ព័ត៌មានជាតិ

មហាសន្និបាត​ពង្រីក​ស​មាគ​ម​ក្រុមប្រឹក្សា​ក្រុង​ស្រុក ឃុំ សង្កាត់​

​នា​ព្រឹក​ថ្ងៃទី​២១​ខែ មេសា ឆ្នាំ​២០១៤​នេះ នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត មាន​បើក​មហាសន្និបាត​ពង្រីក​សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក ឃុំ សង្កាត់​ខេត្តសៀមរាប ក្រោម​អធិបតីភាព​របស់​ឯ​.​ឧ​អ៊ឹង ហឿន​ប្រធាន ក្រុមប្រឹក្សា​ខេត្ត​និង ឯ​.​ឧ​ប៊ុន ថា​ប្ញ​ទ្ធិ​អភិបាលរងនៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ដោយ​មាន​ការអញ្ជើញ​ចូល រួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អស់លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ និង ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​ទូទាំង​ខេត្ត​សៀមរាប​សរុប​ចំនួន ២៥១​នាក់ ។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​ហង់ ហឿម​ប្រធាន​សមាគម​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខេត្ត​សៀមរា​បបាន​ឲ្យ ដឹងថា សមាគម​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ត្រូវបាន​បង្កើតឡើង​ពី​ឆ្នាំ​២០០៥ ហើយ​បាន​បង្ក​ការងារ​ខ្លួន បន្ទាប់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ខណ្ឌ ត្រូវបាន​បង្កើតឡើង​ដោយ​ការបោះឆ្នោត​អសកល កាលពី​ខែ​ឧសភា ឆ្នាំ​២០០៩​កន្លង​មក​ហើយ​សម្ព័ន្ធ​ភាព​ជាតិ ឃុំ សង្កាត់ ក៏ដូចជា​ក្រសួង​មហាផ្ទៃ បាន​ផ្តួចផ្តើម​ដោយ​បង្កើត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ដោយឡែក​សមាគម​ក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវ​ពង្រីក​បន្ថែម​ជាមួយ​ក្រុមប្រឹក្សា​ក្រុង​ស្រុក ។ ការបង្កើត​សមាគម​នេះ ជា​បន្តបន្ទាប់​អាស្រ័យ​ដោយ​ក្រសួង​មហាផ្ទៃ និង សម្ព័ន្ធភាព​ជាតិ​ឃុំ​សង្កាត់ ក្នុង​គោលបំណង​ផ្តល់​នូវ​អត្ថប្រយោជន៍ ក្នុង​ការលើកកម្ពស់ អភិវឌ្ឍន៍​សមត្ថភាព​ក្រុង​ស្រុក ឃុំ សង្កាត់ ក្នុង​ការផ្តល់សេវា​ជូន​ប្រជាជន​និង ការពារ​ផលប្រយោជន៍ និង គុណប្រយោជន៍​ស្របច្បាប់​របស់​សមាជិក​ការកសាង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​ពង្រឹង​នីតិរដ្ឋ និង ជម្រុញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។​
​ក្នុងនោះ​ដែរ​លោក​ម៉ែន សិរី​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ក៏​បាន​បញ្ជាក់ថា អនុលោម​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​តម្រូវ​ឲ្យ​បង្កើតឡើងនូវ​ក្រុមប្រឹក្សារដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​តាមរយៈ​ការបោះឆ្នោត​អសកល​ដោយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ។ ម្យ៉ាងទៀត យើង​ធ្វើ​យ៉ាងណា​ឲ្យ​សមាគម​ក្រុមប្រឹក្សាឃុំ សង្កាត់ ដំណើរការ​ទៅឲ្យ​ប្រកបបាន​ជោគជ័យ ហើយ​តាមរយៈ​អង្គ​មហាសន្និបាត​នេះ នឹង​សម្រេច​បាន​ទៅ​ដោយ​ជោគជ័យ តាមរយៈ​នៃ​ការបោះឆ្នោត​របស់​សមាជិក​សមាគម​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ។​

