ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍ សម្រាប់​ឆ្នាំ ២០១៤-២០១៨

​ភ្នំពេញ​៖ ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៤ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ WWF កម្ពុជា មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី បាន ប្រារព្ធ​ពិធី​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ទេសចរណ៍​ខេត្ត​មណ្ឌល គិរី​សម្រាប់​ឆ្នាំ ២០១៤-២០១៨ ក្នុង​គោលបំណង​ជំរុញ​ការ ឮ​អភិវឌ្ឍ​វិស័យ ទេសចរណ៍​ប្រកប ដោយ​និរន្តរភាព ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​ចូលរួមចំណែក​ក្នុង​ការអភិរក្ស ការពារ និង​ថែរក្សា​ទ្រព្យសម្បត្តិ​វប្បធម៌ និង​ធនធាន ធម្មជាតិ ហើយ​និង​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ WWF​កម្ពុជា ឲ្យដឹងថា ឯកឧត្តម យី​ម លុច្ស អភិបាលរង​ខេត្តមណ្ឌលគិរី​បាន មានប្រសាសន៍​ក្នុង​សុន្ទរកថា បើក​កម្មវិធី​កាលពី​ចុង​សប្តាហ៍ ថា វិស័យ​ទេសចរណ៍​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​វិស័យ ដែល​មាន​អាទិភាព ចម្បង​មួយ ដែល​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ បន្ទាប់​ពី​ឧស្សាហកម្ម​ស្រូវ ។ វិស័យ​ទេស ចរណ៍​បាន​ចូលរួម ចំណែក​អភិរក្ស​ធនធានធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ កាត់បន្ថយ​ភាព ក្រីក្រ ក៏ដូចជា​ជួយ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ ។ កម្មវិធី​ក្នុងថ្ងៃនេះ​មាន​គោលបំណង ផ្តល់​នូវ​ការយល់ដឹង​អំពី​កាលានុវត្តភាព នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍ និង​អំពី ទំនាក់ទំនង​រវាង​ការងារ​អភិរក្ស និង​វិស័យ​ទេសចរណ៍​ទៅដល់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ទាក់ទាញ ចំណាប់អារម្មណ៍ និង​កិច្ចសហការ ផងដែរ​។​

​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​នេះ​គឺ​ត្រឹម​ឆ្នាំ ២០១៨ ចំនួន​ភ្ញៀវទេសចរ​នឹង​កើនឡើង​ដល់ ៣ សែន​នាក់ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត ។ ចក្ខុវិស័យ​នេះ​នឹង​សម្រេចបាន តាមរយៈ ការប្រើប្រាស់​ធនធាន​ធម្មជាតិ និង​វប្បធម៌​ប្រកប​ដោយ​ភាព​សមប្រកប ការបង្កើត​ទេសចរ ធម្មជាតិ​ខ្នាតតូច និង​ការផ្តល់ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​សហគមន៍​មូលដ្ឋាន ការបង្កើត នូវ​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ដ៏​សម្បូរបែប ការបង្កើន​ការ យល់ដឹង​អំពី​សេវាកម្ម ទេសចរណ៍​ដែល​មាន​គុណភាព និង​ការពង្រឹង​កិច្ចសហការ​ទេសចរណ៍​រវាង​ភាគី​ពាក់ព័ន្ធ នានា​។​

​ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​អង្គការ WWF-Denmark និង DANIDA អង្គការ WWF កម្ពុជា បាន​ជួយ​គាំទ្រ​មន្ទីរ​ទេសចរណ៍ ខេត្ត​មណ្ឌល គិរី​ក្នុងការ​ចងក្រង​ផែនការ​យុទ្ធសាស្ត្រ​ទេស ចរណ៍​ខេត្ត ដែល​នឹង​បង្កើត​ភាព​ជា​ដៃគូ​សហការ​អភិរក្សរ​វាង​សហគមន៍ វិស័យ​ឯកជន រដ្ឋាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការការពារ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ ខាងកើត និង​ជីវចម្រុះ​យ៉ាង​មាន ប្រសិទ្ធភាព​។ ការងារ​អភិរក្ស​មាន​សារសំខាន់​ក្នុង​ការបង្កើត ឲ្យមាន និង​ផ្សព្វផ្សាយ​អំពី​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ដូច្នេះ​ហើយ​ការធ្វើឲ្យមាន តុល្យភាព​រវាង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការអភិរក្ស តាមរយៈ​ការអនុវត្ត​ផែនការ​នេះ​មាន សារសំខាន់​ណាស់​។​

