ភ្នំពេញ ៖ ហេតុការណភ្ញាក់ផ្អើលមួយធ្វើអោយសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗព្រោះតែមានស្ត្រីម្នាក់រត់ចេញពីផ្ទះសំណាក់ស្រែកឆោឡោអោយគេជួយខ្លួន ដោយសាររូបនាងត្រូវបុរសម្នាក់វាយធ្វើបាបនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ លី ហួរ កាលពីវេលាម៉ោង១២និង៤០នាទីយប់ឈានចូលថ្ងៃទី១៨ខែមិនាឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមការនិយាយរៀបរាប់ពីស្ត្រីរងគ្រោះខាងលើឈ្មោះ សៀម ធា អាយុ៣២ឆ្នាំមុខរបរជានារីបំរើផ្លូវភេទ ស្នាក់នៅផ្ទះជួលម្ដុំគីឡូម៉ែត្រលេខ១០ ខណ្ឌឫស្សីកែវ បានអោយដឹងថា នៅមុនពេលកើតហេតុនាងត្រូវបានបុរសម្នាក់ឈ្មោះ នួន ថាណែល អាយុ២៩ឆ្នាំធ្វើការនៅម្ដុំច្បារអំពៅ ស្នាក់នៅម្ដុំវត្តនិរោធ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ បានមកយកនាងនៅម្ដុំសួនក្បែរភោជនីយដ្ឋានទន្លេសាប ក្នុងបំណងយកមកបំរើផ្លូវភេទដោយស្ត្រីរូបនេះដាក់តម្លៃទៅបុរសនោះចំនួន២០ដុល្លារហើយក៏បុរសនោះយល់ព្រមហៅអោយនារីឡើងជិះម៉ូតូទៅជាមួយគាត់ លុះមកដល់ផ្ទះសំណាក់យីហោ លី ហួរ ចូលដល់ក្នុងបន្ទប់ហើយបុរសនេះគាត់មានតែ១៥ដុល្លារទេ ហើយស្ត្រីនេះគាត់ក៏បានបដិសេធមិនយល់ព្រម ព្រោះបាននិយាយគ្នាហើយថាអោយ២០ដុល្លារ ហេតុអ្វីមកដល់ផ្ទះសំណាក់ហើយបែរជាអោយ១៥ដុល្លារទៅវិញ ។ដោយមានការជជែកគ្នាយ៉ាងខ្លាំងធ្វើអោយបុរសនេះខឹងនិងស្ត្រីនោះយ៉ាងខ្លាំងក៏ស្ទុះទៅច្របាច់ក និងខាំស្លឹកត្រចៀកប្រតាយប្រតប់គ្នាពេញក្នុងបន្ទប់ ខណៈនោះស្ដ្រីខាងលើបានព្យាយាមរត់ចេញពីក្នុងបន្ទប់ដើម្បីទៅរកអោយគេជួយព្រោះថាបុរសនោះចង់សម្លាប់នាងហើយ។
ភ្លាមៗនោះដោយមានការជួយសង្គ្រោះពីប្រជាពលរដ្ឋនិងរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកអន្តរាគមន៍ភ្លាមៗដល់ផ្ទះសំណាក់យីហោ លីហួរ ខាងលើនេះបណ្ដាលអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសខាងលើនេះយកមកប៉ុស្ដិ៍នគរបាលស្រះចករួមទាំងស្ត្រីខាងលើមកធ្វើការដោះស្រាយគ្នាផងដែរ។
បច្ចុប្បន្នចំពោះហេតុការណ៍ខាងលើសមត្ថកិច្ចកំពុងធ្វើការសាកសួរព្រោះថាបុរសខាងលើបានប្រកែកយ៉ាងខ្លាំងថាគេបានអោយលុយស្ត្រីនោះរួចហើយ នាងមិនព្រមបំរើផ្លូវភេទអោយគេនោះទេ តែទោះជាប្រុសប្រកែកស្រីប្រកាន់យ៉ាងណា នៅតែសមត្ថកិច្ចធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់