ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ប្ដេជ្ញា​ការពារ​ព្រៃឈើ​ក្នុង​ខេត្ត ៤​នៅ​ភាគ​ពាយ័ព្យ​

រាជរដ្ឋាភិបាល​បាន​កំណត់​យក​ខេត្ត​ចំនួន ៤ នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ជា​តំបន់​ការ ពារ​ព្រៃឈើ​ដ៏​ខ្លាំងក្លា និង​ប្រកបដោយ​និរន្តរភាព ដែល​ក្នុងនោះ​មាន​ជម្រក​សត្វព្រៃ​មាន​នៅ​ភ្នំ​ឱ​រ៉ា​ល់ និង​ភ្នំ​សំកុក នៃ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​ស្ថិតក្នុង​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​បាត់ដំបង់ ពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ AKP​។​

​លោក អ៊ុក ណា​វ៉ាន់ អគ្គនាយករង​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួង បរិស្ថាន​មានប្រសាសន៍ថា ក្រសួង​បរិស្ថាន​បាន​បង្កើន​យន្តការ​គ្រប់គ្រង​ព្រៃឈើ​ឲ្យ​ធានា​និរន្ត​រ ភាព​នៅក្នុង​ខេត្ត​ចំនួន ៤ នៃ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា តាមរយៈ​ឲ្យមាន​ការចូលរួម​ពី អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។ លោក​បន្តថា ការងារ​អភិរក្ស​ធនធាន​ព្រៃ ឈើ​ជា​កិច្ចការ ដែល​ត្រូវ​ធ្វើ​ជា​ប្រចាំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ខណៈ ដែល​តំបន់​ទាំងនេះ​សម្បូរ​ទៅ​ដោយ​ព្រៃ​ធម្មជាតិ និង​ធនធាន​ជីវៈ​ជាច្រើន​។​

​លោក​បាន​បន្តទៀតថា សកម្មភាព​ចម្បង​ដែល​ត្រូវ​អនុវត្តន៍​នាពេលនេះ គឺ​បង្កើន​សមត្ថភាព​ដល់​ស​ហគ​មន៍​តំបន់ការពារធម្មជាតិ​ក្នុង​តំបន់​ខេត្ត​ទាំង ៤ នេះ ឲ្យ​ចេះ​អ​ភិ វឌ្ឍន៍​សហគមន៍ ការគ្រប់គ្រង​ព្រៃឈើ ការបែងចែក និង​ការទាញយក​អនុផល​ព្រៃឈើ​មក ប្រើប្រាស់​ឲ្យបាន​សមស្រប ដើម្បី​ធានា​ឲ្យ​ធនធាន​ទាំងនេះ​នៅតែ​មាន​សក្តានុពល​សម្រាប់ ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ទាំង​នោះ​ជា​រៀងរហូត​។​

​លោក ញ៉ែម សុ​វណ្ណា តំណាង​អង្គការ UNDP ប្រចាំ​កម្ពុជា​បានបញ្ជាក់ គម្រោង​នេះ​នឹង ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងនោះ​កាន់តែ​ទទួល​បាន​អត្ថប្រយោជន៍ តាមរយៈ​ការប្រើប្រាស់ ដី និង​ការទាញយក​ផលប្រយោជន៍​ពី​ធនធាន​ព្រៃឈើ ក្នុង​សហគមន៍​របស់​ខ្លួន​ប្រកបដោយ និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ។​

​គិត​មកដល់ពេលនេះ សហគមន៍​តំបន់ការពារធម្មជាតិ​ទូទាំង​ប្រទេស​សរុប​ចំនួន ១២១ កន្លែង គ្រប់​ដណ្តប់​លើ​ផ្ទៃ​ដី​ព្រៃឈើ​ចំនួន ១៦.៦២៩ ហិកតា ហើយ​ចូលរួម​ពី​ប្រជាជន​ចំនួន ២៨.៣១៦ គ្រួសារ ។ ដោយឡែក​ព្រៃ​ធម្មជាតិ​ដែល​កំពុង​អភិរក្ស​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ២ លាន​ហិកតា ហើយ​រាជរដ្ឋាភិបាល​មាន​ផែនការ​អភិរក្ស​ឲ្យបាន ៩ លាន​ហិកតា​ទៀត ក្នុង ចំណោម​ព្រៃឈើ​សរុប​ជាង ១៨ លាន​ហិកតា​៕​

មតិយោបល់