ការប្រមូលរថយន្តមកជួសជុលនៅក្នុងប្រទេសចិន មានកំណើនខ្ពស់នៅចន្លោះខែមករា-កញ្ញា ដែលមានរហូតទៅដល់ ៩៧ករណី និងមានរថយន្តចំនួន ២,៦៩លានគ្រឿង។ នេះបើយោងតាមក្រុមអ្នកឃ្លាំមើលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ចំនួនរថយន្តដែលកើនមានបញ្ហា ហើយត្រូវប្រមូលបានកើនឡើង ៩៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១២។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យទទួលខុសត្រូវគុណភាព និងអធិការកិច្ចរថយន្តរបស់ចិនបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការមួយ។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តបរទេសវិនិយោគនៅក្នុងចិនចំនួន ២៤ បានប្រមូលរថយន្តទៅធ្វើការជួសជុល ១,៩៤លានគ្រឿង និងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកចំនួន ២៣ ក៏បានប្រមូលរថយន្តចំនួន ៣៤៩.០០០គ្រឿងទៅជួសជុលផងដែរ។
បញ្ហាធំដែលកើតមានទៅលើរថយន្តទាំងនោះមានដូចជា បញ្ហាផ្នែកហ្វ្រាំង កង់ ប្រព័ន្ធម៉ាស៊ីន និងប្រព័ន្ធគ្រប់គ្រង។ នេះបើយោងតាមការិយាល័យទទួលខុសត្រូវគុណភាព និងអធិការកិច្ចរថយន្តរបស់ចិនឲ្យដឹង៕
មតិយោបល់