ព័ត៌មានជាតិ

ខេ​មមីស កម្ពុជា រួម​ជាមួយ​សាកលវិទ្យាល័យ​ឡឺ​ហាយ បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អប់រំ​លើ​មុខងារ​សុខភាព​សិស្ស និង​មុខងារ​គ្រប់គ្រង​អតីត​សិស្ស​បញ្ចប់​ការសិក្សា សម្រាប់​អង្គការ Caring for Cambodia

​ភ្នំពេញ​៖ កាលពី​ពេល​ថ្មីៗ​នេះ ខេ​មមីស (CAMEMIS) កម្ពុជា រួមជាមួយ សាកលវិទ្យាល័យ​ឡឺ​ហាយ សហរដ្ឋអាមេរិក (Lehigh University) បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ក្នុង​ភាព​ជា​ដៃគូ​លើ​គម្រោង​ដើម្បី​អភិវឌ្ឍ ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អប់រំ​លើ​មុខងារ​សុខភាព​សិស្ស (Health Student) និង​មុខងារ​គ្រប់គ្រង​អតីត​សិស្ស​បញ្ចប់​ការសិក្សា (Alumni Module) សម្រាប់​អង្គការ Caring for Cambodia ។

​លោក ស៊ុន រ៉ា​ពី​ដ តំណាង ខេ​មមីស (CAMEMIS) កម្ពុជា បាន​រៀបរាប់​ថា ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អប់រំ ខេ​មមីស (CAMEMIS) ដែល​ជា​ប្រព័ន្ធ​មួយ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​សាលារៀន សាកលវិទ្យាល័យ ឬ​ស្ថាប័ន​អប់រំ​នានា ក្នុង ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​គ្រប់គ្រង​ការងាររដ្ឋបាល​សំខាន់ៗ របស់​សាលារៀន​ទាំងមូល​ដូចជា ការគ្រប់គ្រង​សិស្ស គ្រូ បង្រៀន ម៉ោង​បង្រៀន ការបង់ថ្លៃ​របស់​សិស្ស ការបង់​ប្រាក់ខែ​គ្រូបង្រៀន មុខវិជ្ជា គ្រប់គ្រង​ថ្នាក់រៀន​និង​បរិក្ខារ​សិក្សា កាល វិភាគ​សិក្សា វិន័យ វត្តមាន ពិន្ទុ សៀវភៅ​សិក្ខាគារិក​ជាដើម​។​

​លោក​បាន​បន្ថែមថា ជា​ការពិត​ណាស់ ប្រទេស​កម្ពុជា​នៅ​មិនទាន់​មាន​សាលារៀន ឬ​សាកលវិទ្យាល័យ​ណាមួយ ដែល​ដាក់អោយ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អប់រំ ដែល​មាន​លក្ខណៈ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ និង​អាច​ប្រើប្រាស់​បាន​នៅ​លើ​បណ្តាញ​អី​ន​ធឺ​ណែ​ត​នោះទេ បើទោះបីជា​មាន​ការប្រើប្រាស់​កម្មវិធី​គ្រប់គ្រង​សិស្ស ឬ​គណនេយ្យ​ខ្លះៗ តែ​ពិតជា​មាន​តិចតួច​ណាស់​។ ហេតុដូចនេះ​ហើយ បានជា​ខេ​មមី​ស (CAMEMIS) ត្រូវបាន​អភិវឌ្ឍ​ឡើង ដែល​នឹង​លើក​ប្រសិទ្ធិភាព​ការងារ ក៏ដូចជា​កាត់បន្ថយ​ការចំណាយ និង​ពេលវេលា ព្រមទាំង​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​រដ្ឋបាល​របស់​សាលារៀន ឬ​សាកលវិទ្យាល័យ​នានា ហើយ​ដែល​នឹង​ជួយ​ជំរុញ​លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​យើង​។

