ព័ត៌មានជាតិ

ភូមិ​ នំ​បញ្ចុក​ឆ្ងាញ់​ ព្រះដាក់​ ខេត្ត​សៀមរាប​

តាំងតែពីដើមរៀងមក ផលិតផលរបស់ខ្មែរយើងរមែងសបញ្ជាក់អំពីអត្តសញ្ញាណ ទីតាំងភូមិសាស្ត្រ ភូមិ ស្រុកនីមួយៗ ឧទាហរណ៍ បើនិយាយអំពី ក្អម ឆ្នាំង នោះគេនឹងនឹកភ្នកដល់ខេត្តកំពង់ឆ្នាំង ហើយប្រសិនបើខេត្តពោធិ៍សាត់ នោះនឹងស្រមៃដល់ចម្លាក់ថ្មកែវ ជាក់ជាមិនខាន។ ជាមួយគ្នានោះ នៅឯខេត្តសៀមរាប ទឹកដីអង្គរនៃយើងឯ ណោះវិញ ក៏មានភូមិស្រុកមួយចំនួន មានផលិតផលទេសចរណ៍ផ្ទាល់ខ្លួនផងដែរ ដូចជាភូមិព្រះដាក់ល្បីនំបញ្ចុកឆ្ងាញ់ជាដើម។

ព្រះដាក់ ជាភូមិមួយស្ថិតនៅក្នុង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងនៅខាងលិចឈាងខាងត្បូងនៃខេត្តសៀមរាប ហើយក៏ជាចំណុចកណ្តាលរវាងក្រុងសៀមរាប និងប្រាសាទបន្ទាយស្រី ផងដែរ។ ចំពោះអ្នកសៀមរាប ឬភ្ញៀវទេសចរ ដែលឧស្សាហ៍មកទស្សនាក្រុងអង្គរ បើសិនជានិយាយអំពីភូមិព្រះដាក់ ប្រាកដជានឹកដល់នំបញ្ចុកឆ្ងាញ់ ជាមិនខាន។ នៅពេលធ្វើដំណើរដល់ចំណុចផ្លូវបំបែក ឆ្ពោះទៅប្រាសាទបន្ទាយស្រី នោះនឹងបានឃើញនូវតូបលក់នំបញ្ចុក ដែលសង់ជាប់ៗគ្នាជាជួរ មានភ្ញៀវប្រុសស្រី ទាំងជាតិ និងអន្តរជាតិ ចូលទទួលទាន មិនដែលដាច់ឡើយ ហើយទីនោះហើយ ដែលអ្នកផងតែងល្បីថា នំបញ្ចុកឆ្ងាញ់ នោះឯង។

អ្នកលក់នំបញ្ចុកឆ្ងាញ់ម្នាក់ ដែលចាប់ផ្តើមលក់នំបញ្ចុកនៅទីនេះដំបូងគេ គឺអ្នកស្រី ខន ស្តើង បានប្រាប់ឱ្យដឹងថា គាត់បានប្រកបរបរលក់នំ​​​​បញ្ចុកនេះ ជាង១៥ឆ្នាំមកហើយ ហើយមិនថា តែនៅទីនេះទេ សូម្បីនៅសៀមរាប នរណាក៏ល្បីថា នំបញ្ចុករបស់គាត់ឆ្ងាញ់ដែរ។ អ្នកលក់រូបនេះ បានរៀបរាប់ឱ្យដឹងថា ដើមឡើយនៅភូមិនេះ មានអ្នកលក់តែពីរនាក់ប៉ុណ្ណោះ លុះក្រោយមក ក៏បែកតៗគ្នា រហូតដល់ជាងដប់តូប។

ដៃកំពុងចាប់ចង្វាយនំបញ្ចុកដាក់ចាន ស្រូបទឹកសម្លជូនភ្ញៀវ អ្នកលក់សម្តីផ្អែមថែមទាំងរួសរាយរូបនេះ បានឆ្លៀតងាកមករៀបរាប់បន្តថា សម្រាប់អ្នកសៀមរាប នរណាក៏ល្បីថា នំបញ្ចុកនៅព្រះដាក់ នេះឆ្ងាញ់ដែរ ហើយបើធ្វើដំណើរឆ្លងកាត់ កម្រនឹងមានភ្ញៀវណាជិះហួស មិនចូលហូបនំបញ្ចុកទីនេះណាស់ សូម្បីតែភ្ញៀវបរទេស​។

