បុរស ៤នាក់ បានវាយបំបែកបន្ទាប់ម៉ាស៊ីន ATM របស់ធនាគារ Siam Commercial Bank នៅក្នុងស្រុក Bang Lamung ខេត្តចាន់បូរី ដោយប្រមូលបានលុយ ២,៩លានបាត់ ប្រហែល ១០ម៉ឺនដុល្លារអាមេរិក រួចគេចខ្លួនបាត់កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃ។
ប៉ូលិសបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងប្រហែលជាវេលាម៉ោង ១យប់ ខណៈពេលដែលប៉ូលិសទៅដល់ ឃើញតែបំណែកម៉ាស៊ីន ATM ចំណែកលុយ និងក្រុមចោរបានរត់បាត់ដោយសុវត្ថិភាព។
សន្ដិសុខដែលយាមនៅកន្លែងកើតហេតុបានប្រាប់ប៉ូលិសថា គាត់បានធំក្លិនឈ្ងៀមអ្វីម្យ៉ាង រួចគាត់ក៏ដើរមើល ពេលនេះក៏ឃើញមានបុរស ៤នាក់ ពាក់ខោអាវធំគ្រប់មុខជិតមើលមិនស្គាល់ កំពុងតែជញ្ជូនលុយចេញពីម៉ាស៊ីន ATM ដាក់ទៅរថយន្តរបស់ពួកគេ។
តាមរយៈការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព ប៉ូលិសបាននិយាយថា ពួកក្រុមចោរពិតជាមានថ្វីដៃល្អ ដោយពួកគេបានរៀបចំគម្រោងការបានយ៉ាងច្បាស់លាស់ រួមជាមួយនឹងបច្ចេកទេសយ៉ាងជំនាញដែលមិនអាចធ្វើឲ្យម៉ាស៊ីន ATM ផ្ដល់សញ្ញាបាននៅពេលដែលមានការវាយបំបែក ហើយសកម្មភាពដែលពួកគេធ្វើគឺចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ៕
មតិយោបល់