ក្រុមហ៊ុន Samsung Electronics បានបាត់បង់បណ្តឹងប៉ាតង់ ក្នុងប្រទេសកូរ៉េខាងត្បូងជាមួយនឹងក្រុមហ៊ុន Apple បន្ទាប់ពីតុលាការ ទីក្រុងសេអ៊ូល បានសម្រេចថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មិនបាន បំពានលើប៉ាតង់របស់ក្រុមហ៊ុន Samsung ។
តុលាការកណ្ដាល ទីក្រុងសេអ៊ូល បានសម្រេច កាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងចំណោម ប៉ាតង់បី ដែលក្រុមហ៊ុន Samsung បានអះអាងថា ក្រុមហ៊ុន Apple បានរំលោភ មានប៉ាតង់ចំនួនពីរដែលមិនអាច ទទួលយកបាន។
ក្រុមហ៊ុន Samsung និង Apple ដែលជាកំពូលអ្នកផលិតស្មាតហ្វូនធំជាងគេក្នុងពិភពលោក ត្រូវបាន ជាប់ពាក់ព័ន្ធ ក្នុងការប្រយុទ្ធច្បាប់ ដែលហៅថា “សង្គ្រាមប៉ាតង់នៃសតវត្សនេះ” នៅក្នុងបណ្តាប្រទេស ជាង១០នៅទូទាំងពិភពលោក។
នៅក្នុងខែវិច្ឆិកា តុលាការអាមេរិក បានចេញសាលក្រមថា បញ្ជាឲ្យក្រុមហ៊ុន Samsung បង់ប្រាក់ ២៩០ លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុន Apple ក្នុងការខូចខាតសម្រាប់ការចម្លងលក្ខណៈពិសេសសំខាន់មួយនៃឧបករណ៍ iPhone និង iPad ។
នៅក្នុងពាក្យបណ្តឹង ដាច់ដោយឡែកមួយ កាលពីខែសីហាឆ្នាំ ២០១១ ក្រុមហ៊ុន Samsung បានឈ្នះ ក្រុមហ៊ុន Apple បន្ទាប់ពីតុលាការទីក្រុងសេអ៊ូលមួយផ្សេងទៀត បានសម្រេចថា ក្រុមហ៊ុនផលិត ទូរស័ព្ទ iPhone ដែលមានមូលដ្ឋាននៅទីក្រុង Cupertino រំលោភលើប៉ាតង់ចំនួនពីររបស់ក្រុមហ៊ុន Samsung៕
មតិយោបល់