អ្នកស្រីបានបង្ហើបឱ្យដឹងថា អ្នកលក់នៅទីនេះ គឺគេបញ្ជាន់ម្សៅធ្វើនំខ្លួនឯង ហើយទាក់ទងទៅហ្នឹងរសជាតិ ដែលធ្វើឱ្យនំបញ្ចុកព្រះដាក់នេះល្បីថាឆ្ងាញ់នោះ គាត់បានប្រាប់ពីរបៀបស្លទឹកសម្លនំបញ្ចុកថា ដំបូងឡើយ ត្រូវយកដូងដែលកោសរួច​ ពូតយកក្បាលខ្ទិះ រួចយកត្រីដែលស្ងោររួចមក បុកដាក់ជាមួយខ្ទិះដូង ដាក់គ្រឿងចូល ជ្រំប្រហុក ថែមទឹកត្រី ស្ករ ប៊ីចេង ជាការស្រេច។ ចំពោះបន្លែសម្រាប់ធ្វើល្បោយ មានដូចជា ត្រយ៉ូងចេក ត្រសក់ ល្ហុងខ្ចី សណ្តែកកួរ ដើមភ្លៅកង្កែប ស្លឹកជីគ្រប់មុខ កញ្ឆែត ផ្កាស្នោ ត្រួយ កន្ធុំថេត ត្រួយស្មាច់ ត្រួយល្ងៀង និងព្រលឹត ជាដើម សុទ្ធសឹងតែស្រស់ៗគ្មានជាតិគីមី។

អ្នកស្រី ខន ស្តើង បានមានប្រសាសន៍ទៀតថា ជាធម្មតាក្នុងមួយថ្ងៃ រូបគាត់លក់នំបញ្ចុកអស់ប្រមាណ៤០គីឡូក្រាម តែបើចុងសប្តាហ៍ ទាល់តែ៧០ទៅ៨០គីឡូក្រាម ទើបផ្គត់ផ្គង់គ្រប់គ្រាន់។ អ្នកស្រី បានបញ្ជាក់ផងដែរថា ដោយសារតែរបរលក់នំបញ្ចុកនេះហើយ បានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់ បានធូរធា មានផ្ទះធំទ្រនំខ្ពស់ រស់នៅយ៉ាងសមរម្យ មានលទ្ធភាពបញ្ជូនកូនៗចូលសាលារៀនសូត្រ បានគ្រប់ៗគ្នា។

ចុងបញ្ចប់អ្នកស្រី បានប្រាប់ឱ្យដឹងទៀតថា និយាយមិនអួតនោះទេ នៅទីនេះគ្មានអ្នកណា លក់ដាច់ជាងខ្ញុំឡើយ បើខ្ញុំលក់បាន៨០គីឡូក្រាម អ្នកផ្សេងយ៉ាងច្រើន បានត្រឹម៣០ទៅ៤០គីឡូក្រាម។ កត្តាដែលធ្វើឱ្យភ្ញៀវចូលចិត្តនាំគ្នាមក
ហូបនំខ្ញុំ ព្រោះខ្ញុំស្លឆ្ងាញ់ មានអនាម័យ និងរួសរាយរាក់ទាក់ ហើយខ្ញុំមិនមែនលក់តែនៅទីនេះទេ ល្ងាចឡើងទៅលក់នៅឯសៀមរាបទៀត ទើបបានជាគេស្គាល់កាន់តែច្រើនឡើងៗ។

ចំណែកឯយុវជន ហ៊ាន​​ ជាអ្នកលក់ម្នាក់ដែរនោះ ក៏បានឱ្យដឹងដែរថា នរណាៗក៏ដឹងថា នំបញ្ចុកនៅព្រះដាក់នេះឆ្ងាញ់ដែរ ហើយរូបគេ ក៏បានប្រកបរបរនេះជាងដប់ឆ្នាំមកហើយដែរ តាំងតែពីឪពុករបស់គេទទួលមរណភាពមកម្ល៉េះ។ ហើយរបរនេះហើយ ដែលអាចឱ្យរូបគេ ចិញ្ចឹមប្អូនៗចំនួន៥នាក់ រស់ដោយមិនលំបាក និងបានឱ្យចូលសាលាគ្រប់ៗគ្នា ជាងនេះទៅទៀត សព្វថ្ងៃនេះ ប្អូនរបស់គេពីរនាក់ ក៏កំពុងរៀននៅមហាវិទ្យាល័យផងដែរ ដោយសាររបរលក់នាំបញ្ចុកនេះ។ លោក ហ៊ាន ក៏បានបញ្ជាក់ដែរថា ប្រាកដណាស់ការលក់ដូរ បើយើងធ្វើមិនឆ្ងាញ់ សេវាមិនល្អ ហើយគ្មានអនាម័យនោះ គឺច្បាស់ជាគ្មាននរណាចូលឡើយ៕
https://i1272.photobucket.com/albums/y389/domneng/Noodle/179317C61794178917D2178517BB17802_zps600d4038.jpg
https://i1272.photobucket.com/albums/y389/domneng/Noodle/179317C61794178917D2178517BB17803_zps72acee7a.jpg
https://i1272.photobucket.com/albums/y389/domneng/Noodle/179317C61794178917D2178517BB17801_zps64137977.jpg

មតិយោបល់