រតនគិរីៈ មនុស្ស៤នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភោក ឈឿង ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ អតីតជាគ្រូបង្រៀន ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ គ៦៨៨៣ក.ច១ អ្នករួមដំណើរជាមួយប្រពន្ធឈ្មោះ យ៉ាង សំអឿន អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២ រស់នៅភូមិ១សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ធ្វើដំណើរស្របទិសគ្នា ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកវ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ បើកបរដោយឈ្មោះ ទិន ស្រីលូម ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន អ្នករួមដំណើរឈ្មោះ កែ សាអឹង ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិទំពួន អ្នកទាំង២មានទីលំនៅភូមិបាតាងឃុំបាតាងស្រុកលំផាត់ខេត្តរតនគិរី ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូទាំង២គ្រឿងនេះ ជិះស្របទិសគ្នាខណៈនោះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម បានបត់ឆ្វេងចូលក្នុងភូមិ គ្រានោះម៉ូតូមួយគ្រឿងទៀត ជិះមកពីក្រោយ ក៏បានបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាង ហើយត្រូវរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្ត។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគបាលចរាចរណ៍ចុះមកអន្តរាគមន៍ និងវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ខេត្តរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់