ភ្នំពេញ៖ បច្ចុប្បន្ន Jack Ma បានក្លាយជាកំពូលមហាសេដ្ឋីមួយរូប ជាមួយនឹងភាពជោគជ័យរបស់ Alibaba។ តើលោកអ្នកចង់ដឹងទេថា លោក Jack Ma កសាង Alibaba ដោយវិធីណា និងចំណាយទឹកប្រាក់ចំនួនប៉ុន្មាន?
មានថ្ងៃមួយ មិត្តភ័ក្តិរបស់លោកម្នាក់បានពឹងឲ្យជួយទៅទារលុយវិនិយោគពីអ្នកជំនួញជនជាតិអាមេរិកម្នាក់។ ពេលទៅដល់អាមេរិក Ma ត្រូវបានបុរសអាមេរិករូបនោះគំរាមសម្លាប់ និងបានយកកាំភ្លើងមកភ្ជុងក្បាល ប៉ុន្តែក្រោមមកបានចរចាគ្នាត្រូវ និងបានសន្យាថា នឹងជួយបង្កើតអាជីវកម្មមួយឲ្យ Jack Ma វិញនៅស្រុកចិន ក្នុងនាមជាដៃគូសហការ។
អាជីវកម្មដែលបុរសអាមេរិកនោះចង់សហការជាមួយគឺពាក់ព័ន្ធនឹងអ៊ីនធើណែត និងកុំព្យូទ័រ ប៉ុន្តែអ្វីដែលសំខាននោះគឺថា Jack Ma យល់ដឹងតិចបំផុតពាក់ព័ន្ធនឹងអ៊ីនធើណែត និងកុំព្យូទ័រ។ នៅថ្ងៃមួយក្នុងឆ្នាំ ១៩៩៩ លោក Ma បានប្រមូលផ្ដុំមនុស្ស ១៨នាក់ ដែលសុទ្ធសឹងតែមនុស្សជិតស្និទ្ធ និងអ្នកដែលចង់រកស៊ីជាមួយ មកប្រជុំគ្នានៅផ្ទះរបស់គាត់។ Jack Ma បានលើកយកពីគម្រោងបង្កើត Alibaba ឡើង ហើយពេលនោះមនុស្សទាំង ១៨នាក់ បានយល់ព្រម និងប្រមូលប្រាក់បាន ៦ម៉ឺនដុល្លារអាមេរិក ដើម្បីកសាង Alibaba។ ចាប់តាំងពីនោះមក Alibaba ចេះតែរីកចម្រើនឡើងនៅក្នុងប្រទេសចិន រហូតក្លាយជាក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស ហើយកាលពីខែកញ្ញា ឆ្នាំ ២០១៤ ក្រុមហ៊ុន Alibaba បានលក់ IPO នៅអាមេរិកទទួលបានប្រាក់ ២៥ពាន់លានដុល្លារអាមេរិក ខណៈដែលនៅពេលនេះ លោក Ma វិញត្រូវបានទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា មានលុយជាង ២៩ពាន់លានដុល្លារអាមេរិក៕
មតិយោបល់