ព័ត៌មានជាតិ

ក្រុមកម្ពុជាចាញ់អ៊ីរ៉ាក់ ១-៤ វគ្គជម្រុះពូល C FIFA World Cup Qatar 2022

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដោយលទ្ធផល ១ ទល់ ៤ នៅក្នុងការប្រកួតសន្សំពិន្ទុ ក្នុងពូល C ជុំទី២ កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែន នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022)។
នៅវគ្គទី១ ក្រុមអ៊ីរ៉ាក់បានបើកការនាំមុខលើក្រុមកម្ពុជា ៣ទល់០ ដោយធ្វើសម្រេចនាទីទី១, នាទីទី២៣ និងនៅនាទី២៧ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ។ ចូលដល់ដើមវគ្គទី២ ពោលគឺនៅនាទី៥៥ ក្រុមកម្ពុជាតាមបាន ១គ្រាប់វិញ ១ ទល់៣ ដែលធ្វើសម្រេចដោយកីឡាករ សឿយ វិសាល ដោយតែតបញ្ជូលទីបានយ៉ាងល្អ ដោយការទាត់បាល់ Free Kick ពីកីឡារ សេត រ៉ូស៊ីប។ ក្រុមអ៊ីរ៉ាក់ធ្វើសម្រេចបានគ្រាប់ទី៤របស់ខ្លួន នៅជិតបញ្ចប់ការប្រកួតទៅហើយ នាទី៩០ បូក ៣ ក្រុមអ៊ីរ៉ាក់តែតបញ្ជូលទីបានសម្រេច បន្ទាប់ពីបញ្ជូនបាល់ជ្រុងបានយ៉ាងល្អពីមិត្តរួមក្រុម។ ចប់ការប្រកួត ក្រុមអ៊ីរ៉ាក់បានយកឈ្នះក្រុមកម្ពុជា ដោយលទ្ធផលបច្ចេកទេស ៤ទល់១។
ជាមួយនឹងជ័យជម្នះ ជាមួយក្រុមកម្ពុជា បានធ្វើឲ្យក្រុមអ៊ីរ៉ាក់រកបាន៣ពិន្ទុបន្ថែម ដោយឡើងទៅឈរលើកំពូលតារាងបណ្តោះអាសន្ន ក្នុងពូល C ជាថ្មីម្តងទៀត ក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ និងស្មើ២ មាន ១៤ពិន្ទុ ខណ:៧ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ស្មើ១ប្រកួត និងចាញ់៦ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុមក្នុងពូល Cនេះ។ ចំពោះក្រុមអ៊ីរ៉ង់ និងក្រុមបារ៉ែន កំពុងក្តោបក្តាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣បណ្តោះអាសន្ន ដោយមាន១២ពិន្ទុស្មើៗគ្នា។
ក្រុមកម្ពុជានៅសល់ ១ប្រកួតចុងក្រោយ ដោយត្រូវប៉ះជាមួយក្រុមខ្លាំង អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែននេះដូចគ្នា។ សូមរំឭកថា កាលពីជើងទី១ កាលេពីចុងឆ្នាំ២០១៩ ក្រុមកម្ពុជា ក្នុងឋាន:ជាក្រុមភ្ញៀវបានប្រកួតចាញ់ក្រុមអ៊ីរ៉ង់ ដោយលទ្ធផល ០ទល់១៤៕

មតិយោបល់