ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកំប្លែង នាយស្មាញ ក្អកធ្លាក់ឈាមធ្ងន់ធ្ងរ

ភ្នំពេញ: បន្ទាប់ពីតារាកំប្លែង នាយគ្រៀវ ទើបគេត្រូវគេផ្សាយថា មានជំងឺស្លាប់មួយចំហៀងខ្លួន ពេលនេះតារាកំប្លែង ដែលធ្លាប់មានឈ្មោះបោះសំឡេងម្នាក់ទៀត គឺនាយស្មាញ ក៏ស្ថិតក្នុងសភាពគួរឲ្យបារម្ភផងដែរ។ នាយកំពុងស្ថិតក្នុងការសង្គ្រោះនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ជាមួយនឹងសភាព មិនមានលទ្ធភាពព្យាបាលជំងឺនោះទេ ក្រៅពីលើកដៃសុំជំនួយដើម្បីឲ្យបានបន្តរស់។

លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានអះអាងថា តារាកំប្លែងនាយស្មាញបានធ្លាក់ខ្លួនក្អកធ្លាក់ឈាម ក្នុងកម្រិតធ្ងន់ធ្ងរ ប្រមាណជា៣ថ្ងៃមកហើយ មុនពេលត្រូវក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកេតុមាលា។

កាលពីល្ងាចថ្ងៃទី២៧មេសា លោកបានចុះទៅសួរសុខទុក្ខ និងពាំនាំថវិកាចំនួន១០០ដុល្លារពីសប្បុរសជន និងពីរូបលោកផ្ទាល់យកទៅប្រគល់ជូនដល់បន្ទប់សម្រាកព្យាបាល។ លោកថា នាយស្មាញ គឺជាតារាកំប្លែងដែលមានជីវភាពខ្វះខាតគួរឲ្យសង្គេគ ដោយសារតែក្នុងពេលល្បី គឺលោករកលុយពីការកំប្លែងបានតែមួយរស់ៗ។

លោកដង្ហោយការជួយសង្គ្រោះ ជំនួសឲ្យក្រុមគ្រួសាររបស់នាយស្មាញ ដើម្បីឲ្យនាយស្មានមានលទ្ធភាពព្យាបាលជំងឺក្អកធ្លាក់ឈាម ដែលពេទ្យប្រាប់ថា នឹងចំណាយពេលដល់៦ខែទៅមុខ។ លោកថានាយស្មាញ មិនមានអ្វីក្រៅពីម្រាមដៃ១០នោះទេ ហើយប្រសិនបើគ្មានការជួយសង្គ្រោះ ក៏នឹងធ្វើឲ្យជីវិតរបស់តារាកំប្លែងរូបនេះប្រឈមនឹង ភាពខ្វះខាតផងដែរ ដោយសារតែកូនចៅរបស់លោកគឺសុទ្ធតែ ខ្វះលទ្ធភាព។

លោកបានសរសេរនៅលើហ្វេសប៊ុកថា «ឱ!លោកអើយ!! ម្តេចក៏ជួបរឿងផ្ទួនៗមកលើអ្នកសិល្បៈបែបនេះ? សូមជួយនាយ (នាយស្មាញ) ផង!ជួយយកតែបុណ្យទៅចុះ! យើងសុទ្ធតែជាខ្មែរដូចគ្នាទេណាបងប្អូនអើយ!»។ នេះមិនមែនជាលើកទី១នោះទេ ដែលលោក សុះ ម៉ាច បានប្រកាសអំពាវនាវស្វែងរកថវិកាពីសប្បុរសជន និងតារាសិល្បៈជួយដល់តារាសិល្បៈដែលធ្លាក់ខ្លួន។

មុននេះបន្តិច តារាកំប្លែង នាយគ្រៀវ ក៏ស្ថិតក្នុងភាពសង្វេគបែបនេះផងដែរ។ លោកថា នាយគ្រៀវ និងនាយស្មាញសុទ្ធតែមានជីវិតកំសត់ អ៊ីចឹងហើយទើបលោកទទូចឲ្យមានការជួយសង្ គ្រោះចំពោះនាយទាំងពីរ ដើម្បីឲ្យនាយមានលទ្ធភាពបន្តរស់ដោយមិនលំបាកដូចពេលនេះ។ លោកថាជារឿងអនិច្ចា ដែលតារាកំប្លែងក្នុងពេលចាស់ទៅបានសល់តែជំងឺធ្ងន់ធ្ងរ ហើយមានតែម្រាមដៃ១០ និងបង្ហូរទឹកភ្នែកដើម្បីសុំជំនួយក្នុងពេលឈឺធ្ងន់។

លោកទទូចឲ្យសប្បុសជនធ្វើការបរិច្ចាគតាមលេខទូរស័ព្ទ ០១២ ៩៣ ២៦ ៧២ ជួយដល់នាយស្មាញ ដោយផ្ទាល់ ឬតាមរយៈទូរស័ព្ទរបស់លោក០១៧ ៨៥៥ ៦២៨ និង ០១៧ ៤៨០ ១៧៧ ដោយលោកប្រកាសថា នឹងយកចំនួយទាំងនេះទៅជួយតារាទាំងពីរមិនឲ្យបាត់ សូម្បីមួយកាក់មួយសេននោះទេ៕

photo_2016-04-27_22-53-13 photo_2016-04-27_22-53-20

មតិយោបល់