ក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក បានព្រមានជាថ្មីម្ដងទៅកាន់អ្នកប្រើប្រាស់កម្មវិធី Java របស់ក្រុមហ៊ុន Oracle ដោយបាននិយាយថា បើសិនជាមិនចាំបាច់នោះទេ គួរតែលុបកម្មវិធី Java ចោលតែម្ដងទៅ ព្រោះថា វានៅតែមានហានិភ័យ បើទោះបីជាក្រុមហ៊ុនបានធ្វើការបង្កើននូវសមត្ថភាពលើកកម្មវិធី Java នេះកាលពីថ្ងៃអាទិត្យកន្លងទៅក៏ដោយ។
ក្រុមការពារប្រព័ន្ធកុំព្យូទ័ររបស់ក្រសួងមហាផ្ទៃរបស់សហរដ្ឋអាមេរិក បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះថា «មិនសិនជាមិនចាំបាច់នោះទេ លុបកម្មវិធី Java ចោលតែម្ដងទៅ»។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមហ៊ុន Oracle បានបញ្ចេញឲ្យដឹងថា ខ្លួនបានបង្កើនប្រសិទ្ធិភាព(Update) ទៅលើកម្មវិធី Java ពោលគឺក្រោយពេលដែលរដ្ឋាភិបាលអាមេរិកចេញការព្រមានថា Java ត្រូវបានគេទាញយកផលពីការលួចព័ត៌មានសម្ងាត់ និងបទល្មើសផ្សេងៗ។
ក្រុមអ្នកជំនាញសន្តិសុខបានព្រមានថា កុំព្យូទ័រដែលដំណើរការកម្មវិធី Java ជាមួយនឹងការប្រើប្រាស់ Browser អាចនឹងទទួលរងនូវការវាយប្រហារ ដោយអាចឲ្យពួកជនខិលខូចលួចយកនូវលេខសម្ងាត់ប័ណ្ណឥណទានធនាគារ លេខសម្ងាត់ផ្សេងៗ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការព្រមានជាថ្មីនេះ ខាងក្រុមហ៊ុន Oracle នៅមិនទាន់មានសេចក្ដីបំភ្លឺណាមួយឡើយ៕
ព័ត៌មានជាតិ
មតិយោបល់