រដ្ឋាភិបាលនៃប្រទេសថៃបានរិតបន្តឹងទៅលើការប្រើប្រាស់បណ្ដាញសង្គម ដូចជា Line និង Facebook ជាដើម។
រដ្ឋាភិបាលនៃប្រទេសថៃ មានបំណងចង់ធ្វើការតាមដាននូវការប្រើប្រាស់បណ្ដាញសង្គមនៅក្នុងស្រុក ព្រោះថា រដ្ឋាភិបាលចង់ការពារមិនឲ្យកើតមានឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ។
បើតាមមន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាលនៃប្រទេសថៃបានឲ្យដឹងថា ថៃចង់ធ្វើការតាមដាននូវសារផ្ញើសារជាអក្សរនៅលើកម្មវិធី Line។ ថៃបានស្នើសុំឲ្យក្រុមហ៊ុន Line ដែលមានទីតាំងនៅក្នុងប្រទេសជប៉ុនផ្ដល់នូវព័ត៌មានរបស់អ្នកប្រើប្រាស់ Line ក្នុងប្រទេសថៃ ប៉ុន្តែសំណើនោះត្រូវបានច្រានចោល ដោយ Line បានប្រកាសថា ខ្លួនមិនអាចប្រមូលទិន្នន័យរបស់អ្នកប្រើបាននោះទេ ហើយក៏មិនបានរក្សាទុកនូវសារដែលអ្នកប្រើផ្ញើចុះឡើងនោះទេ ព្រោះថាវាជាសិទ្ធិឯកជន។
មេប៉ូលិសថៃបាននិយាយថា រដ្ឋាភិបាល មិនបានគ្រប់គ្រងការលេង Line របស់អ្នកប្រើប្រាស់គ្រប់គ្នានោះទេ គឺគ្រាន់តែចង់មានវិធានការទប់ស្កាត់ខ្លះ ដើម្បីមិនឲ្យមានឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ។ រដ្ឋាភិបាលនឹងធ្វើការត្រួតពិនិត្យទៅលើសាររបស់អ្នកប្រើប្រាស់ណាមួយ បើសិនជាពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្ម។
គូរបញ្ជាក់ផងដែរថា Line ត្រូវបានពេញនិយមនៅលើស្មាតហ្វូន និង Tablet ហើយប្រទេសថៃ ចាប់ចំណាត់ថ្នាក់ទី៣ នៃប្រទេសដែលប្រើ Line ច្រើនជាងគេបន្ទាប់ពីប្រទេសជប៉ុន និងតៃវ៉ាន់ ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ទូទៅពិភពលោកមានចំនួន ២០០លាននាក់៕

មតិយោបល់