ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាកយ៉ាម៉ាហាFZ ពណ៌ខ្មៅមួយគ្រឿងក្នុងល្បឿនលឿនខណៈដល់ផ្លូវកែងក៏មានម៉ូតូសង់ស៊េរីចាស់មួយគ្រឿងជិះដោយបុរស២នាក់ បត់ឆ្វេងបញ្ច្រាស់ផ្លូវបុកចំម៉ូតូFZពេញទំហឹងបណ្ដាលអោយរងរបួសទាំង៣នាក់ ចំណែកម៉ូតូរងការខូចខាតទាំងសងខាង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់ឈានចូលថ្ងៃទី១៨ខែមិនាឆ្នាំ២០១៤ត្រង់ចំណុចក្បែរសណ្ឋាគារ ឈូកទិព្វមុនីរ៉េត ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហាFZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-9742 ធ្វើដំណើរតាមបណ្ដោយផ្លូវមុនីរ៉េត ពីទិសដៅត្បូងទៅជើង ក្នុងល្បឿនលឿនខណៈមកដល់ផ្លូវកែងលេខ២៨៦ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ គ០៧៧៥ កច១ ជិះធ្វើដំណើរដោយបុរស២នាក់ ទិសដៅពីកើតមកលិច ហើយបំរុងបត់ឆ្វេងបញ្ច្រាស់ផ្លូវក៏បុកចំម៉ូតូFZពេញទំហឹងបណ្ដាលអោយបុរសទាំង៣នាក់រងរបួសស្រាល ចំណែកម៉ូតូទាំង២គ្រឿងរងការខូចខាតទាំងសងខាង។
បន្ទាប់ពីកើតហេតុភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវ ហើយសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍ភ្លាមៗ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរដើម្បីធ្វើការវាស់វែងនិងយកទៅទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំធ្វើការដោះស្រាយ៕
មតិយោបល់