ចិន៖ មានហេតុការអាក្រក់មួយបានកើតឡើងនៅក្នុងក្រុមហ៊ុន Pegatron ដែលជារោងចក្រធំលំដាប់ទី២ក្នុងការផលិត iPhone ឲ្យក្រុមហ៊ុន Apple ដោយសារតែកម្មករ ៤នាក់បានស្លាប់។
សារព័ត៌មានជាច្រើនបានចុះផ្សាយថា ក្នុងចំណោមកម្មករទាំង ៤នាក់នោះ មានម្នាក់ ទើបតែមានអាយុ ១៥ឆ្នាំ ប៉ុន្តែបានក្លែងអត្តសញ្ញាណប័ណ្ណទៅជាអាយុ ២០ឆ្នាំ។
ការស្លាប់នេះ បានចោទជាបញ្ហាដល់ក្រុមហ៊ុនខាងលើ ព្រោះថាក្រុមឃ្លាំមើលសិទ្ធិមនុស្ស និងសង្គមស៊ីវិលផ្សេងៗបានចោទប្រកាន់ Pegatron ថាបានអនុញ្ញាតឲ្យកម្មករមិនទាន់គ្រប់អាយុធ្វើការ ហើយមួយវិញទៀតការស្លាប់នេះត្រូវបានគេដឹងថា មកពីធ្វើការហួសកម្លាំង និងលើសម៉ោង។
ក្រុមហ៊ុន Pegatron បានបញ្ជាក់ថា ពិតជាមានកម្មករ ៤នាក់បានស្លាប់ពិតមែន ប៉ុន្តែគេមិនបានដឹងថាបុរសម្នាក់ឈ្មោះ Shi នោះមិនទាន់គ្រប់អាយុនោះទេ។ ក្រុមហ៊ុនបានជូនប្រាក់ ១៥.០០០ដុល្លារអាមេរិកដល់គ្រួសារនៃសពតែទំហំទឹកប្រាក់នេះ មិនត្រូវបានគ្រួសារនៃសពទទួលយកនោះទេ ព្រោះថាវាតិចពេក ប៉ុន្តែ Pegatron បានបញ្ជាក់ថាខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ Shi ឡើយ។
បើទោះជាយ៉ាងណាក្ដី ក៏គ្រប់គ្នាបានទម្លាក់កំហុសមកលើក្រុមហ៊ុន Pegatron ថាបានរំលោភសិទ្ធិការងារ និងរំលោភលើច្បាប់មួយចំនួនទៀត ប៉ុន្តែសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតព្រោះថាមានសេចក្ដីរាយការណ៍ថា អ្នកស្លាប់បានកើតមានជំងឺក្រោយពេលចួលបម្រើការងារបាន មួយខែ៕
មតិយោបល់