នៅក្នុងឆ្នាំ ២០១៣ នេះ ការនាំចេញអង្គរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងទុកថា អាចនឹងឈានដល់ ៧-៧,២លានតោន ដែលតួលេខនេះតិចជាងគោលដៅ ៧,៥លានតោន ព្រោះតែកម្រិតនៃការនាំចេញ និងតម្លៃធ្លាក់ចុះ។
យោងតាមសារព័ត៌មានវៀតណាម បានដកស្រង់ទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបង្ហាញថា នៅក្នុងខែកញ្ញានេះ មានអង្ករត្រឹមតែចំនួន ៤៧១.០០០តោនប៉ុណ្ណោះ ដែលបាននាំចេញ ដោយគិតជាទឹកប្រាក់មានចំនួន ២១៤លានដុល្លារអាមេរិក តែតិចជាងចំនួនគោលដៅបានកំណត់ ៧៥០.០០០តោន ។
នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០១៣ វៀតណាមបាននាំចេញអង្ករទៅបរប្រទេសសរុបចំនួន ៥,៣៥លានតោន ដែលគិតជាទឹកប្រាក់មានតម្លៃ២,៣៥ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះប្រមាណជា ១៤,៣ភាគរយ និងតម្លៃ ១៦,៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីផ្សារនាំចេញអង្កររបស់វៀតណាមបានប្រឈមមុខនឹងបញ្ហាលំបាកជាច្រើនដោយសារការផ្គត់ផ្គង់ច្រើនជាងតម្រូវការ ខណៈដែលតម្លៃអង្ករ របស់គូប្រជែងដូចជា ថៃ ឥណ្ឌា និងប៉ាគីស្ថាន ក៏បានធ្លាក់ចុះក្បែរៗនឹងអង្ករវៀតណាមដែរ។ តម្លៃអង្ករវៀតណាមបានធ្លាក់ចុះ ១៤,៣៦ដុល្លារអាមេរិកក្នុងមួយតោនដែលតម្លៃក្នុងមួយតោនថ្លៃ ៤៣១ដុល្លារអាមេរិក ស្មើនឹងតម្លៃអង្កររបស់ឥណ្ឌានិងប៉ាគីស្ថាន។ នេះជាបញ្ហាមួយលំបាកក្នុងការឈានជើងចូលទៅក្នុងទីផ្សារទាំងនោះដោយសារតម្លៃនៃការដឹកជញ្ជូនថ្លៃខ្ពស់ពេក ។
នៅឆ្នាំ២០១២កន្លងទៅនេះ ប្រទេសវៀតណាមបាននាំចេញអង្ករជាង ៧,៧លានតោនគិតជាទឹកប្រាក់ចំនួន ៣,៥ពាន់លានដុល្លារអាមេរិក៕
មតិយោបល់