ឡាវៈ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ រួចមក មេដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង១០ ប្រទេស អញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ានស្តីពីអាស៊ានមួយ ការឆ្លើយតបមួយ ការឆ្លើយតបរបស់អាស៊ានមួយ ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។ ជាមួយនិងពិធីចុះហត្ថលេខានោះ ទទួលបាននូវអំណរសាទរពីសំណាក់មេដឹកនាំអាស៊ានទាំងអស់ ដែលបានខិតខំរួមគ្នាក្នុងរយៈពេលកន្លងមក ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់អាស៊ាន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងសង្រោ្គះឲ្យបានយ៉ាងឆាប់រហ័ស ទៅនិងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់ ដែលមេដឹកនាំនៃប្រទេសអាស៊ាន និងបណ្តាមេដឹកនាំនានាលើ ពិភពលោកកំពុងយកចិត្តទុកដាក់ដូចគ្នា។
បន្ទាប់ពីបានបញ្ចប់ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការឆ្លើយតបមួយ ការឆ្លើយតបរបស់អាស៊ានមួយ ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់ រួចមក មេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានអញ្ជើញជួបសន្ទនាដាច់ដោយឡែកៗពីគ្នាជាមួយ ប្រតិភូតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន និងតំណាងក្រុមប្រឹក្សាភិបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ បណ្តាមេដឹកនាំអាស៊ាន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន ដែលបានផ្តល់នូវកិច្វសហការដ៏ទូលំទូលាយដល់ផ្នែករដ្ឋាភិបាល ក្នុងការ ឈានទៅសម្រេចបាននូវគោលដៅជាអាទិភាពជាច្រើន ក្នុងរយៈពេលកន្លងមក ពិសេសការឈានទៅបង្កើតសហគមន៍អាស៊ាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។ ជាមួយគ្នានេះបណ្តាមេដឹកនាំអាស៊ានទាំងអស់ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរបកគំហើញនិងអនុសាសន៍គោលនយោបាយនានា ដែលអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន បានផ្តល់ជូនមេដឹកនាំអាស៊ាន ក្នុងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់អាស៊ាន ពិសេសការជម្រុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អាស៊ាន ក្នុងនោះរួម ទាំងអនុសាសន៍ទាំង១០ចំណុចដែលទើបត្រូវបានលើកឡើងដោយ ក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក្នុងវិស័យកសិកម្ម ម្ហូបអាហារ ពាណិជ្ជកម្មអេឡិចត្រូនិច ឡូជីស្ទីក សហគ្រាសមីក្រូធុនតូចនិងមធ្យម។
ជាមួយគ្នានេះមេដឹកនាំអាស៊ានក៏បានគូសបញ្ជាក់ដែរថា តំបន់អាស៊ានមានទស្សនៈអនាគតល្អសម្រាប់ការបន្តទាក់ទាញការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដោយមានការយកចិត្ត ទុកដាក់ទៅលើការធ្វើឲ្យប្រសើរឡើង និងភាពប្រទាក់ក្រឡាគ្នាសម្រាប់ស្រទាប់យុវជន បណ្តាមេដឹកនាំអាស៊ានបាន ជម្រុញឲ្យយុវជននៃបណ្តាប្រទេសអាស៊ានទាំងអស់ មិនគ្រាន់តែការបង្កើនឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដូចគ្នានោះទេ ផ្ទុយទៅវិញគឺយើងខិតខំយ៉ាងណាជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាមួយយុវជន នៃប្រទេសជាដៃគូសន្ទនារបស់អាស៊ាននិងបណ្តាប្រទេសក្រៅតំបន់ ដើម្បី ឲ្យយុវជនរបស់យើងកាន់តែទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងការប្រាស្រ័យទាក់ទងគ្នាក្នុងភាពជិតស្និទ្ធ និង មានភាពស្វាហាប់ក្នុងជីវិត។
