ព័ត៌មានជាតិ

រុស្ស៊ី​អះអាង​ជួយ​ស៊ី​រី​ជានិច្ច ទោះ​មាន​ការ​គំរាម​ក្ដី​

ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជាក់​យ៉ាង​មុតមាំ​នៅក្នុង​កិច្ចប្រជុំ​កំពូល G20 កាលពី​ថ្ងៃ​សុក្រ កន្លងទៅនេះ​ថា រុស្ស៊ី​នឹង​បន្ត​ជួយ​ស៊ី​រី​ដល់​ទីបញ្ចប់ បើទោះបីជា​ប្រទេស​នេះ កំពុង​ក្លាយជា​ផ្ទាំង​ស៊ិបក្នុង​ការវាយប្រហា​រ​ក្ដី​។​

​លោក ពូ​ទីន បាន​និយាយថា រុស្ស៊ី​នៅតែ​បន្ត​ផ្គត់ផ្គង់​សព្វាវុធ និង​រក្សា​កិច្ចសហការ​សេដ្ឋកិច្ច​ជាមួយនឹង​ប្រទេស​ស៊ី​រី ហើយ​នៅពេលនេះ រុស្ស៊ី​កំពុង​ពិចារណា​បង្កើន​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​ស៊ី​រី បន្ទាប់​ពី​សង្គ្រាម​ផ្ទៃក្នុង​អូសបន្លាយ​អស់​រយៈពេល​២​ឆ្នាំ​។​

​នៅ​ជំនួប​កាលពី​ថ្ងៃ​ថ្មីៗ​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី​បាន​និយាយថា លោក​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា អំពី​បញ្ហា​ស៊ី​រី​តែ​ថា ជំនួប​នេះ​មិន​បាន​បញ្ចប់​ការខ្វែងគំនិត​គ្នា​ទេ​។​

​ពូ​ទីន​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​កិច្ចពិភាក្សា​មាន​លក្ខណៈ​ស្ថាបនា មានន័យ​និង​រាក់ទាក់ តែ​ពួក​យើង​ម្នាក់ៗ​រក្សា​ជំហរ​រៀងៗ​ខ្លួន​”​។​

​លោកពូ​ទីន​និង​មន្ត្រី​របស់​លោក​កាលពី​ពេលមុន​នេះ​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​មិន​មាន​បំណង​ចូលពា​ក់​ព័ន្ធ​នៅក្នុង​ជម្លោះ​នេះ​ទេ តែ​ទោះជា​យ៉ាងណា រុស្សី​បាន​បង្កើន​វត្តមាន​កង​ទ័ពជើងទឹក​របស់​ខ្លួន​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ដែល​នាយសេនាធិការ​របស់​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា អាច​ជួយ​ជម្លៀស​ពលរដ្ឋ​រុស្ស៊ី​ចេញពី​ស៊ី​រី បើ​ចាំបាច់​៕

putin

មតិយោបល់