ក្រុមហ៊ុន Apple បានដាក់តាំងបង្ហាញនូវ iPad នៅក្នុងហាងលក់មួយកន្លែងនៅក្នុងទីក្រុង Canberra ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Vedafone។ ខណៈពេលដែលតាំងបង្ហាញនោះស្រាប់តែ iPad មួយគ្រឿងបានផ្ទុះឡើងជាអណ្ដាតភ្លើង ដែលធ្វើឲ្យភ្ញាក់ផ្អើល រហូតដល់មានក្រុមពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុថែមទៀតផង។
សារព័ត៌មាន Phone Arena បានចុះផ្សាយដោយដកស្រង់សម្ដីរបស់បុគ្គលិកនៅកន្លែងកើតហេតុថា អណ្ដាតភ្លើងបានឆាប់ឆេះចេញពីកន្លែងដោតសាកថ្មរបស់ iPad នោះ ដែលបង្កចេញជាផ្សែងពេញហាង សំណាងល្អដែលមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតនរណាម្នាក់។
សារព័ត៌មានខាងលើបានបន្តទៀតថា តំណាងក្រុមហ៊ុន Apple បានទៅដល់កន្លែងកើតហេតុព្រមទាំងប្រមូលវត្ថុតាំងទាំងឡាយយកទៅពិនិត្យដើម្បីស្វែងរកពីមូលហេតុនៃការឆេះនេះ។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុននេះ ស្ត្រីជនជាតិចិនវ័យក្មេងម្នាក់បានស្លាប់ ពេលដែលនាងចុចទទួលទូរស័ព្ទ iPhone នៅពេលមានគេហៅចូល ខណៈដែលទូរស័ព្ទនោះកំពុងតែសាកថ្ម៕
មតិយោបល់