ហុងកុង៖ កំពូលតារាសម្ដែងក្បាច់គុណកុងហ្វូរបស់ចិនវ័យ ៥០ឆ្នាំ លោក លី លានជា (Jet Li) ថ្មីៗនេះ បានបង្ហើបឲ្យដឹងថា លោកកំពុងប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺទីរ៉ូអ៊ីត។
ថ្លែងនៅក្នុងវេទិកាបង្ហាញទេពកោសល្យក្បាច់គុណដល់អ្នកកាសែត លោក លី លានជា បានបង្ហាញពីរោគវិនិច្ឆ័យរបស់លោកដល់សាធារណៈជនឲ្យបានជ្រាបថា លោកកំពុងតែប្រឈមមុខនឹងជំងឺទីរ៉ូអ៊ីត។ តារាសម្ដែងរូបនេះ បាននិយាយបែបកំប្លែងថា ”មានពេលខ្លះខ្ញុំស្រកទម្ងន់ជាង ១៥គីឡូក្រាម មានពេលខ្លះឡើងទម្ងន់ជាង ១៥គីឡូក្រាម“។
“នៅពេលនេះខ្ញុំពិតជាធាត់ និងសម្បូរជាតិខ្លាញ់ ព្រោះតែសារធាតុថ្នាំ និងម្យ៉ាងទៀតលោកមិនអាចហាត់ប្រាណបាន“។ នេះជាសំដីដែលលោកបានថ្លែងបន្តប្រាប់អ្នកកាសែត។
លី លានជាបានលាតត្រដាងប្រាប់មហាជនថា ជំងឺរបស់លោកត្រូវបានរកឃើញកាលពីឆ្នាំ ២០១០ ហើយគាត់បានថែរក្សាស្ថានភាពជំងឺឲ្យនៅក្រោមការត្រួតពិនិត្យជាមួយនឹងថ្នាំ ប៉ុន្តែនៅពេលនេះ ចាប់ផ្ដើមធ្ងន់ធ្ងរ។ លោកបានបន្តទៀតថា “ខ្ញុំជាមនុស្សធម្មតា មិនមែនដូចនៅក្នុងភាពយន្ត (កំពូលកុងហ្វូ) ហើយខ្ញុំក៏មិនមែនជាវិរបុរសនោះទេ“។
គួរបញ្ជាក់ផងដែរថា ក្រោយពីទទួលបានជើងឯកជាកំពូលក្បាច់គុណវ័យក្មេងមក លោក លី លានជា បានចាប់ផ្ដើមប្រឡូកនៅក្នុងវិស័យភាពយន្តចាប់តាំងពីឆ្នាំ ១៩៨០ រហូតដល់ក្លាយជាកំពូលតារាសម្ដែងប្រចាំប្រទេសចិន និងជាកំពូលតារាសម្ដែងមួយរូបនៅក្នុងពិភពហូលីវូដផងដែរ៕
មតិយោបល់