ជនជាតិភាគតិចចិនរាប់រយនាក់បាននាំគ្នាភៀសខ្លួនចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា បន្ទាប់ពីមានកុបកម្ម តវ៉ានឹងប្រឆាំងចិន ការដែលចិនដាក់ឧបករណ៍បូមប្រេងនៅតំបន់សមុទ្រចិនខាងត្បូង ដែលអះអាងសិទ្ធិកាន់កាប់ដោយក្រុងហាណូយ ដែលការតវ៉ានោះបានបណ្ដាលឲ្យស្លាប់មនុស្សជាង ២០នាក់ និងរោងចក្រចិនជាច្រើនត្រូវបានបំផ្លាញ់។
មន្ត្រីអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតម្នាក់បានបង្ហើបឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិចិនពី ៦០០នាក់ទៅ ៧០០នាក់ បានឆ្លងដែនកាលពីថ្ងៃពុធ គឺច្រើនជាងធម្មតាប្រាំមួយដង ដោយថ្ងៃធម្មតាមានមិនដល់ ១០០នាក់ផង។
មន្ត្រីអន្តោប្រវេសន៍ខាងលើបានបន្តទៀតថា ប្រហែលជាពួកគេបារម្ភអំពីសន្ដិសុខផ្ទាល់ខ្លួន និងការរាលដាលនៃកុបកម្មប្រឆាំងចិន ទើបពួកគេបាននាំគ្នាឆ្លងដែនមកកាន់ប្រទេសកម្ពុជា ក្នុងនោះភាគច្រើនធ្វើដំណើរតាមរថយន្តក្រុង ឬរថយន្តវ៉ែន ឬដើរឆ្លងកាត់ព្រំដែនតែម្ដង ហើយបើយោងតាមឯកសារបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ ពួកគេភាគច្រើនជាពាណិជ្ជករ៕
មតិយោបល់