​លោក​សាស្ត្រាចារ្យ Ronald Crane អ្នក​ដឹកនាំ​គម្រោង​របស់​សាកលវិទ្យាល័យ ឡឺ​ហាយ សហរដ្ឋអាមេរិក (Lehigh University) បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យ​មាន​គម្រោង​សហប្រតិបត្តិការ​ជាមួយ​អង្គការ Caring for Cambodia ដើម្បី​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​អប់រំ​សម្រាប់ បម្រើ​អោយ​សាលារៀន​ក្នុង​ខេត្ត​សៀមរាប​ទាំង ២៣ កន្លែង ដែល​មាន​ចំនួន​សិស្ស​ប្រមាណ ៦៥០០​នាក់​។ បន្ទាប់​ពី ក្រុម​អ្នក​ជំនាញ​របស់​សាកលវិទ្យាល័យ បាន​ចុះ​ដោយ​ផ្ទាល់​ដើម្បី​ប្រមូល​ព័ត៌មាន វិភាគ​ពី​តម្រូវការ​របស់​សាលារៀន​ទាំងនោះ ក្រុម​អ្នក​ជំនាញ​របស់​សាកលវិទ្យាល័យ​បាន​ផ្តល់​អនុ​សាស្ត្រ និង​ជ្រើសរើស​ការប្រើប្រាស់ ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អប់រំ ខេ​មមីស (CAMEMIS) ដោយហេតុ​ថា​រាល់​មុខងារ​របស់ ខេ​មមីស (CAMEMIS) បាន​បំពេញ​សេចក្តីត្រូវការ​ទាំងស្រុង​សម្រាប់​គ្រប់គ្រង​សាលារៀន និង​មាន​ជម្រើស​ជាច្រើន​ភាសា ជាពិសេស​ភាសា អង់គ្លេស និង​ខ្មែរ ហើយ​ក្រុម​អ្នកជំនាញ​នឹង​ធ្វើ​ការអភិវឌ្ឍ​បំពេញបន្ថែម​ប្រព័ន្ធ​នេះ​លើ​មុខងារ​សុខភាព​សិស្ស និង​មុខងារ​គ្រប់គ្រង​អតីត​សិស្ស​បញ្ចប់​ការសិក្សា​។
​មុខងារ​សុខភាព​សិស្ស (Health Student) គ្រប់គ្រង​លើ​ប្រវត្តិ​សុខភាព​របស់​សិស្ស​នី​មួយៗ ព័ត៌​ចាក់​ថ្នាំ​វ៉ាក់សាំង កំណត់ត្រា​អំពី​បញ្ហា​ធ្មេញ ពេលវេលា​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​នា​ថ្ងៃ​អនាគត​។​ល​។ ចំពោះ មុខងារ​គ្រប់គ្រង​អតីត​សិស្ស​បញ្ចប់​ការសិក្សា (Alumni Module) គ្រប់គ្រង​លើ​លទ្ធផល​ក្រោយ​ការសិក្សា​របស់​សិស្ស ព្រមទាំង​កត់ត្រា​នូវ​ព័ត៌មាន​ក្រោយ​បញ្ចប់​ការសិក្សា ដូចជា ការងារ ជាដើម​។​

​សូមជម្រាបថា បន្ទាប់​ពី​ប្រកាស​ដាក់​អោយ​ប្រើប្រាស់ ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អប់រំ ខេ​មមីស (CAMEMIS) តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​រួចមក ខេ​មមីស (CAMEMIS) កម្ពុជា បាន​ទទួល​ការស្នើសុំ​ចុះ​ឈ្មោះ​ប្រើប្រាស់​ជា​បន្តបន្ទាប់​ពី​សាលារៀន និង​សាកលវិទ្យាល័យ​នានា​។ ខេ​មមីស (CAMEMIS) កម្ពុជា បាន​នឹង​កំពុង​រៀបចំ​បទ​បង្ហាញ ក៏ដូចជា​វគ្គ​បណ្តុះបណ្តាល​នេះ​ជា​បន្តបន្ទាប់​ទៀត​ទៅ​តាម​សំណូមពរ​របស់​គ្រឹះស្ថាន​អប់រំ​នានា ៕
Cambodia (2)

Cambodia (1)

មតិយោបល់