ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តលុចស៊ីស RX300 មួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្តលុចស៊ីស RX330 មួយគ្រឿងហើយរថយន្តលុចស៊ីស RX300 មិនទាន់អស់ល្បឿនក៏ជ្រុលចង្កូតទៅបុករះស្លាកសញ្ញាទិសដៅចរាចរណ៍និងរនាំងដែកពុះចែកទ្រូងផ្លូវអស់ជាច្រើនផ្ទាំងបណ្តាលឱ្យអ្នកបើកបររថយន្តលុចស៊ីស RX330 បាក់ជើងខាងស្តាំ និងរបួសដៃខាងឆ្វេង ចំណែករថយន្តទាំង២គ្រឿងខ្ទេចមួយកំណាត់មុខដូចគ្នា។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៤ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តលុចស៊ីស RX300 មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2H-4755 បើកដោយបុរសម្នាក់ស្រវឹងជោកជាំ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុករថយន្តលុចស៊ីសRX330មួយគ្រឿង ពណ៌ស មានទាន់មានស្លាកលេខ ពាក់ស្លាកលេខបណ្តោះអាសន្ន បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីលិចទៅកើតបញ្ច្រាសទិសគ្នាចំពេញទំហឹង ហើយរថយន្តលុចស៊ីស RX300 មិនទាន់អស់ល្បឿនក៏ជ្រុលចង្កូតទៅបុកស្លាកសញ្ញាទិសដៅចរាចរណ៍និងរនាំងដែកពុះចែកទ្រូងផ្លូវអស់ជាច្រើនផ្ទាំងធ្វើអោយរថយន្តខូចខាតកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច បណ្តាលឱ្យអ្នកបើករថយន្តឡិចស៊ីស RX330 បាក់ជើងខាងស្តាំនិងរបួសដៃឆ្វេង ចំណែករថយន្តទាំង០២គ្រឿងខ្ទេចមួយកំណាត់មុខដូចគ្នា។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកបុរសបង្កនិងរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនាំទៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់