បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សម្រាកដ៏សំខាន់បំផុត សម្រាប់ជនជាតិចិន។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី។
ជាប្រពៃណី ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖ 正月, pinyin៖ zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។
ពេលល្ងាច នៅថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវគេឲ្យឈ្មោះថា ជូស៊ី (除夕, ជាពាក្យកាត់ របស់ពាក្យ 年除夕 នៀនជូស៊ី, ហើយពាក្យជូស៊ី សម្រាប់ប្រើក្នុងប្រទេសតៃវ៉ាន់) ពាក្យនេះមានន័យថា “ពេលល្ងាចឆ្លងឆ្នាំ”។
ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពលទៅលើពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ។
ប្រទេសទាំងនោះ រួមមានប្រជាជនដើមនៃជនជាតិតៃវ៉ាន់ ជនជាតិកូរ៉េ ជនជាតិម៉ុងកូល ជនជាតិនេប៉ាល់ ជនជាតិប៊ូតង់ ជនជាតិយួន និងអតីតជនជាតិជប៉ុននៅមុនឆ្នាំ១៨៧៣។ ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា ក៏ដូចជាប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់ ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។ពិធីបុណ្យនេះ នឹងត្រូវផ្លាស់ប្ដូរកម្រិត ហើយក្លាយទៅជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី របស់ប្រទេសទាំងនោះ។
គេពុំអាចបញ្ជាក់បានច្បាស់ថា ការចាប់ផ្ដើមនៃបុណ្យចូលឆ្នាំ ត្រូវបានប្រារព្ធធ្វើឡើងនៅមុនសម័យរាជវង្សជីន បានឡើយ។ តាមទំនៀមទំលាប់ គេនិយាយថាបុណ្យចូលឆ្នាំ បានចាប់ផ្ដើមនៅមួយខែ ក្នុងរាជវង្សសៃ ១២ខែក្នុងរាជវង្សសាង និង១១ខែ ក្នុងរាជវង្សស៊ូ។ តែយ៉ាងណាក៏ដោយ មានឯកសារបានបង្ហាញថា រាជវង្សស៊ូ បានចាប់ផ្ដើមឆ្នាំ ក្នុងរយៈពេល១ខែ។ អធិមាស ធ្លាប់បានធ្វើឲ្យប្រតិទិនច័ន្ទគតិ កើតឡើងដំណាលគ្នា ជាមួយប្រតិទិនសុរិយគតិ ដែលបានបន្ថែម១២ខែ ក្រោយសម័យទាំងពីរ គឺសម័យរាជវង្សសាង និងរាជវង្សស៊ូ។ ព្រះចៅអធិរាជចិនដំបូង ព្រះអង្គជីស៊ីហ៊ាង បានផ្លាស់ប្ដូរ ការចាប់ផ្ដើមនៃឆ្នាំ ទៅខែទី១០ ក្នុងឆ្នាំ២២១ មុនគ.ស. ហើយក៏បានផ្លាស់ប្ដូរទីតាំងនៃ អធិមាស ទៅ៩ខែមុនវិញ។ ទោះជា ឆ្នាំថ្មី ត្រូវបានប្រារព្ធឡើង នៅដើមខែ១០ ឬខែ១ ឬ ក្នុងពេលទាំងពីរក៏ដោយ ក៏គ្មាននរណាអាចដឹងច្បាស់លាស់បានទេ។ នៅក្នុងឆ្នាំ ១០៤ មុនគ.ស. ព្រះចៅអធិរាជ វូ នាសម័យរាជវង្សហាន បានចាត់ទុក ខែមួយ គឺជាការចាប់ផ្ដើមនៃឆ្នាំ ដែលជាទីតាំងនៃពេលវេលា។
យោងទៅតាម រឿងនិទាន និងរឿងព្រេង ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធប្រឆាំងជាមួយសត្វក្នុងទេវកថា មានឈ្មោះថា “នៀន” មានន័យថា “ឆ្នាំ” ជាភាសាចិន។ នៅថ្ងៃទីមួយក្នុងឆ្នាំថ្មី នៀនបានមកកាប់សម្លាប់ពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិ បានដាក់ចំណីអាហារនៅមុខផ្ទះរបស់ពួកគេជារៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពី សត្វនៀន បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប កាប់សម្លាប់ប្រជាជនទៀតទេ។ គ្រាមួយ អ្នកភូមិបានឃើញ សត្វនៀន មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ ក្រោយពីឃើញដូច្នោះ អ្នកភូមិក៏នាំគ្នាយល់ថា សត្វនៀន ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិតក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញ សត្វនៀន ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក សត្វនៀន ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វនៀននោះ។ សត្វនៀន ក៏ខ្លាចទៅជាយានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ។
តាមប្រវត្តិសាស្រ្តចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងកប់ជ្រៅ។ គេមានតំណមជាច្រើន នៅក្នុងអំឡុងចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឫហៅថា “ឈឺអ៊ិច”។ ក្នុងរយ: ពេល ៣ ថ្ងៃនេះ គេចាត់ទុក ជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំឲ្យប៉ះពាល់ដល់មង្គល ឫដល់ឆ្នាំថ្មីឡើយ។ គេត្រួវធ្វើ ឲ្យសប្បាយនាំសិរីសួស្តីចូលខ្លួន និងក្រុមគ្រួសារ។
ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីជនជាតិចិនមានតំណមមិនឲ្យកើតរឿងយំសោកសៅ ពីព្រោះវាអាចនាំមកនូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ។ តំណមនេះសូម្បីតែកូនចៅ ដែលរឹងរូសក៏ឳពុកម្តាយ ឫមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន។
ការស្លៀកពាក់ខោអាវថ្មី និងខ្លួនស្អាតបាទជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបក្នុងការទទួលឆ្នាំថ្មី។ ទោះបីយ៉ាងណាក្នុងអំឡុងពេលនេះ គេមានតំណមមួយគឺហាមកក់សក់ក្បាល ប៉ុន្តែកន្លែងដទៃៗទៀតអាចធ្វើការសម្អាតបានធម្មតាពីព្រោះថា ការកក់សក់គេមានជំនឿថាហាក់បីដូចជាការ លាងជម្រះជោគសំណាងចេញពីខ្លួនដូច្នេះដែរ។ ចំពោះសម្លៀកបំពាក់ពណ៌ក្រហមជាទីពេញនិយម បំផុត ដែលគេប្រើសម្រាប់ស្លៀកពាក់ក្នុងអំឡុងចូលឆ្នាំចិន។ ពណ៌នេះគេចាត់ទុកជាពណ៌ងូវហេងនាំ ជោគលាភ និងសិរីសួស្តី។ សម្រាប់ក្មេង ឫមនុស្សនៅលីវ គេតែងឲ្យ អាំងប៉ាវ ដែលជាកញ្ចប់ លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភ។
ការចូលទៅរកនរណាម្នាក់ក្នុងបន្ទប់ដេករបស់គេក្នុងថ្ងែបុណ្យចូលឆ្នាំចិន ចាត់ទុកជាជោគសំណាង អាក្រក់។ ដូច្នេះទោះបីអ្នកមានរោគជំងឺដែលត្រូវចូលទៅសួរសុខទុក្ខ ក៏ចាំបាច់ត្រូវចេញមកអង្គុយ ក្នុងបន្ទប់ទទួលភ្ញៀវដែរ។ មិនគួរប្រើកាំបិត ឬកន្រ្តៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ព្រោះគេមានជំនឿថា នេះជាការកាត់ជោគលាភ ហើយបើមានមុតដៃជើងផង គឺកាន់តែជួបរឿងអាក្រក់ថែមទៀត។
ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឲ្យប្រេះស្រាំ ឬធ្លាក់ បែកជាការនាំឲ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តី សុខឡើយ៕
ដកស្រង់ចេញពី WikiPedia
មតិយោបល់