ព័ត៌មានជាតិ

ប្រាក់ចំណូល Ford ត្រីមាស​ទី​៣ មាន​ចំនួន $ ៣៦​ពាន់​លាន​

​ក្រុមហ៊ុន​ផលិត​រថយន្ត Ford Motor Co នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ បាន​រាយការណ៍​ថា ប្រាក់ចំណេញ​របស់​ខ្លួន​នៅ​ត្រីមាស​ទី​៣ ខ្ពស់​ជា​ការរំពឹងទុក​។​

​យោ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​នៅ​ថ្ងៃទី​២៤​ខែតុលា បានឲ្យដឹងថា ប្រាក់ចំណូល​សុទ្ធ​របស់ Ford បាន​ធ្លាក់ចុះ​ជាង ២២​ភាគរយ ដោយ​ចុះ​មក​នៅត្រឹម ១,២៧​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង ៣១​សេន​ក្នុង​មួយ​ភាគហ៊ុន ដោយសារ​មាន​ការចំណាយ​ជា​ពិសេស​មួយ​ជិត ៥០០​លាន​ដុល្លារ​អាមេរិក រួមបញ្ចូល​ទាំង ២៥០​លាន​ដុល្លារ​អាមេរិក​ទៅលើ​ការធ្វើ​កំណែទម្រង់​រោងចក្រ​នៅ​តំបន់​អឺរ៉ុប​។​

​ក្រុមហ៊ុន​បាន​និយាយថា ប្រសិនបើ​មិន​រាប់​បញ្ចូល​ទៅ​លើ​ការចំណាយ​ខាង​លើ​នោះទេ ក្រុមហ៊ុន Ford បាន​រាយការណ៍​ថា ប្រាក់​ចំណេញ​នឹង​មាន ៤៥​សេន​ក្នុង​មួយ​ភាគហ៊ុន ពោល​គឺ​ខ្ពស់ជាង​ក្រុមអ្នកវិភាគ ដោយ​បាន​រំពឹង​ថា មាន​ត្រឹមតែ ៣៨​សេន​ក្នុង​មួយ​ភាគហ៊ុន​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាក់ចំណូល​របស់ Ford នៅក្នុង​ត្រីមាស​ទី​៣ កើនឡើង ១២​ភាគរយ ស្មើនឹង ៣៦​ពាន់​លាន​ដុល្លារ​អាមេរិក​៕

ford

មតិយោបល់