ក្រុមហ៊ុនផលិតរថយន្តធំមួយរបស់ជប៉ុន Mitsubishi បាននឹងកំពុងតែប្រកាសប្រមូលរថយន្តចំនួន ១០.៤៧៤គ្រឿងនៅលើទឹកដីសហរដ្ឋអាមេរិកមកធ្វើការជួសជុលបញ្ហាដែលកើតមានឡើងនៅពេលប្ដូរលេខ ដែលនៅក្នុងនោះមានរថយន្តម៉ូដែល Lancer Evolution។
ម៉ូដែល Lancer Evolution ផលិតឡើងនៅចន្លោះឆ្នាំ២០០៨-២០១៣ បានកើតមានបញ្ហាប្រអប់ស៊ីឡាំងនៅពេលប្ដូរលេខ ដែលបានរំខាន់ដល់អ្នកបើកបរ ព្រោះថាវារលត់ម៉ាស៊ីនដោយស្វ័យប្រវត្ត ហើយមិនអាចបញ្ឆេះម៉ាស៊ីនម្ដងទៀតបាន។
ស្រដៀងគ្នានេះផងដែរ កាលពីខែកក្កដាឆ្នាំ ២០១០ និងខែឧសភា ឆ្នាំ ២០១១ ក្រុមហ៊ុន Mitsubishi បានទទួលសេចក្ដីរាយការណ៍ពីអតិថិជននៅក្នុងប្រទេសជប៉ុនពាក់ព័ន្ធនឹងបញ្ហាដូចគ្នានេះ។
ក្រុមហ៊ុន Mitsubishi បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា តំណាងចែកចាយរបស់ខ្លួននឹងធ្វើការផ្លាស់ប្ដូរទៅលើគ្រឿងម៉ាស៊ីនដែលកើតមានបញ្ហា ដោយប្រតិបត្តិការនឹងចាប់ផ្ដើមពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ ២០១៣ខាងមុខ ដូច្នេះម្ចាស់រថយន្តទាំងអស់ដែលជួបនូវបញ្ហាខាងលើអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Mitsubishi ឬតំណាងចែកចាយណាមួយដែលនៅជិតបំផុត។
គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា កន្លងទៅ ក្រុមហ៊ុន Mitsubishi បានប្រមូលរថយន្តជាង ៦៥០.០០០គ្រឿងនៅក្នុងប្រទេសជប៉ុនមកធ្វើការជួសជុលដោយសាររថយន្តផ្ទុះឆេះ ហើយកាលពីមួយខែមុននេះ ក្រុមហ៊ុនក៏បានប្រមូលរថយន្ត ៤.៥៩០គ្រឿងម៉ូដែល Outlander Sport នៅសហរដ្ឋអាមេរិកមកធ្វើការជួសជុលផងដែរ ដោយសារបញ្ហាដំបូលបិទបើករថយន្តជាប់គាំង៕
មតិយោបល់