ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ឋសភា បានដឹកនាំប្រតិភូ ក្នុងព្រឹទ្ឋសភា និងរួមដំណើរដោយអាជ្ញាធរខេត្តព្រះសិហនុ និងមន្ត្រីតំណាងមន្ទីរ អង្គភាព ក្នុងខេត្តព្រះសីហនុ ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភអំណោយ ជូនដល់នាយនាវី នាយនាវីរង និងពលនាវី និងក្រុមគ្រួសារទ័ព កងទ័ពជើងទឹក ដែលមានភារកិច្ចឈរជើងការពារនៅកងការពារកោះពូលូវ៉ៃ លេខ៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ២៥៥៨ គ.ស ២០១៤ ដោយនាំយកអំណោយទៅចែកជូនផងដែរ ។
លោកមេបញ្ជាការកងការពារកោះពូលូវ៉ៃ លេខ៥ បានរាយការណ៏ជូនគណៈប្រតិភូ ព្រឹទ្ឋសភា អំពីភារកិច្ចដែលអង្គភាពកងទ័ពជើងទឹកទទួលអនុវត្តន៏ក្នុងកិច្ចការពារ ភូមិសាស្ត្រដែនកោះ និងថ្លែងអំណរគុណចំពោះឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអមដំណើរ ដែលមកសួរសុខទុក្ខ និងឧបត្ថម្ភអំណោយមួយចំនួនសំរាប់កងទ័ពជើងទឹក ដែលមានភារកិច្ចឈរជើងការពារកោះពូលូវ៉ៃ ៕
មានប្រសាសន៏សំណេះសំណាលទៅកាន់នាយនាវី នាយនាវីរង ពលនាវី និងក្រុមគ្រួសារកងទ័ពទាំងអស់ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ឋសភា បានកោតសរសើរចំពោះវីរៈភាពរបស់កងទ័ពគ្រប់រូប ដែលបានបំពេញភារកិច្ច នៅតាមដែនកោះ ការពារបូរណភាពទឹកដី ជាតិ សាសនា ព្រះមហាក្សត្រ ។ ជាមួយគ្នានេះឯកឧត្តម អនុប្រធានទី២ ព្រឹទ្ឋសភា បានមានប្រសាសន៏បញ្ចាក់ទៀតថា ដើម្បីរំលឹកដល់កងទ័ពរបស់យើង សមាជិកព្រឹទ្ឋសភា បានចូលរួមឧបត្ថម្ភជាថវិការ និងសំភារៈម្ហូបអាហារសំរាប់ជូនកងទ័ពជើងទឹក ដែលបានបំពេញភារកិច្ចប្រចាំការការពារកោះពូលូវ៉ៃ ហើយអំណោយទាំងអស់នេះ ត្រូវបាននាំយកមកចែកជូនរួមមាន២២មុខ គោយន្តសណ្តោងរ៉ឺម៉ក ១គ្រឿង បន្ទះស៊ុលឡា ២ឈុត ស៊ីម៉ង់ ២០តោន ដែកសរសៃ ៣តោន សំភារៈកសិកម្ម ចបកាប់ ធុង ពូថៅ កាំបិត បង្គី និងគ្រាប់ពូជបន្លែចំនួន៧០ក្រាម ធុងចម្រុះទឹកស្អាត ១០ធុង អង្ករ ៥តោន មីយើង ១០០កេស ត្រីខ ១០កេស ត្រីងៀង ៣០គីឡូក្រាម ឆៃពៅ ១០០គីឡូក្រាម សៀង ១២០គីឡូក្រាម ប្រហុក ១០០គីឡូក្រាម ទឹកស្រី ទឹកស៊ីអ៊ីវ ១០យួរ ស្ពៃក្តោប ១០០គីឡូក្រាម ខ្ទឹមសរ ខ្ទឹមក្រហម ៥០គីឡូក្រាម ត្រឡាច ១០០គីឡូក្រាម អំពិល ៥០គីឡូក្រាម ប៊ីចេង ១០០កញ្ចប់តូច ឧបត្ថម្ភកងទ័ពក្នុងម្នាក់ៗ ១០ម៉ឺនរៀល ឧបត្ថម្ភទីបញ្ជាការដ្ឋាន ប្រចាំកោះ ១០លានរៀល ៕
មតិយោបល់