ដោយឡែកទាក់ទិនទៅនិងការជួបប្រាស្រ័យយ៉ាងស្និតស្នាលរ៉ាក់ទាក់ជាមួយនិង ក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន បណ្តាមេដឹកនាំអាស៊ានបានធ្វើការពិភាក្សាគ្នាដោយផ្តោតការយកចិត្ត ទុកដាក់ទៅលើកិច្ចការជាអាទិភាពមួយចំនួន រួមមានទី១ ការលុបបំបាត់ឲ្យអស់នូវរបាំងនានា ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ដំណើរការពាណិជ្ជកម្ម និងវិនិយោគ ទី២ការបន្តផ្តោតលើការសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគនៅក្នុងតំបន់ ពិសេសតាមរយៈការអនុវត្តឲ្យបានពេញលេញនូវបញ្ជរតែមួយរបស់អាស៊ាន និងបញ្ជារតែ មួយរបស់ប្រទេសជាសមាជិកអាស៊ាន ទី៣ការលើកម្ពស់សេរីភាវូបនីយកម្មលើវិស័យសេវា ដូចជាវិស័យធានារ៉ាប់រង តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ និងទីការលើកកម្ពស់ការតភ្ជាប់ និងប្រព័ន្ធឡូជី ស្ទីក ដើម្បីពង្រឹងភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មក្នុងតំបន់ ដោយទាក់ទាញដៃគូពាក់ព័ន្ធទាំងអស់ចូលរួម ពោលគឺរបកគំហើញ និងអនុសាសន៍ទាំងអស់នេះ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដើ ម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។
នៅក្នុងកិច្ចសន្ទនាជាមួយនិងប្រតិភូអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន បណ្តាមេដឹកនាំអាស៊ានទាំងអស់ ក៏ បានស្នើឲ្យមានការចូលរួមចំណែកយ៉ាងសកម្មខ្លាំងក្លាថែមទៀត ក្នុងការផ្តល់ជាយោបលនិងគំនិតល្អ ដើម្បីឈានទៅ សម្រេចលើចក្ខុវិស័យនានារបស់អាស៊ាន ដែលជាបំណងប្រាថ្នារបស់ប្រជាជនអាស៊ានទាំងជាង៦២០លាននាក់ រស់ នៅប្រកបដោយសុចសន្តិភាព ស្ថេរភាព វិបុលភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់គ្រុមគ្រូសារទាំងអស់ ពិសេសការរស់ នៅដោយភាពសុខដុមរមនា។ សម្តេចតេជោនាយករដ្ឋមន្រ្តី – ជួបសន្ទនាជាមួយឯកឧត្តម បាន គីមូន និងពិធីពិសារអាហារពេលល្ងាចនៃមេដឹកនាំអាស៊ាន។
លោក បាន គីមមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការធ្វើទំនាក់ទំនងរវាង អង្គការសហប្រជាជាតិ និងព្រះរាជាណាចក្រកម្ពុជា បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងជំនួបដែលធ្វើឡើងកាលពីព្រលប់ថ្ងៃទី៦កញ្ញានៅទីក្រុងវៀងច័ន្ទ ជាទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រ ជុំកំពូលអាស៊ានលើកទី២៨-២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់អាស៊ាន លោក បាន គីមមូន មានប្រសាសន៍ដោយសេចក្តីសោមនស្សរីករាយ ដោយបានជួបសាជាថ្មីម្តងទៀត ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី បន្ទាប់ ពីមេដឹកនាំទាំងពីរបានជួបពិភាក្សាជាច្រើនលើកច្រើនសាររួចមកនោះ។ ក្នុងជំនួបពិភាក្សាគ្នានេះមេដឹកនាំទាំងពីរ បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅនិងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងនោះឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាបន្តការគាំទ្រដល់ការចំណាយ លើប្រតិបត្តិការ របស់សាលាក្តីនោះជាបន្តទៅទៀត ជាមួយគ្នាគ្នានេះឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះ កងទ័ពមួកខៀវ កម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌ និងសកម្មភាពបោសសម្អាតគ្រាប់មីននិងយុទ្ធមិនទាន់ផ្ទុះ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ ក្នុងជំនួបពិភាក្សាគ្នានេះដែរ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន ស្នើដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ពីការគាំទ្រដល់អង្គការសហប្រជាជាតិ លើអនុសញ្ញានៃការបម្រែបម្រួលអាកាសធាតុ ដើម្បីឲ្យអនុសញ្ញានោះចូលជាធរមាន។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានគាំទ្រទៅនិងការស្នើឲ្យកម្ពុជាធ្វើការគាំទ្រដល់អនុសញ្ញានៃការបម្រែបម្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ ដោយបានគូសបញ្ជាក់ថា នៅពេល ដែលរដ្ឋសភាកម្ពុជាចូលរួមបើកសម័យកាលនៃកិច្ចប្រជុំជាថ្មី បន្ទាប់ពីការឈប់សម្រាក់នោះរាជរដ្ឋាភិបាលកម្ពុជា និង ដាក់សំណើរនោះទៅសម័យពេញអង្គសភាធ្វើការពិភាក្សាអនុម័ត ដើម្បីកម្ពុជាផ្តល់សច្ចាប័នលើអនុសញ្ញាប័ននោះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចនិងចាត់ឲ្យឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ទៅធ្វើសេចក្តីថ្លែងការណ៍តំណាងសម្តេច ក្នុងសម័យប្រជុំរបស់អង្គការសហប្រជាជាតិ នាបំណាច់ខែកញ្ញានេះ ក្នុងការប្រកាសគាំទ្រដល់អនុសញ្ញាដ៏មានសារៈសំខាន់នោះ ឲ្យបានហើយរួចរាល់នៅមុនបំណាច់ឆ្នាំ២០១៦នេះ។ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានខិតខំសហការយ៉ាងពេញទំហឹង ក្នុងការធ្វើឲ្យសម្រេចបាននូវអនុសញ្ញាស្តីពីបម្រែបម្រួលអាកាសធាតុ ដែលជាបំណងប្រាថ្នារួមរបស់ពិភពលោកទាំងមូល។
