មណ្ឌលគិរីៈ អគ្គិភ័យមួយបានឆាបឆេះឡើងនៅក្នុងផ្សារសែនមនោរម្យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអាជីវករ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកធ្វើការបាញ់ពន្លត់ទាន់ពេលវេលា។ អគ្គិភ័យនេះផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ហើយឆាបឆេះកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចក្នុងផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី។
យោងតាមប្រភពព័ត៌មានពីអាជីវករ ដែលលក់ដូរនៅក្នុងផ្សារបានឲ្យដឹងថា មុនពេលកើត មានផ្សែងហ៊ុយចេញពីក្នុងផ្ទះមួយខ្នង ដែលមានទីតាំងនៅខាងក្នុងផ្សារ ហើយត្រូវបានម្ចាស់ផ្ទះឃើញមានការសង្ស័យក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវកផ្សេងទៀតនាំគ្នារត់ចែកជើងគ្នា ទៅយកបំពង់ពន្លត់អគ្គិភ័យ មកធ្វើការបាញ់ពន្លត់ភ្លើង ដែលកំពុងឆាបឆេះនេះ ឲ្យរលត់ទៅវិញជាស្ថាពរ មិនបណ្តាលឲ្យមានការឆាបឆេះរាលដាលដល់តូបអាជីវករ ឬឆាបឆេះដល់ផ្សារទាំងមូលនោះឡើយ គ្រាន់តែរងការខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនតែប៉ុណ្ណោះ បើមិនដូច្នេះទេមិនជា វាសនាផ្សារខាងលើនឹងទៅជាយ៉ាងណានោះឡើយ។
ទន្ទឹមនឹងនោះដែរ ក៏មានវត្តមានរបស់សមត្ថកិច្ចនគរបាលមូលដ្ឋាន ចុះមកធ្វើការជួយអន្តរាគមន៍ការពារ សុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុផងដែរ៕
មតិយោបល់