លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានពិភាក្សាគ្នាលើបញ្ហានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ដែលលោកខាងលិចមានបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះបើយោងតាមទូរទស្សន៍ក្នុងស្រុកបានចាក់ផ្សាយនៅថ្ងៃសុក្រម្សិលមិញ។

យោងតាមការផ្សាយបានដោយស្រង់នូវសំដីរបស់លោក Hassan Rouhani ដែលនិយាយតាមទូរស័ព្ទជាមួយលោក ពូទីនថា «ប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាចក្នុងពិភពលោក ស្ថិតនៅក្នុងដំណាក់កាលមួយដ៏សំខាន់សម្រាប់ការឈានទៅដល់ការចរចាចុងក្រោយ»។
ក្នុងនោះទូរទស្សន៍ក៏បានស្រង់នូវសំដីរបស់លោក ពូទីនផងដែរថា «យើងធ្វើបានល្អបំផុត ដូច្នេះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់អាចនឹងឈានទៅដល់លទ្ធផលចុងក្រោយ»។
គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីរ៉ង់ និងក្រុម P5+1 ដែលមានសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃអង្កការសហប្រជាជាតិ បួកនឹងប្រទេសអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយបណ្ដោះអាសន្នពីបញ្ហានុយក្លេអ៊ែរនៅក្នុងទីក្រុងហ្សឺណែវ កាលពីខែវិច្ឆិកាកន្លងទៅ និងបានចូលជាធរមាននៅថ្ងៃទី២០ខែមករា ហើយភាគីទាំងពីរបានគ្រោងនឹងជួបគ្នានៅក្នុងប្រទេសអូទ្រីសនៅថ្ងៃទី១៧ខែមីនាខាងមុននេះ ដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងចុងក្រោយលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់៕
មតិយោបល់