ព័ត៌មានជាតិ

ប្ដី​ជាប់គុក​ ប្រពន្ធ​អត់លុយ​ចិញ្ចឹម​កូន​ ក៏បែកគំនិត​លក់​ថ្នាំ​ញៀន​ តែត្រូវ​ប៉ូលិស​ចាប់ខ្លួន​

ភ្នំពេញ​៖ ស្ត្រីម្នាក់​ត្រូវបាន​សមត្តកិច្ច​នគ​បាល​ប៉ុស្តិ៍​ទួល​សង្កែ​ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១ ​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ ​២០១៤ នៅ​ចំណុច​បណ្ដោយ​ផ្លូវលេខ ២៧៣ ជិត​អង់​ទែន​ទួលគោក ស្ថិតក្នុង​ក្រុម​ទី​៣ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ស្ត្រី​រូប​នោះ​កំពុង​ឈរ​ចែកចាយ​។

ស្រ្តី​ដែល​ជា​ជនសង្ស័យ​ដែល​ត្រូវ​សមត្តកិច្ច​ប៉ុស្តិ៍​ឃាត់ខ្លួន​ពី​បទ​ចែកចាយ​គ្រឿងញៀន​នោះ មាន​ឈ្មោះ សុខ វណ្ណនី ហៅ អា​នី អាយុ​ ២៤ឆ្នាំ ស្នាក់នៅ​ផ្ទះជួលផ្លូវលំ ក្រុមទី៣ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត ភូមិ​ថ្នល់​បត់ ឃុំ​មាន់​កាម ស្រុក​ព្រែក​កប្បាស់ ខេត្ត​កែប។

បើ​តាម​ការរៀបរាប់​ទាំង​ទឹកភ្នែក​ ព្រមទាំង​ការ​យំ​ស្រែក​ដ៍​គួរឲ្យ​ស្រណោះ​ និង​ដោយ​រន្ធត់ចិត្ត​ពី ស្រ្តី​ដែល​ជា​ជនសង្ស័យ​រូបនោះ​បាន​ឲ្យដឹងថា មូលហេតុ​ដែល​នាង​សម្រេចចិត្ត​លក់​គ្រឿងញៀន​នោះ​ដោយសារ​នាង​គ្មាន​ជម្រើស​អ្វី​ទៀត​ទេ​ ណាមួយ​នាង​ត្រូវការ​លុយ​ដើម្បី​យក​មក​ចិញ្ចឹម​កូនតូច​របស់​នាង​ដែល​ទើប​មាន​អាយុ​កន្លះ​ខែ​ប៉ុណ្ណោះ​ ហើយ​នាង​គ្មាន​នរណា​ទីពឹង​ទេ ​ប្ដី​របស់​នាង​ក៍​ត្រូវ​សមត្តកិច្ច​ចាប់​ដាក់គុ​កទៀត​។ ពេល​នេះ​កូនស្រី​តូច​របស់​នាង​ដែល​ទើប​តែ​កើត​បាន​កន្លះ​ខែ និង​ជាកូន​របស់​នាង​កើត​មិន​គ្រប់​ខែ​ទៀត​នោះ​ (​កូន​កើត​៧​ខែ​) ត្រូវ​កំព្រា​ទាំង​ឪពុក​ទាំង​ម្ដាយ ​ត្រូវបាន​អ្នកជិតខាង​យក​ទៅ​ចិញ្ចឹម​។

​សមត្ថកិច្ច​បានឲ្យដឹងថា​ មុនពេល​ធ្វើ​ការឃាត់ខ្លួន​ស្ត្រី​រូប​នោះ​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ឃើញ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​រូប​នោះ​កំពុង​ឈរ​ចែកចាយ​គ្រឿងញៀន ​ដោយ​មាន​ការសង្ស័យ​ទើប​សមត្តកិច្ច​ធ្វើការ​ឆែកឆេ​រហើយក៍​បាន​រកឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៥​កញ្ចប់​ដែល​ស្ត្រី​រូប​នោះ​លាក់​នៅក្នុង​កាបូបដៃ​ រួចក៍​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​។

ជនសង្ស័យ​ និង​ថ្នាំញៀន​ចំនួន​ ៥​កញ្ចប់​ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​ទួល​សង្កែ​បញ្ជូនទៅ​អធិការដ្ឋាន​នគ​របាល​ខណ្ឌឬ​ស្សី​កែវ​ដើម្បី​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕​
1

2

មតិយោបល់