​លោក ឈិត សំអាត នាយក​អង្គការ WWF កម្ពុជា បាន​មានប្រសាសន៍ថា ទេស ចរណ៍​ធម្មជាតិ​ដែល​មាន​និរន្ត​ភាព និង​ភាព​ទទួល ខុស​ត្រូវ មាន​សារសំខាន់​ក្នុង​ការរួមចំណែក ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ​ដ៏​សម្បូរបែប​នៅក្នុង​ប្រទេស​កម្ពុជា ។ ក្រៅ​ពី​ការជួយ​ដល់ បរិស្ថាន និង​ការងារ​អភិរក្ស​ទេសចរណ៍ធម្មជាតិ​ក៏​ជួយ​ផ្តល់​ជា​ប្រភព​ចំណូល​សម្រាប់​ប្រជាជន មូលដ្ឋាន និង​កាត់បន្ថយ​ភាពក្រីក្រ ។ អង្គការ WWF បាន និង​កំពុង​គាំទ្រ​ដល់​ផែនការ​យុទ្ធ សាស្ត្រ ៥ ឆ្នាំ​របស់​ខេត្ត​មណ្ឌលគិរី តាមរយៈ ការពង្រឹង​នូវ​សមត្ថភាព​សហគមន៍​ព្រៃឈើ និង សហគមន៍​តំបន់​ព្រៃ​ការពារ ព្រមទាំង​ផ្តល់​នូវ​ជំនួយ​បច្ចេកទេស​ក្នុងការ​រឹតបន្តឹង គុណភាព ផលិតផល​និង​សេវាកម្ម​ទេសចរណ៍ ។ ទន្ទឹម​និង​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​នេះ សហ គ​មន៍​មូលដ្ឋាន​នឹង​ដើរតួនាទី ជា​ភ្នាក់ងារ​ចម្បង​មួយ ហើយ​ជីវភាព​ប្រជាជន​ក៏​នឹង​រីកចម្រើន តាមរយៈ​ការកើនឡើង​នៃ​ឱកាស​ការងារ និង​ការរក​ប្រាក់ចំណូល ។ ពួកគាត់​ក៏​នឹង​ទទួលបាន ការបង្ហាត់​បង្រៀន និង​ការគាំទ្រ ដើម្បី​ធានាឲ្យបាន​នូវ​ការផ្តល់​សេវាកម្ម​ទេសចរណ៍​យ៉ាង មាន​គុណភាព ។ គម្រោង​នេះ​នឹង​ជា​យន្តការ​ដ៏​សំខាន់​សម្រាប់​ការអភិរក្ស និង​ការការពា​រធន ធាន​ធម្មជាតិ និង​វប្បធម៌​របស់​ប្រជាជន ដែល​បាន​ទទួល​ការ​គម្រាមកំហែង​ពី​ការកាប់បំផ្លាញ ធនធានធម្មជាតិ ។​

