ព័ត៌មានជាតិ

វិភាគ​៖ iPhone ថ្មី គ្មាន​អ្វី​គួរឲ្យ​ចាប់អារម្មណ៍​នោះ​ទេ​

កាលពី​ថ្ងៃ​ទី​១០​ខែ​កញ្ញា កន្លងទៅ ក្រុមហ៊ុន Apple បានរៀបចំ​ព្រឹត្តិការណ៍​បង្ហាញ iPhone ថ្មី ដែល​ធ្វើឲ្យ​មហាជន​ជាច្រើន​រង់ចាំ​ទស្សនា និង​តាមដាន​ពី​ភាព​អស្ចារ្យ​នៃ iPhone ថ្មី ប៉ុន្តែ​ផ្ទុយស្រឡះ ដោយសារតែ iPhone 5S គ្មាន​អ្វី​ដែល​អស្ចារ្យ​ជាង iPhone 5​។​

​ក្រុមអ្នកវិភាគ​ឯករាជ បាន​លើកឡើង​ថា ក្រុមហ៊ុន Apple អាច​នឹង​បាត់បង់​ទីផ្សារ​ស្មា​ត​ហ្វូន​ទាំងនៅ​សហរដ្ឋអាមេរិក និង​ចិន ព្រោះ​ទាំង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ព្រោះថា iPhone 5S និង iPhone 5C មិនបាន​ធ្វើឲ្យ​អតិថិជន និង​មហាជន​ចាប់អារម្មណ៍​ក្នុង​ការប្រើប្រាស់​។​

​តាម​ការស្ទង់មតិ ប្រជាពលរដ្ឋ​អាមេរិក​ជាង ៦៨​ភាគរយ មិន​ចាប់​អារម្មណ៍​នឹង​វត្តមាន​នៃ iPhone 5S នោះទេ ហើយ​គម្រោង​ដែល​ពួកគេ​គ្រោង​នឹង​ទិញ​វា ក៏​ប្រហែលជា​ត្រូវ​លុបចោល​ផងដែរ ព្រោះថា មាន​មិន​ខុស​អ្វី​ពី iPhone 5 ប៉ុន្មាន​ឡើយ​។​

​ព្រម​ជាមួយ​គ្នា​នោះ ភាគហ៊ុន​របស់ Apple ក៏​បាន​ធ្លាក់ចុះ​ជាង ៥​ភាគរយ​ផង​ដែរ នៅក្រោយពេល​ដែល Apple បង្ហាញ iPhone 5S ដល់​សាធារណៈជន​។​
​ក្រុម​អ្នកគាំទ្រ Apple ជាច្រើន​បាន​និយាយថា ពួកគេ​ហាក់ដូចជា​បាត់បង់​ទំនុកចិត្ត​លើ​ក្រុមហ៊ុន Apple ព្រោះថា​ក្រោយ​ពេល​ដែល Steve Jobs ស្លាប់ ក្រុមហ៊ុន​មួយ​នេះ ហាក់ដូចជា​គ្មាន​អ្វី​ដែល​អស្ចារ្យ​សម្រាប់​បង្ហាញ​ដល់​អតិថិជន និង​ពិភពលោក​នោះទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បើទោះបីជា Tim Cook នាយក​ប្រតិបត្តិ Apple នាពេល​បច្ចុប្បន្ន​ធ្លាប់​ធ្វើ​ការងារ​ជាមួយ Steve Jobs ច្រើន​ឆ្នាំ​ក្ដី ប៉ុន្តែ​សិល្បៈ​នៃ​ការដឹកនាំ​មិន​ដូច Steve Jobs នោះទេ ជាពិសេស​នៅពេល​បង្ហាញ​ផលិតផល​ថ្មី​ម្ដងៗ Steve Jobs មាន​សិល្បៈ​នៃ​ការបង្ហាញ និង​និយាយ​ល្អ​ជាង Tim Cook ដែល​ធ្វើឲ្យ​អ្នក​ចូលរួម​មាន​ការចាប់​អារម្មណ៍ និង​សប្បាយរីករាយ​៕

ios_hero

មតិយោបល់