​មានប្រសាសន៍​បើក​មហាសន្និបាត​នោះ​ឯ​.​ឧ​អ៊ឹង ហឿន​បាន​គូសបញ្ជាក់​ថា​អង្គ​មហាសន្និបាត​ពង្រីក​សមា​គម​ក្រុមប្រឹក្សាឃុំ សង្កាត់​នេះ គឺជា​សក្ខីភាព​ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​សមាជិក​ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ការបង្កើត​ឲ្យមាន​អង្គ​ការ​មួយ​ដែល​ជា​តំណាង និង ការពារ​ផលប្រយោជន៍​រួម​របស់​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី​លើកកម្ពស់​គុណភាព នៃ​ជីវភាព​រស់នៅ និង សុខុមាលភាព​របស់​ប្រជាពលរដ្ឋ តាមរយៈ​អភិបាលកិច្ច​ល្អ និង​តាម​បែប​វិមជ្ឈការ និង​វិសហមជ្ឈការ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង បង្កើន​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ ឯកឧត្តម​ប្រធាន​ក៏បាន​លើកឡើង​ថា​មហាសន្និបាត​នាពេល​នេះ​រៀបចំ ឡើង​ក្នុង​គោលបំណង​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​ស​មាគ​ម​និង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​អង្គ​អភិបាលកិច្ច​របស់​សមា​គម ផងដែរ​។

ឯ​.​ឧ​អ៊ឹង ហឿន​ក៏​លើកឡើង​ពី​កិច្ច ដំណើរការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង វិសហមជ្ឈការ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មាន​គំនិត​ផ្តួចផ្តើម​ក្នុង​ការបង្កើត​ឲ្យមាន​ស្ថាប័ន​មួយ​ដែល​ជា​តំណាងឲ្យ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ទាំង​នៅ​ថ្នាក់​ខេត្ត និង​នៅ​ថ្នាក់ជាតិ​ហើយ​រាជរដ្ឋាភិបាល បានចាត់ទុក​ស្ថាប័ន​តំណាង​នេះ ថា​ជា​ស្ថាប័ន មួយ​ដែល​ដើរតួនាទី និង​ជា​ដៃគូ​យ៉ាងសំខាន់​នៅ​ក្នុង​ការ​ជម្រុញ​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​និង ការ​អនុវត្ដ​អភិបាលកិច្ច​នៅ​មូលដ្ឋាន​នៃ​កម្ពុជា​។​ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​យល់ឃើញ​ថា​សមាគម​ក្រុម ប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​ដែល​ត្រូវ​បង្កើតឡើង​នៅ​ពេល​នេះ​ក៏​ដើរ​តួនាទី​យ៉ាងសំខាន់​ដូច​ជា​សម្ព័ន្ធភាព​ជាតិ​ឃុំ សង្កាត់​ដែរ​។​ឯ​.​ឧ អ៊ឹង ហឿន បាន លើកឡើងថា “​ការគាំទ្រ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិឲ្យមាន​លទ្ធភាព​បំពេញមុខងារ​បាន​ប្រកបដោយ​ប្រសិទ្ធភាព មាន​ស្វ័យភាព និង​មាន​គណនេយ្យភាព ចាំបាច់​ត្រូវ​បង្កើត​ស្ថាប័ន​គាំទ្រ​នានា ដើម្បី​ជួយ​ពង្រឹង​អាណត្តិ​តាម​ផ្លូវច្បាប់ និង​កិច្ចប្រតិបត្តិការ​របស់​រដ្ឋបាល​ទាំង​នោះ ។​ការលើកឡើង​បែប​នេះ គឺជា​ការទទួលស្គាល់​តួនាទី​ដ៏​សំខាន់​របស់​សមាគម​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលជា​ដៃគូ​របស់​រដ្ឋាភិបាល​នៅក្នុង​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា​។ ក្នុងន័យនេះ សូមឲ្យ​អស់លោក លោកស្រី ជា​ប្រតិភូ​របស់​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​មហាសន្និបាត​នេះ មេត្តា​យកចិត្តទុកដាក់​ស្តាប់ និង ចូលរួម​ពិនិត្យ ពិភាក្សា និង​អនុម័ត​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​នេះ ក្នុង​បំណង​បង្កើន​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​អំពី​តួនាទី ភារកិច្ច គោលបំណង និង​ដំណើរការ​របស់​សមាគម​ក្នុង​ការការពារ​ផលប្រយោជន៍​របស់​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ៕

2014-04-22_141859

មតិយោបល់