ព័ត៌មានជាតិ

សន្តិសុខ VIP ២​នាក់ ដែល​បើក​ដៃ​ឱ្យ​ចោរលួច​ទ្រព្យសម្បត្តិ​ក្នុង​ក្រុមហ៊ុន ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​

​ភ្នំពេញ ៖ សន្តិសុខ​២​នាក់​របស់​ក្រុមហ៊ុន​វី​អាយ​ភី​(VIP) ដែល​ពាក់ព័ន្ឋ​នឹង​ការបើកដៃ អោយ​ចោរ​ចូល​លួច​កុំព្យូទ័រ​ឡេបថប​២​គ្រឿង និង ទូដែក​មួយ ក្នុង​ក្រុមហ៊ុន​ឯកជន​ដែល​ខ្លួន កំពុង​ការពារ​សុវត្ថិភាព​នោះ បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី រសៀល​ថ្ងៃ​ទី​២ មេសា ២០១៤ ឃុំខ្លួន​ដាក់​ពន្ឋនាគារ​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​ការស៊ើបអង្កេ​ត​បន្ត​ទៀត​។​

​ ​សន្តិសុខ​ទាំង​២​នាក់​នេះ​ឈ្មោះ​ឈាង លួត អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​ឈ្មោះ ឯក ឆើត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ​២០១៤ ដោយ​យោង​លើ​ពាក្យបណ្តឹង​របស់​ឈ្មោះ ផុន ឆាយ​ហុង ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​នាយក​ក្រុមហ៊ុន​។​
​ក្នុង​ពាក្យបណ្តឹង​បានបញ្ជាក់​ថា នៅ​ថ្ងៃកើតហេតុ​គាត់​បាន​ចេញ​ទៅ​ហូប​បាយ​ថ្ងៃត្រង់​ជាមួយ​ភ្ញៀវ​នៅ​ខាងក្រៅ​ក្រុមហ៊ុន មួយសន្ទុះ​ក្រោយមក​បុគ្គលិក​បាន​ទូរស័ព្ទ​ប្រាប់ថា បាត់​កុំព្យូទ័រ​ឡេបថប​ចំនួន​២​គ្រឿង និង​ទូដែក​ខ្នាត​តូច​មួយ តែ​ក្នុង​ទូដែក​នោះ​ពុំ​មាន​ប្រាក់​ទេ មាន​តែង​ឯកសារ និង​លិខិតឆ្លងដែន​របស់​បុគ្គលិក​ចំនួន​២៩​ក្បាល​។​

​ពេលនោះ​គាត់​បាន​ទៅ​ត្រួតពិនិត្យ​នៅលើ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ក៏​ឃើញ​មាន​មនុស្ស​ចម្លែក​២​នាក់ ជិះ​ម៉ូតូ​ចូល​មក​លួច​យក​ឥ​វ៉ាន់​ទាំងអស់នោះ ហើយ​ឃើញ​បុគ្គលិក​សន្ដិសុខ VIP ទាំង​២​នាក់​ដែល​ក្រុមហ៊ុន​ជួល​មក​យាម​ការពារ​សុវត្ថិភាព​នៅ​ជាមួយ​នឹង​ជនសង្ស័យ​ទាំងនោះ​ទៀតផង ។​
​ចំណែក​សន្តិសុខ​ទាំង​២​នាក់​នេះ បាន​បដិសេធថា ពួកគេ​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ ប្រកាន់​នេះ​ទេ ពោល​គឺ​ពួកគេ​ពុំ​បាន​ឃុបឃិត ឬ ចូល​ដៃ​ចូល​ជើង​ជាមួយនឹង​ចោរ​ឡើយ​។ ប៉ុន្តែ ពួក​ខ្លួន​ពិតជា​បាន​ឈរ​នៅក្បែរ​មនុស្ស​ទាំង​២​នាក់​នេះ​មែន ព្រោះ​ស្មានថា​មនុស្ស​ទាំង​២​នាក់ នេះ​ជា​បុគ្គលិក​ឬ​បងប្អូន​របស់​នាយក​ក្រុមហ៊ុន ដែល​គាត់​ប្រើ​ឱ្យ​មក​យក​កុំព្យូទ័រ និង ទូ​ដែក​៕
VIP

មតិយោបល់