​គោលបំណង​នៃ​ផែនការ​នេះ​គឺ​ផ្តល់​នូវ​ប្រយោជន៍​រយៈពេល​វែង​ដល់​ប្រ ជា​ជន និង​សេដ្ឋកិច្ច​មូលដ្ឋាន​តាមរយៈ​ការលើក ស្ទួយ​នូវ​សារសំខាន់ និង​តម្លៃ​នៃ​វប្បធម៌ សេដ្ឋ កិច្ច និង​បរិស្ថាន​របស់​តំបន់​ទេសភាព​នៃ​ខេត្តមណ្ឌលគិរី​នេះ និង​ជីវចម្រុះ​របស់​វា​។​
​លោក ស៊ីម វ៉ាន់​ថា លេខា​ទូទៅ​នៃ​ផ្ទះ​ស្នាក់ ដេ​អេ និង​ប្រធាន​ក្រុម​ល្បាត បាន​មាន ប្រសាសន៍ថា សេវាកម្ម​ទេសចរណ៍ ធម្មជាតិ​នៅក្នុង សហគមន៍​របស់​គាត់​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០០៧ និង​ចាប់​តាំងពី​ពេលនោះ​មក​ជីវភាព​របស់​ប្រជាជន​នៅ​ទីនោះ​ក៏​មាន​ភាពប្រសើរ ឡើង​ស្រប​ពេល​ទៅ​នឹង​ការកើនឡើង​នៃ​ឱកាស​ការងារ និង​ការរក​ប្រាក់​ចំណូល​ពី​ផ្ទះ​ស្នាក់ ការនាំ​ភ្ញៀវ និង​ការលក់​ផលិតផល​ទឹកឃ្មុំ និង​វត្ថុ​បុរាណ ។ តាមរយៈ​ទេសចរណ៍ធម្មជាតិ​ប្រ ជា​ជន​នៅក្នុង​សហគមន៍​របស់​ខ្ញុំ​មាន​ការងារ​ធ្វើ និង​អាច​រក​ប្រាក់ចំណូល បាន​ច្រើន​ជាង​មុន ។ សកម្មភាព​កាប់​ឈើ​ខុសច្បាប់ ក៏​ត្រូវបាន​កាត់បន្ថយ ហើយ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មាន​តំបន់​ទស្សនា ច្រើន​ជាង​មុន ។ ទន្ទឹម​និង​ការ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ផែនការ​យុទ្ធសាស្ត្រ​ទេស ចរណ៍​នេះ ខ្ញុំ​រំពឹងថា ភ្ញៀវទេសចរ​នឹង​មាន​ការយល់ ដឹង​ច្រើន​អំពី​ធម្មជាតិ និង​សេវាកម្ម​ដែល​វា បាន​ផ្តល់ឲ្យ ។ ខ្ញុំ​ក៏​ចង់​សំណូមពរ​ឲ្យមាន ការ​បន្ត​ការគាំទ្រ​ដល់​ប្រជាជន ក្នុង​ការរៀន ភាសា​បរ ទេស​ដើម្បី​ស្រួល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ​អន្តរជាតិ ។ កម្ម​វិធី​ដាក់ឲ្យ​ប្រើប្រាស់​ផែនការ យុទ្ធសាស្ត្រ​នេះ បាន​ប្រារព្ធ ឡើង​ស្រប​ពេល​ជាមួយ និង​ការសម្ពោធ​ហាង​កាហេ្វ​ហា​ហ្វីឡុ​ម ដែល​គាំទ្រ​ដោយ​អង្គការ WWF, ELIE, WCS, និង​NOMAD ។​

​ហាង​កាហេ្វ​នេះ​ត្រូវបាន​បង្កើត ឡើង​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​នៃ​ខេត្ត​មណ្ឌលគិរី សម្រាប់​ភ្ញៀវទេសចរ​ទទួលបាន​នូវ​ព័ត៌ មាន​ស្តីពី​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុង​ខេត្ត​នេះ​ផ្ទាល់​។ ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​កម្មវិធី​នេះ អង្គការ WWF កម្ពុជា​បាន​សហការ ជាមួយ​ក្រុមហ៊ុន​ឯកជន Flying Bikes 2 ដើម្បី​រៀបចំ ការប្រណាំង​កង់​ជំនាញ​តំបន់ភ្នំ និង​ការ​ជិះ​កង់​កំសាន្ត ក្រោម​ប្រធានបទ ការ​ជិះ​កង់ ដើម្បី​ប្រ ជា​ជន វប្បធម៌ និង​ធម្មជាតិ​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​ស្តី​អំពី​សារ សំខាន់​នៃ​ផលិត ផល​ទេសចរណ៍ ធម្មជាតិ​ដែល​មាន​ស្រាប់ និង​ត្រូវការ​ការអភិរក្ស​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ក្នុង នោះ​មាន​ការចូលរួម​ពី​អ្នក​ជិះ​កង់​ប្រមាណ ១២០ នាក់​មក​ពី​គ្រប់ទិសទី​ក្នុងប្រទេស​កម្ពុជា​៕
T-0530
​ប្រភព​៖ AKP​

មតិយោបល់