ព័ត៌មានជាតិ

ភេសជ្ជៈ​​ពេល​​ព្រឹក​​​ សម្រាប់​​ស្ត្រី​​​ធ្វើ​​ការ​​ការិយា​ល័យ

នរណាៗ​ក៏​ទទួល​ស្គាល់​ថា ​អាហារ​ពេល​ព្រឹក​​សំខាន់​ជាង​ពេល​ណាៗ​ទាំងអស់​​ ព្រោះ​ក្រោយ​ពេល​ទទួល​ទាន​ហើយ​ ត្រូវ​ប្រើ​វា​ពេញ​មួយ​ព្រឹក​ដើម្បី​បំពេញ​ការងារ។ យើង​ធានា​ថា​ ភេសជ្ជៈ​ទាំង​៥​កែវ​ខាង​ក្រោម​នេះ​ពិត​ជា​ហុច​ផល​ល្អ​​ដល់​ស្ត្រី​​បំពេញ​ការងារ​ការិយាល័យ​ជាក់​ជា​មិន​ទាន។

woman-drinking-orange-juice-photo

​ទឹក​បន្លែ​ ឬ​ផ្លែឈើ​

ពេល​ព្រឹក​ខណៈពេល​ពោះ​នៅ​ទំនេរ​ វា​ស័ក្ដិសម​បំផុត​ដែល​អ្នក​ត្រូវ​ផ្គត់ផ្គង់​វីតាមីន​ចូល​ទៅ​បំប៉ន​ស្បែក​ ព្រោះ​ពេល​ព្រឹក​នេះ​ រាង​កាយ​អាច​បឺត​ស្រូប​​យក​ជីវជាតិ​បាន​ល្អ​បំផុត។ ដូច្នេះ​អាហារ​ពេល​​ព្រឹក​របស់​ស្ត្រី​គ្រប់​វ័យ​ គួរ​​មាន​​ទឹក​​ផ្លែឈើ​ស្រស់ៗ​ជាប់​រាល់​ថ្ងៃ​ត្រឹមតែ​មួយ​កែវ​ក៏​បាន​ ព្រោះ​នៅ​ក្នុង​​នោះ​មាន​ទាំង​វីតាមីន​ A អាស៊ីដហ្វូលិក​ សូដ្យូម​ ប៉ូតាស្យូម​ ស័ង្កសី​ និង​ស្ករ។

ទឹក​សណ្ដែក​

នៅ​ពេល​ព្រឹក​​ រាង​កាយ​របស់​យើង​​​ត្រូវ​ការ​​ប្រូតេអ៊ីន​ទៅ​ជួសជុល​ចំណែក​ដែល​សឹក​រេចរឹល។ ទឹក​សណ្ដែក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ដែល​រាងកាយ​ត្រូវការ​ ងាយ​រក​ទិញ​ ស័ក្ដិសម​សម្រាប់​អ្នក​ប្រញាប់ប្រញាល់​បំពេញ​ការងារ​ និង​គ្មាន​​ពេល​ទំនេរ​នឹង​អង្គុយ​ទទួល​ទាន​អាហារ​តាម​សម្រួល​នោះ។

ទឹក​ក្រូច​ឆ្មារ​

វិធី​បន្សាប​ជាតិ​ពុល​ដែល​ងាយ​ធ្វើ​បំផុត​គឺ​ពេល​ភ្ញាក់​ពី​ដំណេក​ពេល​​ព្រឹក​ភ្លាម​ត្រូវ​ទទួល​ទាន​ទឹក​ស្អាត​មួយ​កែវ​លាយ​ជាមួយ​ក្រូចឆ្មារ​មួយ​ចំណិត​តូច​ ដើម្បី​ជួយ​ភ្ញោច​ពោះវៀន​​ឲ្យ​ធ្វើ​សកម្មភាព​​ច្របាច់​បញ្ចេញ​វត្ថុ​ស្មោក​គ្រោក​ពី​ក្នុង​រាងកាយ​មក​ក្រៅ​ក៏​ប៉ុន្តែ​​បើ​គ្មាន​ចំណូល​ចិត្ត​ អាច​ប្ដូរ​មក​ទទួល​ទាន​​ទឹក​ក្រូច​ឆ្មារ​សុទ្ធ​ជាមួយ​នឹង​អាហារ​ពេល​ព្រឹក​ក៏​ទទួល​បាន​ប្រយោជន៍​ដែរ។ វីតាមីន​ C ជួយ​ឲ្យ​រាងកាយ​ស្រស់​ស្រាយ​ ចំណែក​ក្លិន​វា​ជួយ​ព្យាបាល​ ជួយ​ភ្ញោច​សរសៃ​ប្រសាទ​ឲ្យ​វៀសរវៃ។

​ទឹក​សេរ៉ូបិ៍​

សុភាព​ស្ត្រី​មាន​រាង​ស្វែល​ស្អាត​ភាគ​ច្រើន​ទទួល​ទាន​អាហារ​​ពេល​ល្ងាច​តិចតួច​ប៉ុណ្ណោះ ឬ​​អ្នក​ខ្លះ​មិន​ទទួល​ទាន​តែ​ម្ដង។ លក្ខណៈ​បែប​នេះ​នៅ​ពេល​ព្រឹក​ឡើង​រាងកាយ​អាច​បាត់បង់​ជាតិ​ស្ករ​ ធ្វើ​ឲ្យ​មាន​​អាការ​ ធេងធោង​ ឈឺ​ក្បាល​ ឬ​ស្រពាប់ស្រពោន​ មិន​​ចង់​ក្រោក​​ចេញ​ពី​ដំណេក។ ប៉ុន្តែ​ប្រសិន​បើ​បាន​ទទួល​ទាន​ទឹកសេរ៉ូបិ៍​មួយ​កែវ​ អាការ​ដែល​កើត​មាន​នឹង​បាត់​ទៅ​វិញ​ភ្លាម​មួយ​រំពេច​ ព្រោះ​ជាតិ​​ស្ករ​ដែល​មាន​​នៅ​ក្នុង​ទឹក​សេរ៉ូបិ៍​ជា​ស្ករ​ម៉ូលេគុល​តែ​មួយ​គត់​ដែល​រាងកាយ​អាច​បឺត​ស្រូប​យក​ទៅ​ប្រើ​ការ​បាន​ភ្លាម។

ទឹក​ខ្ញី

គឺ​ជា​ភេសជ្ជៈ​ពិសេស​មួយ​ប្រភេទ​សម្រាប់​​អ្នក​ដើរ​កម្សាន្ត​ជ្រុល​ពេល​ដល់​យប់​ជ្រៅ​ លុះ​ភ្ញាក់​ដឹង​ខ្លួន​ព្រឹក​ឡើង​​ក៏​នៅ​មាន​អាការ​ធេងធោង​ដោយសារ​ជាតិ​​ពុល​មិន​ទាន់​រលាយ​អស់​ ព្រម​ទាំង​រកកល់​ចង់​ក្អួត​​បន្តិច​ ចង់​វិល​មុខ​បន្តិច។ អាការ​បែប​នេះ​ពុំ​មាន​​អ្វី​ល្អ​ជាង​ទឹក​ខ្ញី​ក្ដៅ​ ព្រោះ​នៅ​ក្នុង​ទឹក​ខ្ញី​មាន​សារជាតិ​ម្យ៉ាង​ឈ្មោះ​ ជីន​ ជឺរ៉ល​ ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​បន្សាប​ជាតិ​ពុល៕

មតិយោបល់