សម្រាប់វដ្តសង្សារនៃជីវិតស្នេហា វាជារឿងមួយ ដែលពិបាកយល់ និងស្រួលយល់បំផុត នៅពេលខ្លះ ខណៈដែលស្នេហានោះទទួលបានជោគជ័យ តែបើសិនស្នេហាបរាជ័យវិញ ឬស្នេហារកាំរកូស ពិតជាធ្វើឲ្យដួងចិត្ត គ្មានហុងស៊ុយ ខណៈដែលមិត្តស្រីបែរខ្នង រករឿងនឹងបែក និងខឹងមិនចំគោលដៅ ហើយប្រុសៗជាអ្នកទទួលយករឿងដ៏លំបាកនេះ ដោយការអង្វរកគេឬ?
ត្រង់ចំណុចនេះដែរ មានមតិជាច្រើនយល់ឃើញថា វាមិនមែនឲ្យតែប្រុសត្រូវអង្វរក ស្រីរហូតនោះទេ តែយើងត្រូវសួររកហេតុផលខ្លួនឯងថា តើយើងជាអ្នកខុស ឬនាងជាអ្នកខុស បានជាតម្រូវឲ្យទៅសុំទោសនាង តែបើសិនជានិយាយរឿងហេតុផល មិនចេះស្តាប់គ្នាទៀត ពិតជាធ្វើឲ្យយើងលំបាកហើយ ព្រោះថាយើងកំពុងតែស្រលាញ់ចំមនុស្សដែលគិតពីចិត្តខ្លួនឯងជាធំ។នេះបើតាមសម្តីរបស់លោក សុភ័ក្រ ដែលជាអ្នកធ្វើការនៅក្រុមហ៊ុន ឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ។
ដោយឡែក ខាងប្អូនប្រុស សោភ័ណ្ឌ ដែលជានិស្សិតឆ្នាំទី ២ នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានប្រាប់ឲ្យដឹងថា រឿងនេះពិបាក រកចំណុចគម្លាតខ្លាំងណាស់ ហើយក៏ពិបាកនឹងនិយាយផងដែរ តែប្អូនសុំបញ្ចេញមតិថា វាជារឿងធម្មតានោះទេ ធម្មជាតិរបស់មនុស្សស្រីចូលចិត្តឲ្យប្រុសៗលួង តាមយកចិត្តខ្លួនគ្រប់ពេល តែបើមិនធ្វើយើងប្រាកដជាអត់ហើយ ព្រោះថានេះវាជាឱកាសរបស់ព្រានដែលកំពុងហុតទឹកសំឡឹងកាក តាមផ្គាប់ចិត្តនាង និងទាញនាងពីយើង ។តែបើនិយាយពីរឿងស្នេហា ឲ្យស្រលាញ់តែម្ខាងៗ វាមិនស្រួលនោះទេ ហើយឲ្យប្រុសអង្វររហូតក៏មិនមែនជារឿងល្អនោះទេ តែបើឲ្យប្រុសៗអង្វរចំចំណុចត្រូវមានទៅស្អី យើងអង្វរទៅមានទៅថោកទាបអ្វី បើយើងខុសមែន ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ លោក រិទ្ធ ដែលជាមន្ត្រីផ្នែកអង្គរក្ស បានសូមបញ្ចេញមតិថា បើសិនជាគិតថា បុរសអង្វរកស្រីរហូត វាមិនត្រឹមត្រូវនោះទេ និយាយរឿងស្នេហា បើឲ្យស្រលាញ់តែម្ខាង ហើយម្ខាងទៀតចាំឲ្យតែប្រុសអង្វរ រហូតនោះ រស់នៅជាមួយនឹងគ្នាមិនចុះសម្រុងឡើយ ។ម្យ៉ាងវិញទៀត និយាយពីរឿងប្រុសព្រានវិញ គាត់ចូលចិត្តអង្វរស្រីៗ ខណៈដែលមិនទាន់បានខ្លួន តែបើសិនបានខ្លួនហើយ ប្រាកដជារកលេសនេះ លេសនោះ ដើម្បីដោះដៃជាក់ជាមិនខាន និងលែងអង្វរនាង ជាមិនខានឡើយ អាចនឹងខាងស្រីមកអង្វរ វិញក៏ថាបានដែរ។
ចុះសម្រាប់ប្រិយមិត្តអ្នកអានវិញ គិតយ៉ាងម៉េចដែរ ជាមួយនឹងចម្ងល់ ខាងលើ ! ៕
មតិយោបល់