អាជ្ញាធរថៃកំពុងស្វែងរកការចាប់ខ្លួនលោក Vorayuth Yoovidhya ដែលត្រូវជាចៅប្រុសរបស់មហាសេដ្ឋីគោជល់ (Red Bull) បន្ទាប់ពីបុរសម្នាក់នេះ មិនបានមកបង្ហាញខ្លួននៅតុលាការ។
យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី០២ខែកញ្ញា ម្សិលមិញនេះថា លោក Vorayuth Yoovidhya វ័យ ២៨ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានបើករថយន្តស៊េរីទំនើបម៉ាក Ferrari បុកស្លាប់មន្ត្រីប៉ូលិសម្នាក់កាលពីខែកញ្ញាឆ្នាំមុន។
មេធាវីរបស់ចៅមហាសេដ្ឋីរូបនេះ បាននិយាយថា កូនក្ដីរបស់គាត់បានធ្លាក់ខ្លួនមានជំងឺ នៅប្រទេសសិង្ហបុរី និងមិនអាចវិលត្រឡប់ទៅប្រទេសថៃវិញឲ្យទាន់ពេលវេលាសម្រាប់ការជំនុំជំរះក្តីនេះទេ។ជាមួយគ្នានេះដែរ អាជ្ញាធរថៃ នឹងចេញដីកាចាប់ខ្លួននៅថ្ងៃអង្គារនេះ។
ប្រភពដដែលបានបន្តទៀតថា មេធាវីលោក Vorayuth Yoovidhya បានបដិសេធថា កូនក្តីរបស់លោក មិនបានរត់គេចខ្លួនទៅក្រៅប្រទេសនោះទេ ហើយថាកូនក្ដីនឹងត្រឡប់មកប្រទេសថៃវិញក្នុងរយៈពេល៣ថ្ងៃទៀត ព្រមទាំងសហការជាមួយក្រុមអ្នកស៊ើបអង្កេត។
គួរបញ្ជាក់ផងដែរថា លោក Vorayuth Yoovidhya អាចប្រឈមការជាប់គុកចំនួន១០ឆ្នាំតាមការចោទប្រកាន់ពីបទបើកបរគ្មានការប្រុងប្រយ័ត្នដែលបណ្តាលឲ្យបុកមនុស្សស្លាប់ ហើយមិនបានឈប់រថយន្តដើម្បីជួយជនរងគ្រោះ៕
មតិយោបល់