សក់​ជ្រុះ​បាន​ ដូច្នេះ​គួរ​តែ​បញ្ឈប់​ការ​ធ្វើ​សក់​ដូច​បាន​រៀបរាប់​​ខាង​លើ​មួយ​រយៈ​សិន៕

មតិយោបល់