យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលចេញផ្សាយកាលពីខែវិច្ឆិកា បានឲ្យដឹងថាមានភ្ញៀវទេសចរណ៍អន្តរជាតិជាងពាក់កណ្ដាលនៃភ្ញៀវទេសចរណ៍អន្តរជាតិសរុប មានគោលដៅមកទស្សនាប្រាសាទអង្គរវត្ត។
នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយក្រសួងទេសចរណ៍បានឲ្យដឹងថា ចាប់តាំងពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០១៣ មានភ្ញៀវទេសចរណ៍អន្តរជាតិសរុបចំនួន ៣.៧៧៨.៣៥៨នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ដែលមកទស្សនានៅក្នុងប្រទេសកម្ពុជាច្រើនជាងគឺប្រទេសវៀតណាមដែលមានចំនួន ៧៨១.៨៤៩នាក់ បន្ទាប់មកគឺប្រទេសចិន មានចំនួន ៤១៧.២៦១នាក់។
យោងតាមរបាយការណ៍បានបញ្ជាក់ថា មានភ្ញៀវទេសបរទេសចំនួន ១.៩៨៤.៩១៧នាក់ មានគោលដៅតម្រង់មកខេត្តសៀមរាប ជាពិសេសគឺមកទស្សនាប្រាសាទអង្គរវត្ត។
គួរបញ្ជាក់ផងដែរថា ចំនួនភ្ញៀវទេសចរណ៍បរទេសសរុបប្រចាំឆ្នាំ ២០១៣ នៅមិនទាន់ប្រកាសឲ្យដឹងជាផ្លូវការនោះទេ ប៉ុន្តែបើយោងតាមសំដីរបស់លោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចហ៊ុន សែន ដែលថ្លែងនៅថ្ងៃទី១៣ខែមករា ឆ្នាំ ២ឥ១៤ នៅក្នុងសន្និសីទកម្ពុជា វៀតណាម លើកទី៤ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មាន ៤,២លាននាក់ ដែលបានកើនឡើង ១៧ភាគរយ បើធៀបនឹងឆ្នាំ ២០១២៕
មតិយោបល់