ភ្នំពេញ ៖ ស្ត្រីជាមេតុងទីនប្រចាំផ្សារបឹងទំពុនម្នាក់ ដែលបានឆបោកប្រាក់កូនតុងទីន៤២នាក់ សរុបចំនួនជិត៣០ម៉ឺនដុល្លារ នោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ឋនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
ស្ត្រីមេតុងទីនរូបនេះឈ្មោះ លឹម ច័ន្ទវីតា អាយុ៤០ឆ្នាំ មុខរបរ មេតុងទីន ត្រូវបានសមត្ថកិច្ចកងរាជអា វុធហត្ថការិយាល័យព័ត៌មានទូទៅនៃស្នង ការដ្ឋានព័ត៌មាននិងសន្ដិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៤ នៅចំណុចផ្សារបឹង ទំពុន ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ពាក់ព័ន្ឋករណីនេះ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ ខ្លួនស្ដ្រីជាមេតុងទីន រូបនេះ គឺ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចផ្សារបឹង ទំពុន មានការប្រទូស្ដរាយ គ្នារវាងមេតុងទីន និងកូនតុងទីនជាច្រើននាក់ ដោយមាន សំឡេងស្រែកជេរបញ្ចោឡូឡាផ្អើលអស់ អាជីវករលក់ដូរ និងធ្វើឱ្យប៉ះពាល់ខូច សណ្ដាប់ធ្នាប់ក្នុងផ្សារ ទើបគណៈកម្មការ ផ្សារបាននាំយកស្ដ្រីជាមេតុងទីន ទៅកាន់ស្នាក់ការផ្សារ ដើម្បីបញ្ជៀសបញ្ហាជម្លោះដោយប្រើ អំពើហិង្សាណាមួយកើតឡើង។ គណៈ កម្មការផ្សារក៏បានធ្វើការទំនាក់ទំនងមក សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអញ្ជើញមេតុងទីន និងកូនតុងទីន ដែលមានការពាក់ព័ន្ធមកសាកសួរនៅ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយ ពីឃាត់ខ្លួនស្ដ្រីមេតុងទីន សមត្ថកិច្ចបានដកហូតនូវសម្ភារៈមួយចំនួន រួមមានសៀវភៅបញ្ជីតុងទីនចំនួន៨ ក្បាល(តូច៣ក្បាល) កិច្ចសន្យាចងការ ប្រាក់, បញ្ជីឈ្មោះកូនតុងទីនចំនួន៦១ សន្លឹក, កិច្ចសន្យាខ្ចីប្រាក់ចំនួន១សន្លឹក, លិខិតទទួលការប្រាក់១សន្លឹក ។
ដោយឡែក ស្ត្រីជាមេតុងទីង បានបដិសេធថា ខ្លួនគ្មានបំណងឆបោកប្រាក់កូនតុងទីនទាំងនោះទេ ដោយសារតែមានកូនតុងទីនមួយចំនួន បានដេញយកប្រាក់ហើយ មិនព្រមបង់មកវិញ ទើបខ្លួនគ្មានប្រាក់ប្រគល់ទៅឲ្យកូនតុងទីនដទៃទៀត៕
មតិយោបល់