ព័ត៌មានជាតិ

កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី ដោះដូរ​រូបិយប័ណ្ណ​

​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ធនាគារ​កណ្តាល​របស់​កូរ៉េខាងត្បូង​បានឲ្យដឹងថា កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​រូបិយប័ណ្ណ ដែល​មាន​តម្លៃ ៤,៧​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជួយ​ទប់ស្កាត់​ការប្រែប្រួល​តម្លៃ​រូបិយប័ណ្ណ​។​

​យោង​តាម​សារព័ត៌មាន Bloomberg ចុះផ្សាយ​បានឲ្យដឹងថា កិច្ចព្រមព្រៀង​ចុងក្រោយ​នេះ​នឹង​ផ្តល់​លទ្ធភាព​ដល់​ប្រទេស កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី នៅ​តំបន់​អាស៊ី​នេះ ទិញ និង​ទិញ​ត្រឡប់​វិញ​នូវ​រូបិយប័ណ្ណ​របស់​ប្រទេស​នីមួយៗ រហូត​ដល់​ចំនួន ៤,៧​ពាន់​លាន​ដុល្លារ​ដុល្លារ​អាមេរិក ។​

​ធនាគារកណ្តាល​នៃ​ប្រទេស​ទាំង​ពីរ​បានឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​ថា កិច្ចព្រមព្រៀង ដែលមាន​សុពលភាព​រយៈពេល ៣​ឆ្នាំ និង​អាច​ចុះហត្ថលេខា​ជាថ្មី​ឡើងវិញ​នេះ នឹង​ផ្តល់​លទ្ធភាព​កាន់តែ​ប្រសើរ​ដល់​ក្រុមហ៊ុន​នានា​ក្នុង​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក ដើម្បី​ធ្វើ​ជំនួញ ដែល​នា​ពេលកន្លងមក​ធ្លាប់តែ​ទូទាត់​ជា​ប្រាក់​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីដើម​ខែ​តុលា​នេះ កូរ៉េខាងត្បូង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​រូបិយប័ណ្ណ ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១០​ពាន់​លាន​ដុល្លារ​អាមេរិក ហើយក៏​បាន​ចុះហត្ថលេខា ជាមួយនឹង​ប្រទេស​អេ​មី​រ៉េត​អារ៉ាប់​រួម ចំនួន​៥,៤​ពាន់​លាន​ដុល្លារ ផងដែរ​៕

South_Korean_Won

មតិយោបល់