សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះ បានចេញបញ្ជាជាថ្មី ទៅកាន់រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ត្រូវធានាថា មន្ត្រីរាជការទទួលបានប្រាក់ខែទាន់ពេលវេលា។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះ សម្ដេចបានបានបញ្ជាឲ្យបើកប្រាក់ខែដល់មន្ត្រីរាជការឲ្យបានទាន់ពេលវេលា កុំឲ្យមានការយឺតយ៉ាវ បង្កជាផលវិបាកដល់រាជរដ្ឋាភិបាល។ បញ្ជាថ្មីនេះ សម្ដេចនឹងធ្វើការតាមដានដោយផ្ទាល់ហើយករណីមានការយឺតយ៉ាវ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ។
នេះមិនមែនជាលើកដំបូងនោះទេ ដែលសម្ដេចហ៊ុន សែន តែងតែប្រកាសជារឿយៗពីបញ្ហាប្រាក់ខែរបស់មន្ត្រីរាជការ ដែលមានការយឺតយ៉ាវ ហើយបានចាត់មន្ត្រីរបស់ខ្លួនឲ្យដោះស្រាយលើបញ្ហានេះ ដើម្បីឲ្យមានការកែទម្រង់។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាល បានកែទម្រង់លើនីតិវិធីក្នុងការបើប្រាក់ខែរបស់មន្ត្រីរាជការ ពីការបើកប្រាក់ខែដោយផ្ទាល់ជាប្រាក់សុទ្ធ ទៅជាការបើកប្រាក់ខែតាមប្រព័ន្ធធនាគារ ដើម្បីសម្រួលឲ្យមានភាពឆាប់រហ័សក្នុងការបើកប្រាក់ខែរបស់មន្ត្រីទាំងអស់៕
មតិយោបល់