បន្ទាប់មកនៅរាត្រីថ្ងៃទី៦កញ្ញា ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជំកំពូលអាស៊ានលើកទី២៨-២៩ និងលោកជំទាវ បានប្រារព្វរៀបចំពិធី លាងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយនិងជូនព្រះករុណាស៊ុលតង សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស រួមទាំងអគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំកំពូលអាស៊ានលើកទី២៨-២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ពិធីដ៏មាន អត្ថន័យនោះក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ នៃបណ្តាប្រទេសជាសមាជិកអាស៊ានជាច្រើនរូប។
ថ្លែងសុន្ទរកថាក្នុងពិធីលាងសាយភោជន៍នោះ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជំកំពូលអាស៊ានលើកទី២៨-២៩ មានប្រសាសន៍ក្នុង នាមរដ្ឋាភិបាលនិងប្រជាជនឡាវ ឯកឧត្តមពិតជាមានកិត្តិយសខ្លាំងណាស់ ក្នុងការជួបប្រាស្រ័យទាក់ទងដោយជិតស្និតបំផុត ជាមួយបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដើម្បីធ្វើការពិភាក្សាទៅលើបញ្ហាជាច្រើន សម្រាប់បម្រើឲ្យផលប្រ យោជន៍របស់តំបន់នៃយើងទាំងមូល។ ឯកឧត្តមមានប្រសាសន៍ដែរថា នៅក្នុងរយៈពេល៤ថ្ងៃនៃកិច្ចប្រជុំកំពូលរបស់យើង យើងនឹងបន្តធ្វើការពិភាក្សាកាន់តែមានជិតស្និតជាមួយដៃគូតំបន់ និងក្រៅតំបន់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិ ការ និងការជួយគ្នាទៅវិញទៅមក។
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ ចង្អៀត កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ ដើម្បីរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិនលើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី១៩។
នៅព្រឹកថ្ងៃទី៧កញ្ញាដែលជាថ្ងៃទី២ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នានា របស់អាស៊ាន មេដឹកនាំនៃប្រទេសអាស៊ានទាំង១០ប្រទេស បានយាងនិងអញ្ជើញចូលរួមកិច្ចបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ ចង្អៀត ក្នុងបរិយាកាសស្និតស្នាលរ៉ាក់ទាក់បំផុត។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន បានបញ្ជាក់ សាជាថ្មីពីការតាំងចិត្តរបស់ខ្លួន ក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោកផ្សេងទៀត ដូចមានចែងក្នុងសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្នេអ៊ែរ និងធម្មនុញ្ញអាស៊ាន។ ទន្ទឹមនឹងនេះមេដឹកនាំអាស៊ាន ក៏បានអះអាងជាថ្មីនូវការតាំងចិត្តរបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង នៃបទឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមឆ្លងដែន ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ក៏បានស្វាគមន៍ចំពោះការចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ប្រទេស ឈីលី អេហ្ស៊ីប អីរ៉ង់ និងម៉ារ៉ុក។ សហគមន៍សេដ្ឋកិច្ចអាស៊ាន មេដឹកនាំអាស៊ាន បានធ្វើការកត់សម្គាល់ថា ផលិតផលក្នុងស្រុកសរុបរួមរបស់អាស៊ានគឺស្មើនឹង ២,៤៣ទ្រីលានដុល្លាអាមេរិក នៅឆ្នាំ២០១៥ ដែលជាការពង្រឹងជំហរអាស៊ានឲ្យទៅជាមជ្ឈមណ្ឌល នៃកំណើនសេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នា នេះមេដឹកនាំអាស៊ាន បានកត់សម្គាល់ដោយរីករាយថា ឆ្នាំ២០១៦ជាឆ្នាំដំបូងនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន រាល់កិច្ច ខិតខំប្រឹងប្រែងត្រូវផ្តោតទៅលើការអនុវត្តឲ្យបានពេញលេញ នូវវិធានការដែលមិនទាន់បានអនុវត្តក្នុងផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ក៏ដូចជាការចាប់ផ្តើមអនុវត្តវិធានការថ្មីនៅក្នុងផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥៕
មតិយោបល់