ព័ត៌មានជាតិ

អ៊ីរ៉ង់​ឲ្យ​រុស្ស៊ី​សង់រោងចក្រ​រ៉េ​អា​ក់ទ័រ​នុយក្លែអ៊ែរ​ក្នុង​ប្រទេស​ខ្លួន​ដើម្បី​ប្ដូ​រយក​ប្រេង​

ប្រទេស​រុស្ស៊ី​អាច​កសាង​រ៉េ​អា​ក់ទ័រ​ទី​២ នៅក្នុង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ នា​ទីក្រុង Bushehr ប្រទេស​អ៊ីរ៉ង់ ដើម្បី​ផ្លាស់ប្ដូរ​ប្រេង​របស់​អ៊ីរ៉ង់​។ នេះ​បើ​យោងតាម​សំដី​របស់​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​បាន​ថ្លែង​ឲ្យដឹង​នៅក្នុង​ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​

Iran-oil

​លោក Mehdi Sanaei ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ បាន​ថ្លែងថា “​ប្រទេស​រុស្ស៊ី​ក៏​អាច​ផ្គត់ផ្គង់​ឲ្យ​អ៊ីរ៉ង់​នូវ​រថយន្ត ផ្លូវដែក រោងចក្រ​ចម្រាញ់​ប្រេង​ខ្នាតតូច ឬ​ទំនិញ​ផ្សេងៗ ដើម្បី​ជា​ការផ្លាស់ប្ដូរ​ប្រេង​របស់​អ៊ីរ៉ង់​”​។ ស្ថិត​ក្រោម​កិច្ច​ព្រមព្រៀង​នេះ ដូចគ្នា​ទៅ​នឹង​សារ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះ​ផ្សាយ​កាលពី​ខែ​មុន​ថា ក្រុមហ៊ុន​រុស្ស៊ី និង​អ៊ីរ៉ង់​បាន​ចរចា​លើ​កិច្ចព្រមព្រៀង​ផ្លាស់ប្ដូរ​ប្រេង ៥០០.០០០​ធុង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ប្ដូរ​ជាមួយនឹង​ទំនិញ​របស់​រុស្ស៊ី ដែល​កិច្ច​ពិភាក្សា​នេះ​បាន​ធ្វើឲ្យ​អន្តរាយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែ​ង​របស់​បណ្ដាល​ប្រទេស​លោកខាងលិច ដើម្បី​រក្សា​ធម្ពាធ​សេដ្ឋកិច្ច និង​ទប់ស្កាត់​កម្មវិធី​នុយក្លែអ៊ែ​រ​។​

​នៅក្នុង​សេចក្ដី​ថ្លែង​ការ​ជា​សាធារណៈ លោក Sanaei បាន​និយាយថា “​មុន​កិច្ចប្រជុំ​ប្រទេស​មហាអំណាច​ទាំង​៦ រួមបញ្ចូល​ទាំង​រុស្ស៊ី​ផង​នោះ អ៊ីរ៉ង់​បាន​ពិភាក្សា​ស្ដីអំពី​ការផ្គត់ផ្គង់​ទំនិញ​របស់​រុស្ស៊ី ក្នុង​ការប្ដូរ​យក​ប្រេង​ពី​អ៊ីរ៉ង់​”​។​

​លោក​បាន​បន្តទៀតថា អ៊ីរ៉ង់​អាច​នឹង​ចំណាយ​ប្រាក់​ខ្លះ​ក្នុង​ការជួយ​សាងសង​រ៉េ​អា​ក់ទ័រ​ទី​២​នេះ ដើម្បី​ឲ្យ​រុស្ស៊ី​មាន​រោងចក្រ​ថាមពល​នុយក្លែអ៊ែរ​ធំ​ពីរ​នៅ​អ៊ីរ៉ង់​៕​

មតិយោបល់