ព័ត៌មានជាតិ

Update: កម្មការិនីម្នាក់ត្រូវរថយន្តដឹកខ្សាច់បើកបុកពីក្រោយ កិនខ្ទេចក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់

ភ្នំពេញ: កម្មការិនីរោងចក្រម្នាក់ ត្រូវរថយន្តដឹកខ្សាច់បើកបុកពីក្រោយ និងកិនខ្ទេចក្បាលបែកខួរចេញមកក្រៅស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់បំផុត ខណ:ដែលនារីខាងលើជិះម៉ូតូម្នាក់ឯងស្របទិសគ្នាជាមួយរថយន្តដឹកខ្សាច់ ។ ហេតុការណ៍នេះបានកើតឡើងនាម៉ោង ២និង៣៥នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ នៅត្រង់ចំណុចខាងមុខ រដ្ឋបាលជលផលភ្នំពេញ ភូមិខ១ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នារីដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនោះ មានឈ្មោះ ជួប សុគន្ធា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិបល្ល័ង្កកើត ឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីសង់ប៊ិច សេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-2557 ដោយជិះម្នាក់ឯងតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ។ ចំណែកឯរថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2537 បើកបរក្នុងទិសដៅស្របគ្នា ដោយបើកពីក្រោយម៉ូតូក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកនិងគៀបពីក្រោយបណ្តាលឱ្យម៉ូតូរបស់នារីរងគ្រោះដួលខ្ទាតមកខាងស្តាំដៃ ។ ភ្លាមៗនោះ នារីជនរងគ្រោះបានដួលខ្ទាតក្បាលចូលទៅចំកង់រថយន្តខាងស្តាំបណ្តាលឲ្យកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងរន្ធត់ ចំណែកឯម្ចាស់រថយន្តបង្ក ក្រោយពីដឹងថា បានបើកកិននារីរងគ្រោះនោះរួចមក បានបើករថយន្តរត់បានប្រហែលជា ៣០ម៉ែត្រ ក៏បានឈប់រថយន្តនៅចិញ្ចើមផ្លូវខាងស្តាំដៃ ហើយរត់គេចខ្លួនបាត់ស្រម៉ោល។

បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានប្រគល់ឲ្យសមត្ថកិច្ចនគរបាលចរាចរវាស់វែងយកទៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ។ ចំណែកឯសាកសពត្រូវបានដឹកយកទៅកម្កល់ទុកវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

photo_2016-08-30_20-43-55

photo_2016-08-30_20-43-59

photo_2016-08-30_20-44-07

photo_2016-08-30_20-44-11

មតិយោបល់