ព័ត៌មានជាតិ

ក្រុម Anonymous Cambodia គំរាម​ផ្ដួលរំលំ​រដ្ឋាភិបាល​

​ក្រោយពី អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​សមាជិក​ក្រុម Hacker ខ្មែរ​ចំនួន ពីរ​នាក់​រួច​មក នៅលើ Facebook Page របស់ Anonymous Cambodia បាន​បង្ហោះ​សារ​ថា ពួកគេ​នឹង​ចាប់ផ្ដើម​ផ្ដួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។​
10261862_767779546587707_320088006_n
​ក្រុម Hackers បាន​បង្ហោះ​នៅ​ទំព័រ Facebook Page កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ នឹង​ចាប់ផ្តើម​នៅពេលដែល​មាន​អ្នកគាំទ្រ​ពួក​យើង​ច្រើន ដើម្បី​ជួយ​ដល់​ការដោះលែង​សមាជិក​របស់​គេ​២​នាក់ ។ ក្រុម​នោះ ព្រមាន​ថា​ក្រុម​អនាមិក​ទូទាំង​ពិភពលោក នឹង​ចូល​មក​រួម​ដៃ​ជាមួយ​ពួក​យើង​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ក្រុម​អនាមិក សរសេរថា​«​ពួក​ពុករលួយ​ខ្លាច​យើង ពួក​ស្មោះត្រង់​គាំទ្រ​យើង ពួក​អ្នកតស៊ូ​ចូលរួម​ជាមួយ​យើង ពួក​យើង​មិន​អភ័យទោស ពួក​យើង​មិន​បំភ្លេចចោល​….»​។ ពួក​Hackers​បន្តថា អ្នក​ចាប់​ពួកគេ​ត្រឹមតែ​២​នាក់ ប៉ុន្តែ​ពួកគេ នៅតែ​អាច​បន្ត​ការងារ ហើយ​នឹង​ចាប់ផ្តើម​ឲ្យ​ខ្លាំង​ជាង​មុន​១០​ដង ១០០០​ដង ១០០០០​ដង និង​គ្មាន​ទីប​បញ្ចប់​ចាប់ពី​ពេលនេះ​តទៅ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៤ បាន​ឃាត់ខ្លួន​ក្រុម Hackers កម្ពុជា​ចំនួន​០២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មក​លើ​បណ្តាញ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ស្ថាប័ន​ជាតិ​សំខាន់ៗ នា​ពេលកន្លងមក​។ អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ រួមមាន​ឈ្មោះ ប៊ុន ឃី​ង​មង្គល​បញ្ញា ហៅ Sexmachine ឬ Blackcyber ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ ជូ សុង​ហេង ហៅ Zoro ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​០៣ នៅ​សាកលវិទ្យាល័យ SETEC ៕​

មតិយោបល់