បាងកក(ស៊ិនហួ)៖ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងជំងឺគ្រុនឈាមជិត ៤៩.០០០នាក់ ដែលនៅក្នុងនោះមានអ្នកស្លាប់ដោយសារជំងឺមួយនេះ ចំនួន ៥៩នាក់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ TNNB។
មន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ Pradit Sintavanarong បានបង្ហាញឲ្យដឹងថាស្ថានភាពជំងឺគ្រុនឈាមនៅក្នុងប្រទេសថៃនៅតែជាក្ដីព្រួយបារម្ភ ដែលនៅពេលនេះ មានអ្នកឆ្លងជំងឺនេះជិតដល់ ៤៩.០០០នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ៥៩នាក់ ដែលជាងពាក់កណ្ដាលនៃអ្នកស្លាប់ជាកុមារ នេះបើគិតចាប់ពីដើមឆ្នាំ ២០១៣មក។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា ក្រសួងសុខាភិបាលបានជំរុញឲ្យមន្ទីរពេទ្យទាំងអស់ធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺឲ្យបានប្រុងប្រយ័ត្ន និងហ្មត់ចត់។ លោករដ្ឋមន្ត្រីក៏បានជំរុញទៅកាន់ទីភ្នាក់ងារពាក់ព័ន្ធនៅទូទៅប្រទេសឲ្យបន្តវិធានការការពារ រួមកម្លាំងចុះសម្អាតនិងដាក់ថ្នាំការពារនៅតាមធុងទឹក ដើម្បីសម្លាប់មូសខ្លា។
លោករដ្ឋមន្ត្រីបានព្រមានដល់ជនទាំងឡាយដែលធ្លាប់មាន ឬទើបនឹងកើតមានជំងឺគ្រុនផ្ដាសាយ ឈឺក្បាល ឬមិនស្រួលខ្លួន ឲ្យទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតភ្លាម ដើម្បីការពារកុំឲ្យកើតមានជំងឺគ្រុនឈាម៕
មតិយោបល់