ព័ត៌មានជាតិ

Anonymous បាន​អះអាង​ថា ខ្លួន​បាន​ជ្រៀតចូល Server ក្រុមហ៊ុន Cellcard

សមាជិក​ក្រុម Anonymous ពិភពលោក​បាន​អះអាង​ថា កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ​ថា ខ្លួន​បាន​ជ្រៀត Server របស់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​បញ្ចេញ​វីដេអូ​មួយ​គម្រាម​វាយប្រហារ​រដ្ឋាភិបាល និង​ស្ថាប័ន​គាំទ្រ​រដ្ឋាភិបាល​បន្ថែមទៀត​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត ខេ​ម​បូឌា ដេលី ជា​ភាសា​អង់គ្លេស នៅ​ថ្ងៃ​ទី​០៥​ខែ​ឧសភា ឆ្នាំ ២០១៤​។​

​យោងតាម​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា សមាជិក​ក្រុម Anonymous បានធ្វើការ​ជ្រៀតចូល Server របស់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត Cellcard និង​លេខ​ទូរស័ព្ទ​រាប់ពាន់​ដែល​ចុះបញ្ជី​តាម​អ៊ី​ន​ធើ​ណែ​ត និង​កូដ PIN ដែល​ជា​របស់​អ្នក​ចុះបញ្ជី​ប្រើ​សេវា​ទូរស័ព្ទ និង​បុគ្គលិក​ក្រុមហ៊ុន Cellcard ខណៈ​ដែល​ក្រុមហ៊ុន​មួយ​នេះ​ត្រូវបាន​គេ​ដឹងថា​ជា​បុត្រ​សម្ព័ន្ធ​របស់​ម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដែល​មាន​មេ​ជា លោក​ឧកញ៉ា គិត ម៉េង និង​ជា​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា​។​

​ស្របពេល​ជាមួយគ្នានេះ​ផងដែរ ក្រុម Anonymous Cambodia ក៏​បាន​វាយប្រហារ​យ៉ាង​ចាស់ដៃ​មកលើ​គេហទំព័​របស់​រដ្ឋាភិបាល ដែល​មាន​ដូចជា គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ គេហទំព័រ គណបក្ស​ប្រជាជន​កម្ពុជា និង​គេហទំព័រ​របស់​ស្ថាប័ន NiDA រួច​នឹង​ស្ថាប័ន​ជាច្រើន​ទៀត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ក្រោយ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​មក​ដល់ពេលនេះ មាន​សមាជិក​ក្រុម Anonymous Cambodia ចំនួន ៤​រូប​ត្រូវបាន​ចាប់ខ្លួន ដោយ ២​រូប ត្រូវបាន​ចាប់​ដោយ​ស្នងការ​ប៉ូលិស ចំណែក ២​រូប​ផ្សេងទៀត​ត្រូវបាន​ចាប់​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​៕​
anonymous

មតិយោបល់